ព័ត៌មានជាតិ
ខេត្តកោះកុង ផ្ដើមផ្ដល់ថ្នាំវ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹល និងស្អូច ដល់កុមារអាយុ ៩ ខែ ដល់ ៥ ឆ្នាំ
មន្ត្រីសុខាភិបាលខេត្តកោះកុង បានផ្ដើមផ្ដល់ថ្នាំវ៉ាក់សាំងបង្ការការពារជំងឺកញ្ជ្រឹល និងជំងឺស្អូច ដល់កុមារដែលមានអាយុចាប់ពី ៩ ខែ ដល់ ៥ ឆ្នាំ។ បញ្ហាជំងឺ ២ ប្រភេទនេះ ត្រូវបានមន្ត្រីសុខាភិបាលអះអាងថា អត្រាកុមារកើតជំងឺស្អូច និងកញ្ជ្រឹល តែងកើតមានរៀងរាល់ឆ្នាំ។

បន្ទាប់ពីដំណាក់កាលទី ១ ដែលមានរាជធានី-ខេត្ត ចំនួន ១៣ បានអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងកញ្ជ្រឹល និងស្អូច រួចរាល់ហើយ ឥឡូវដល់ដំណាក់កាលទី ២ មានខេត្តចំនួន ១២ បន្តផ្ដល់សេវានេះបន្តទៀត ក្នុងនោះ ក៏មានខេត្តកោះកុងផងដែរ។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ ថា ក្រោមការដឹកនាំរបស់ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាននិងកំពុងប្រឹងប្រែងសហការជាមួយអង្គការដៃគូជាច្រើន ដោយសំដៅធ្វើយ៉ាងណាផ្ដល់វ៉ាក់សាំងជំងឺកញ្ជ្រឹល និងស្អូច ឱ្យមានការគ្របដណ្ដប់ ដើម្បីការពារកុមារទាំងអស់ទូទាំងប្រទេស ជៀសផុតពីជំងឺទាំង ២ ខាងលើនេះ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បន្តថា យុទ្ធនាការចាក់វ៉ាក់សាំងជំងឺកញ្ជ្រឹល និងស្អូច ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកាន់តែច្រើន មិនថាតែនៅទីប្រជុំជន ឬទីជនបទដាច់ស្រយាលនោះទេ ដូច្នេះហើយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការផ្តល់វ៉ាក់សាំងបង្ការនេះឱ្យបានដល់គ្រប់កុមារទាំងអស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាខេត្តកោះកុងតែម្ដង។
លោកប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង សូមអំពាវនាវដល់ម្តាយឪពុក និងអាណាព្យាបាលកុមារទាំងអស់ក្នុងភូមិសាស្ត្រខេត្តកោះកុង នាំកូនចៅ មកចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗ គ្នា ទៅតាមទីតាំងសេវាក្នុងភូមិឃុំសង្កាត់នីមួយៗ តាមរយៈការផ្តល់ព័ត៌មានពីអ្នកស្ម័គ្រចិត្ត។

សម្រាប់ លោកស្រី ឈី វ៉ា អភិបាលរងខេត្តកោះកុង ក៏បានថ្លែងអំណរអរគុណដល់ក្រសួងសុខាភិបាល និងអង្គការដៃគូផ្នែកសុខាភិបាល ដែលបានផ្តល់ថ្នាំបង្ការជំងឺ ២ ប្រភេទនេះ ដល់កុមារនៅខេត្តកោះកុង ដើម្បីធានាបានការមិនកើតជំងឺថ្លង់ រលាកស្ងួត ការអន់ថយស្មារតី និងងងឹតភ្នែកជាដើម។
យោងតាមការប៉ាន់ប្រមាណអត្រាគ្របដណ្ដប់ថ្នាំបង្ការជំងឺកញ្ជ្រឹល ស្អូច នៅថ្នាក់ជាតិរបស់អង្គការសុខភាពពិភពលោក និងអង្គការមូលនិធិសម្រាប់កុមារ នៃអង្គការសហប្រជាជាតិ (WUENIC) បង្ហាញថា នៅប្រទេសកម្ពុជាអត្រាគ្របដណ្ដប់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ស្អូច ដូសទី ១ (MR1) មាន ៧៩% និងអត្រាគ្របដណ្ដប់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ស្អូច ដូសទី ២ មានតែ ៦៤% ប៉ុណ្ណោះ នៅឆ្នាំ ២០២៣។

ទិន្នន័យនេះបង្ហាញថា អត្រាគ្របដណ្ដប់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល ស្អូច ស្ថិតនៅកម្រិតក្រោមតម្រូវការសម្រាប់ការបង្ការការផ្ទុះរាលដាលជំងឺកញ្ជ្រឹល ស្អូច និងការជៀសវាងការស្លាប់ដោយសារជំងឺកញ្ជ្រឹល ស្អូច នៅឡើយ។
គួរជម្រាបថា នេះជាដំណាក់កាលទី ២ ហើយ ដែលមានខេត្តចំនួន ១២ កំពុងធ្វើយុទ្ធនាការផ្តល់ថ្នាំវ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹល និងស្អូច ក្នុងនោះមានខេត្តកោះកុង កំពង់ឆ្នាំង កំពត មណ្ឌលគិរី ព្រះវិហារ ព្រៃវែង រតនគិរី ព្រះសីហនុ ស្ទឹងត្រែង ស្វាយរៀង តាកែវ និងខេត្តកែប៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ៤ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


