ព័ត៌មានជាតិ
រដ្ឋមន្ត្រីការពារជាតិ ព្រមានមិនឱ្យកងទ័ពពាក់ព័ន្ធ ឬនៅពីក្រោយការកាប់ទន្ទ្រានដីធ្លីជុំវិញបឹងទន្លេសាប
អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានព្រមាន មិនឱ្យកងទ័ពទៅពាក់ព័ន្ធ ឬនៅពីក្រោយ សកម្មភាពនៃការកាប់ទន្ទ្រានដីធ្លីនៅជុំវិញបឹងទន្លេសាបឡើយ។ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ សីហា ព្រមានដូច្នេះ នៅក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ របស់ក្រសួងការពារជាតិ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥នេះ ។

លោក ឈុំ សុជាត ក៏បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានណែនាំឱ្យបណ្តាកងអង្គភាពក្រោមចំណុះ យកចិត្តទុកដាក់ពង្រឹងស្មារតី និងសតិអារម្មណ៍កងទ័ព ហើយត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់បដិវត្តន៍ពណ៌កុំឱ្យកើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី បានជំរុញឱ្យយកចិត្តទុកដាក់បន្ថែមចំពោះអតីតយុទ្ធជន យុទ្ធជនមានពិការភាព និងគ្រួសារកងទ័ព។ បន្ថែមពីនេះ នាយឧត្តមសេនីយ៍បានណែនាំ ឲ្យកងទ័ពយកចិត្តទុកដាក់ ក្នុងការថែទាំគ្រឿងសព្វាវុធ និងយុទ្ធោបករណ៍ឱ្យបានល្អ ដើម្បីទុកសម្រាប់ប្រើប្រាស់ក្នុងពេលហ្វឹកហ្វឺន នាពេលខាងមុខ។

នាយឧត្តមសេនីយ៍ បានជំរុញឱ្យកងទ័ពបន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ដើម្បីកែប្រែព្រំដែនកម្ពុជា និងប្រទេសជិតខាងជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានជំរុញឱ្យកងទ័ពចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងឆ្លើយតបឱ្យទាន់ពេលវេលាចំពោះព័ត៌មានក្លែងក្លាយដែលពាក់ព័ន្ធនឹងកងទ័ព។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត ក៏បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ពុះពារអនុវត្តភារកិច្ចរបស់ខ្លួនតាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងភារកិច្ចជាក់ស្តែងចំពោះមុខដោយសម្រេចបាននូវសមិទ្ធផលការងារយ៉ាងល្អប្រសើរជាបន្តបន្ទាប់ ក្នុងនោះ មានការងារល្បាត, ការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើស និងភាពអនាធិបតេយ្យផ្សេងៗ, ការធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ, ការចូលរួមការពារសន្តិសុខសុវត្ថិភាពថ្វាយ ព្រះមហាក្សត្រ ជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ, ការចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព, ការងារហ្វឹកហ្វឺននិងបំប៉នជំនាញផ្សេងៗ ជាពិសេសបានរៀបចំលំហាត់ហ្វឹកហ្វឺន «នាគមាសឆ្នាំ២០២៤» និងលំហាត់ហ្វឹកហ្វឺនរួមគ្នា «LAND EXTHACAM-2024» ដោយជោគជ័យ និងរលូន។

តាមអ្នកនាំពាក្យ អង្គប្រជុំបានកត់សម្គាល់អំពីភាពជោគជ័យរបស់ កងយោធពលខេមរភូមិន្ទ ក្នុងការចូលរួមបង្ការ បង្ក្រាប និងបន្សាបការញុះញង់របស់ក្រុមអគតិជ្រុលនិយមនៅក្រៅប្រទេស ដែលប៉ុនប៉ងបង្កចលាចលផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ អូសទាញប្រទេសឱ្យធ្លាក់ក្នុងភាពវឹកវរហិង្សា បង្ហូរឈាម និងឈានទៅរកសង្គ្រាមស៊ីវិលសាជាថ្មី តាមរយៈការបង្កើតព្រឹត្តិការណ៍ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។

ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានខាងលើ ក្រសួងការពារជាតិ ក៏បានដាក់ចេញនូវទិសដៅអនុវត្តសម្រាប់ឆ្នាំ២០២៥ ដោយបន្តចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧, ការបន្តកសាងពង្រឹងកិច្ចការពារជាតិគ្រប់វិស័យ និងភារកិច្ចចំពោះមុខផ្សេងៗទៀត៕

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


