ព័ត៌មានជាតិ
សល់តែជាង ៥ ខែទៀតផ្លូវប្រវែង ១៣៥ គីឡូម៉ែត្រ រំលេចសួនច្បារកណ្តាល រួចរាល់ទាំងស្រុង
ផ្លូវជាតិលេខ ៣ ពីរង្វង់មូលចោមចៅ ទៅខេត្តកំពតនឹងបញ្ចប់ការសាងសង់នៅអំឡុងខែកញ្ញា ឆ្នាំ២០២១។ ផ្លូវជាតិដែលស្ថាបនាដោយក្រុមហ៊ុនចិននេះ នៅតែបន្តសម្រុកធ្វើ ទោះបីក្នុងពេលវេលាកូវីតរាតត្បាត។
ប្រភពពីក្រសួងសាធារណការនិងដឹកជញ្ជូន ផ្លូវជាតិលេខ ៣ នឹងបញ្ចប់អំឡុងខែកញ្ញាឆ្នាំ២០២១ រួចរាល់មុនផែនការមួយឆ្នាំ។ ក្រុមការងារកំពុងបញ្ចប់ការសាងសង់សួនច្បារខណ្ឌទ្រូងផ្លូវ ដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងរំលេចសោភណ្ឌភាពដងផ្លូវបន្ថែមទៀត។

គួរបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅ រាជធានីភ្នំពេញ ដល់ក្រុងកំពត មានប្រវែងសរុបជិត ១៣៥គីឡូម៉ែត្រ ដោយឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងកំពត ដែលចំណាយថវិកាសាងសង់ជាង ២០០លានដុល្លារអាមេរិក។
ការស្ថាបនាផ្លូវនេះចែកចេញជាពីរកំណាត់ ដោយកំណាត់ទី១ ចាប់ពីរង្វង់មូលចោមចៅ ដល់បែកគូស ខេត្តតាកែវ មានប្រវែងជិត ៧០គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤.៥ម៉ែត្រ ជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ ទទឹង ២១ម៉ែត្រ លើទទឹងតួផ្លូវសរុប ២៤.៥ម៉ែត្រ។ ដោយឡែកកំណាត់ទី២ ចាប់ពីបែកគូស ខេត្តតាកែវ ដល់ក្រុងកំពត ប្រវែងជិត ៦៥គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ជា ២គន្លង (១គន្លងទៅ ១គន្លងមក) ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៧សង់ទីម៉ែត្រ ទទឹង ១១ម៉ែត្រ។
កំណាត់ផ្លូវជាតិលេខ៣នេះ គឺជាខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏តភ្ជាប់រាជធានីភ្នំពេញ ទៅកាន់ខេត្តកំពត និងតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិខេត្តព្រះសីហនុ តាមរយៈផ្លូវជាតិលេខ៤ និងខេត្តកោះកុង ច្រកព្រំដែនកម្ពុជា-ថៃ តាមរយៈផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៤៨។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បង្ហាញក្តីរំពឹងថា កំណាត់ផ្លូវជាតិលេខ៣ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរ និងដឹកជញ្ជូនផលិតផល ដំណាំកសិផល និងកសិ-ឧស្សហកម្ម របស់ក្រុមហ៊ុនវិនិយោគ និងប្រជាពលរដ្ឋមកពីគ្រប់តំបន់នៅទូទាំងប្រទេសទៅកាន់ទីផ្សារក្នុងស្រុក និងជាពិសេសទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈកំពង់ផែសមុទ្រទឹកជ្រៅ។ លើសពីនេះទៀតផ្លូវជាតិលេខ៣ ក៏ជាចំណែកនៃច្រករបៀងប៉ែកខាងត្បូងតាមមាត់សមុទ្រ នៃមហាអនុតំបន់មេគង្គ តភ្ជាប់បណ្តាញផ្លូវអាស៊ានហាយវ៉េ ពីប្រទេសថៃ មកប្រទេសកម្ពុជា និងបន្តទៅប្រទេសវៀតណាមផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?