ព័ត៌មានជាតិ
ន.ស.ស ចាប់ដៃជាមួយ អ.ដ.ក ដើម្បីដោះស្រាយវិវាទជូនអ្នកប្រើប្រាស់បណ្ណ ប.ស.ស ឱ្យកាន់តែមានប្រសិទ្ធភាព
និយ័តករសន្តិសុខសង្គម នៅរសៀលថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការដោះស្រាយវិវាទជូន សមាជិក ប.ស.ស.។

លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គម មានប្រសាសន៍ថា អនុស្សរណៈនៃការយោគយល់គ្នារវាង ន.ស.ស. និង អ.ដ.ក. នាថ្ងៃនេះ ជាការបើកទំព័រថ្មីបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងស្ថាប័នទាំងពីរ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការដោះស្រាយវិវាទ ជូនដល់ពលរដ្ឋទាំងឡាយដែលជាសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។

លោកបន្តថា អនុស្សរណៈនៃការយោគយល់គ្នានេះក៏នឹងជំរុញឱ្យមានប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងសះជារបស់ ន.ស.ស. តាមរយៈលទ្ធភាពនៃការស្នើសុំមក អ.ដ.ក. ដើម្បីរៀបចំកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ក្នុងក្របខណ្ឌ អ.ដ.ក. ដែលជាចំណុចពិសេស ក្រោមការចង្អុលបង្ហាញដ៏ឈ្លាសវៃបំផុតរបស់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។


លោក ចន ណារិទ្ធ ក៏បានអបអរសាទរ និយ័តករមូលបត្រកម្ពុជាផងដែរចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ អ.ដ.ក. ដែលតាមរយៈកិច្ចសហការនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយវិវាទក្នុងវិស័យមូលបត្រកាន់តែមានប្រសិទ្ធភាពមួយកម្រិតថែមទៀត។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មានប្រសាសន៍ថា អនុស្សរណៈនៃការយោគយល់គ្នាដែលបានរៀបចំឡើងនៅថ្ងៃនេះ ជាការបើកច្រកឱ្យនិយ័តករសន្តិសុខសង្គម និង និយ័តករមូលបត្រកម្ពុជា អាចយកវិវាទដែលខ្លួនបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ ក្នុងក្របខណ្ឌនៃដែនសមត្ថកិច្ចរបស់និយ័ករនីមួយៗ ដាក់ជូនមក អ.ដ.ក. ដើម្បីរៀបចំចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលមានអានុភាពដូចការសម្រុះសម្រួលផ្សះផ្សាវិវាទដែលធ្វើឡើងដោយមន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក ផងដែរ ដោយគោរពតាមបែបបទ និងនីតិវិធីដែលបានព្រមព្រៀងជាមួយ អ.ដ.ក.។ បន្ថែមពីនេះ កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ ហើយនឹងមិនលាប់ឡើងវិញឡើយ។

សូមជម្រាបជូនថា អនុលោមតាមមាត្រា១១ នៃច្បាប់ស្តីពីរបបសន្តិសុខសង្គម និយ័តករសន្តិសុខសង្គម មានតួនាទី និងភារកិច្ចក្នុង “ការបង្កើតយន្តការការពារសមាជិក និងផ្សះផ្សាវិវាទនៅពេលមានទំនាស់” និងមាត្រា៩១ នៃច្បាប់ស្ដីពីរបបសន្ដិសុខសង្គមដដែរ និងមាត្រា២៣ នៃអនុក្រឹត្យ ស្ដីពីនិយ័តកម្មប្រព័ន្ធសន្ដិសុខសង្គម ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ បានកំណត់ថា “វិវាទ ឬបណ្ដឹងពាក់ព័ន្ធនឹងការអនុវត្តបទប្បញ្ញត្តិនានានៃរបបសន្ដិសុខសង្គមរវាងសមាជិក ប.ស.ស. និយោជក និង ប.ស.ស. ត្រូវដោះស្រាយដោយគណៈកម្មការដោះស្រាយវិវាទនៃ ប.ស.ស.។

ក្នុងករណីមិនមានការសះជា, វិវាទ ឬបណ្ដឹងនោះអាចត្រូវបានប្ដឹងទៅនិយ័តករសន្ដិសុខសង្គម មុននឹងប្ដឹងទៅសាលាដំបូងនៃរាជធានី ខេត្ត”។ លើសពីនេះ, ប្រកាសលេខ០៥៤ អ.ស.ហ.ប្រក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ស្ដីពីនិយ័តកម្មរបបសន្ដិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល និងរបបសន្ដិសុខសង្គមសម្រាប់អតីតយុទ្ធជន បានចែងថា “វិវាទ ឬបណ្ដឹងនៃរបបសន្ដិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល និងរបបសន្ដិសុខសង្គមសម្រាប់អតីតយុទ្ធជន ត្រូវដោះស្រាយនៅកម្រិតមូលនិធិជាតិជំនួយសង្គម(ម.ជ.ជ.)។ ក្នុងករណីមិនសះជា, វិវាទ ឬបណ្ដឹងនោះអាចត្រូវបានប្ដឹងទៅ ន.ស.ស. មុននឹងប្ដឹងទៅតុលាការមានសមត្ថកិច្ច”៕


-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


