Connect with us

ព័ត៌មានជាតិ

អ.ដ.ក និងខេត្តពោធិ៍សាត់ ចុះ MOU លើកិច្ចសហការដោះស្រាយវិវាទក្រៅ​ប្រព័ន្ធតុលាការ បង្ខិតសេវាសាធារណៈ

បានផុស

នៅ

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តពោធិ៍សាត់ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធ ដែលជាយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងបង្កើនប្រសិទ្ធភាពផ្តល់សេវាសាធារណៈជូនពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីចុះ MOU ត្រូវបានរៀបចំឡើងនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៦ នៅខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក., លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និង លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។ ដោយសារ MoU នេះ ពាក់ព័ន្ធផ្នែកច្បាប់ ដូច្នេះក៏មានការចូលរួមពីមន្រ្តី ក្រសួងអធិការកិច្ច ប្រតិភូរាជរដ្ឋាភិបាល ប្រធានសាលាដំបូងខេត្ត, ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត, សមាជិកក្រុមប្រឹក្សាខេត្ត និង មន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តពោធិ៍សាត់ សរុបប្រមាណ ១០០ នាក់។


ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង អ.ដ.ក. និង រដ្ឋបាលខេត្តពោធិ៍សាត់ នាឱកាសនេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការជាមួយគ្នាលើការពង្រឹងយន្តការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការនិងក៏ដូចជាការរួមចំណែកបន្ថែមទៀតក្នុងការជួយដោះស្រាយវិវាទជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពកាន់តែលឿនឆាប់រហ័ស ត្រឹមត្រូវ អាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

បើតាមលោក ជិន ម៉ាលីន អនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការសម្រុះសម្រួលផ្សះផ្សាវិវាទ គឺផ្តោតសំខាន់ទៅលើការពង្រឹងទំនាក់ទំនង និងភាពជាដៃគូ ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ និងដើម្បីជាការបើកច្រកនៃការសម្រុះសម្រួលដោះស្រាយវិវាទឱ្យកាន់តែទូលំទូលាយថែមទៀតជូនដល់ប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាជំរុញឱ្យយន្តការនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការកាន់តែមានភាពសម្បូរបែប និងមានប្រសិទ្ធិភាព។

គិតត្រឹម ៤ខែ ឆ្នាំ២០២៦នេះ មន្ត្រី អ.ដ.ក. បានចុះដោះស្រាយវិវាទដល់មូលដ្ឋានចំនួន ៥៨០ដង ខណៈក្នុងឆ្នាំ២០២៥ទាំងមូល បានជិត ២ ០០០ដង។ នេះបើតាមការឱ្យដឹងរបស់លោក យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ក្នុងកិច្ចពិភាក្សាស្ដីពីការធ្វើឱ្យប្រសើរឡើងនូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា កាលពីពេលថ្មីៗនេះ។

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើតឱ្យមានយន្តការថ្នាក់ជាតិមួយក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងនិរន្តភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម