ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តី៖ ត្រូវធានាថា អ្នកទទួលបានបណ្ណសមធម៌ ជាពលរដ្ឋក្រីក្រពិតប្រាកដ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្រើនរំឭកដល់ក្រសួងផែនការ និងក្រសួងមហាផ្ទៃ ត្រូវកំណត់អត្តសញ្ញាណពលរដ្ឋក្រីក្រ ប្រកបដោយតម្លាភាព និងគ្មានការរើសអើង ដើម្បីទទួលបានអត្ថប្រយោជន៍សង្គមតាមរយៈបណ្ណសមធម៌ និងបណ្ណងាយរងហានិភ័យ ដែលផ្តល់ដោយរដ្ឋ។
ថ្លែងក្នុងវេទិកា បើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម ឆ្នាំ២០២៤-២០៣៥” នៅថ្ងៃទី ២០ ខែកុម្ភៈនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ប្រព័ន្ធគាំពារសង្គមមិនមែនសំដៅលើរដ្ឋចេញ១០០ភាគរយនោះទេ ប៉ុន្តែគឺជាការបង្កើននូវសំណាញ់សុវត្ថិភាពសង្គម គាំពារសង្គម និងផ្តល់ការថែទាំងសុខភាពប្រជាពលរដ្ឋប្រកបដោយចីរភាព។

ក្នុងន័យនេះ នាយករដ្ឋមន្រ្តី ក្រើនរំឭកដល់ក្រសួងផែនការ និងក្រសួងមហាផ្ទៃ តាមរយៈរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ត្រូវធានាថាការកំណត់អត្តសញ្ញាណពលរដ្ឋក្រីក្រ ត្រូវបានធ្វើឡើងចំគោលដៅ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងពន្លឿន ធ្វើបច្ចុប្បន្នភាព និងការកំណត់អត្តសញ្ញាណ គោលដៅឱ្យបានជាប្រចាំ ដើម្បីចៀសវាងនូវការខ្វះខាត ក្នុងការទទួលបានអត្ថប្រយោជន៍គាំពារសង្គម។
សម្តេចថ្លែងថា៖«ត្រង់ចំណុចនេះ ខ្ញុំសូមសង្កត់ធ្ងន់ថា ក្រុមការងារនីមួយៗ ដែលមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវធានាថា អ្នកដែលទទួលបានបណ្ណសមធម៌ និងបណ្ណងាយរងហានិភ័យ គឺជាពលរដ្ឋដែលជួបការលំបាកពិតប្រាកដ ចៀសវាងការរិះគន់ថា ការផ្តល់បណ្ណទាំងនេះមិនមានភាពយុត្តិធម៌»។
ការណែនាំនេះ ដោយសារមានការរិះគន់ថា កន្លងមកការផ្តល់បណ្ណសមធម៌ ឬបណ្ណងាយរងហានិភ័យ មិនបានធ្វើឡើងប្រកបដោយតម្លាភាព ពោលអ្នកក្រីក្រពិតប្រាកដមិនទទួលបានបណ្ណ ខណៈដែលមានជីវភាពសមរម្យ បែរជាទទួលបានបណ្ណគាំពារសង្គមទៅវិញ។

លើសពីនេះ សម្តេចធិបតី ក្រើនរំឭកដល់តួអង្គអ្នកផ្តល់សេវាសុខាភិបាលផ្នែករដ្ឋ និងឯកជន ត្រូវធានាថាការចាយវាយ និងតម្លៃសេវា មានតម្លាភាព ។ សម្តេចសង្កត់ធ្ងន់ថា៖« ព្រោះថវិកាជាតិសម្រាប់ជួយប្រជាពលរដ្ឋ អញ្ចឹងអនុវត្តដោយតម្លាភាព និងភាពត្រឹមត្រូវគឺចាំបាច់។ កុំឱ្យថាអត់ទៅព្យាបាលផងយកមកទូទាំងលុយដែរ ហើយអនុវត្តឱ្យតឹងរ៉ឹងសម្រាប់អ្នកដែលមិនអនុវត្តគោលការណ៍នេះ ឬមានការកេញបន្លំ»។ «ព្រោះនេះលុយសម្រាប់ត្រៀមជួយប្រជាពលរដ្ឋ លុយបម្រុងសម្រាប់ជួយពលរដ្ឋពេលការលំបាក ហើយបើសិនជាមូលដ្ឋានមួយណា ដៃគូណាមិនអនុវត្ត គឺធ្វើការព្រមាន ឬចាត់វិធានការតឹងរ៉ឹងតែម្តង»។
បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកសេវាគាំពារសង្គមទៅកាន់ពន្ធនាគារ ពោលជួយដល់ស្រ្តី និងកុមារដែលកំពុងរស់នៅជាមួយម្តាយក្នុងពន្ធនាគារ។ សម្តេចបានពន្យល់ថា៖«ម្តាយធ្វើខុសគាត់ទទួលខុសត្រូវចំពោះមុខច្បាប់ តែកូនយើងត្រូវទទួល(ថែទាំ)។ ទោះបីជាម្តាយក៏ដោយ យើងត្រូវគិតគូរពីសុខភាពប្រជាពលរដ្ឋ ព្រោះសុទ្ធតែកូនចៅរបស់យើងដែលត្រូវយកចិត្តទុកដាក់ នេះជាអ្វីដែលការធ្វើជាក់ស្តែងរបស់យើង ក្នុងការជួយនូវសុខភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលជាទ្រព្យសំខាន់របស់ជាតិយើង»។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជូនពលរដ្ឋទាំងអស់ដោយបានប្តេជ្ញាកំណត់យកការលើកស្ទួយ សុខុមាលភាព ជីវភាពរបស់ពលរដ្ឋ ការអភិវឌ្ឍមូលធនមនុស្ស និងការកាត់បន្ថយភាពក្រីក្រ ជាការងារអាទិភាពចំពោះមុខ ក្នុងស្មារតីមិនបោះបង់ពលរដ្ឋណាម្នាក់។សម្តេចថ្លែងថា៖« ដោយខ្ញុំនៅតែបន្តដឹកនាំប្តូរផ្តាច់នាវាគាំពារសង្គមកម្ពុជា ធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ ប្រកបដោយនិរន្តរភាពដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០»៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា