ព័ត៌មានជាតិ
ការអនុវត្តលក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ផ្សេងៗ តាមសហគ្រាសគ្រឹះស្ថាន មានភាពល្អប្រសើរ
ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា ការអនុវត្តលក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ផ្សេងៗ ក៏ដូចជាស្ថានភាព នៃទំនាក់ទំនងវិជ្ជាជីវៈនៅតាមបណ្តារោងចក្រសហគ្រាសគ្រឹះស្ថាននានា មានភាពល្អប្រសើរ។

ការអះអាងរបស់ថ្នាក់ដឹកនាំក្រសួងការងារនេះបានធ្វើឡើងបន្ទាប់ពី លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាត់ឱ្យថ្នាក់ដឹកនាំក្រសួងការងារចុះជួបសំណេះសំណាលត្រួតពិនិត្យ និងតាមដានស្ថានភាព និងព័ត៌មានទូទៅជាមួយតំណាងក្រុមហ៊ុន និងកម្មករ-និយោជិតនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរនានា នៅក្នុងរាជធានីភ្នំពេញ ជាបន្តបន្ទាប់។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការចុះតាមរោងចក្រនៅក្នុងរាជធានីភ្នំពេញរបស់ថ្នាក់ដឹកនាំក្រសួងបានចូលរួមចំណែកលើកកម្ពស់សុខដុមរមនានឹងគ្នារវាងនិយោជក និងកម្មករ-និយោជិតដែលនឹងជួយបង្កើនច្រវាក់ផលិតកម្មកាន់តែប្រសើរ។ ព្រោះថាពេលថ្នាក់ដឹកនាំចុះតាមរោងចក្រសហគ្រាស និងគ្រឹះស្ថានក្នុងការពិនិត្យស្ថានភាពផលិតកម្មរោងចក្រ លក្ខខណ្ឌការងារការបើកប្រាក់ឈ្នួល ការប្រើប្រាស់ ប.ស.ស និងស្តាប់នូវសំណូមពររបស់កម្មករ-និយោជិត ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា។

លោក កត្តា អ៊ន បានបន្តថា ក្រៅពីនេះ ក្រុមការងារអធិការកិច្ចបានចាប់ផ្តើមចុះតាមបណ្តារោងចក្រចំនួន ១០១ រោងចក្រ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ចាប់ពីថ្ងៃទី ១២ ខែកុម្ភៈ រហូតដល់ថ្ងៃទី ៣១ ខែមិនា ឆ្នាំ ២០២៥ ខាងមុខ ដើម្បីសំណេះសំណាល និងប្រមូលព័ត៌មានអំពីការប្រើប្រាស់សេវា ប.ស.ស ក៏ដូចជាការទទួលសេវាពីមន្ទីរពេទ្យជាដៃគូរបស់ ប.ស.ស សំដៅកែលម្អការផ្តល់សេវា ប.ស.ស និងការទទួលសេវា ប.ស.ស ឱ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។

លោក កត្តា អ៊ន បានបន្តទៀតថា ឆ្នាំ ២០២៤ កម្ពុជា មានរោងចក្រសហគ្រាសចំនួន ៤៤ ៧៩៨ មានកម្មករ-និយោជិតចំនួន ១ ៨១៦ ០៤៦ នាក់ ស្រី ១ ០៦៤ ៦៨១ នាក់ ក្នុងនោះ រោងចក្រកាត់ដេរមានចំនួន ១ ៥៦៦ មានកម្មករ-និយោជិតចំនួន ៩២៤ ០៤៥ នាក់ ស្រី ៦៩១ ៤២៣ នាក់។ តួលេខនេះ បើធៀបទៅនឹងឆ្នាំ ២០២៣ ឃើញថា មានការកើនឡើង ខណៈឆ្នាំ ២០២៣ មានរោងចក្រសហគ្រាសចំនួន ៤០ ៩៧៥ រោងចក្រ មានកម្មករចំនួន ១ ៧១៥ ០២៩ នាក់ ស្រី ១ ០៣៩ ៦៩៩ នាក់ ក្នុងនោះ រោងចក្រកាត់ដេរ មាន ១ ៤៩៩ មានកម្មករ-និយោជិតចំនួន ៨៨៦ ៣៥៥ នាក់ ស្រី ៦៧៣ ៧៣៦ នាក់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


