ព័ត៌មានជាតិ
ខេត្តកំពង់ធំ សម្រេចការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានជាង៤២ម៉ឺនក្បាលដី
គិតត្រឹមឆ្នាំ២០២៤ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ធំ បានជំរុញការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដែលសម្រេចវាស់វែងរួចចំនួន ៤២១ ៩៦២ ក្បាលដី និងចេញបណ្ណបានចំនួន ៣១១ ៥១៣ប័ណ្ណ។
លទ្ធផលដែលសម្រេចបាននេះ ជាការរួមចំណែកការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ដែលធ្វើឱ្យទំនាស់ដីធ្លីមានការថយចុះ។ លើសពីនេះ លទ្ធផលនៃការចុះបញ្ជីដីបានពង្រឹងនូវទីផ្សារដីធ្លី ពិសេសការចូលរួមចំណែកបង្កើនចំណូល ថវិការដ្ឋតាមរយៈពន្ធប្រថាប់ត្រា និងការប្រមូលពន្ធប្រចាំឆ្នាំលើអចលនទ្រព្យផងដែរ។ នេះជាការលើកឡើងរបស់លោក នួន ផារ័ត្ន អភិបាលនៃគណអភិបាលខេត្តកំពង់ធំ នៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ។

លោក នួន ផារ័ត្ន បញ្ជាក់ថា គិតមកដល់ឆ្នាំ២០២៤ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត បានជំរុញការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដែលសម្រេចវាស់វែងរួចចំនួន ៤២១ ៩៦២ ក្បាលដី និងចេញបណ្ណបានចំនួន ៣១១ ៥១៣ប័ណ្ណ។ ចំពោះការចែក វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាឱកាសនេះ ចែកជូនប្រជាពលរដ្ឋ ៤ភូមិ រួមមាន ភូមិល្វា ភូមិត្រពាំងអារក្ស ភូមិមហរ៍ និងភូមិព្រៃទប់ ស្ថិតនៅឃុំជ័យ ស្រុកកំពង់ស្វាយ ដែលមានចំនួន ៦ ០៥៧ ប័ណ្ណ ស្មើនឹង ២ ៦៩២គ្រួសារ។

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី សំដែងការអបអរសាទរ និងកោតសរសើរចំពោះអាជ្ញាធរខេត្តកំពង់ធំ និងមន្ទីរពាក់ព័ន្ធ ជាពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត និងក្រុមការងារចុះបញ្ជីដីធ្លីដែលបានសម្រេចលទ្ធផលជាបន្តបន្ទាប់ក្នុងការអនុវត្តនីតិវិធីនៃការចុះបញ្ជីដី មានលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដី អ្នកកាន់កាប់ដី និងស្ថាប័នរដ្ឋ ដែលបានអនុវត្តតាមនីតិវិធីច្បាប់ ដែលជាសមិទ្ធផលមួយបានរួមចំណែកយ៉ាងធំធេងដល់ការអនុវត្ត និងការអភិវឌ្ឍគោលនយោបាយ ដីធ្លីរបស់រាជរដ្ឋាភិបាល។

លោកក៏សំណូមពរដល់អាជ្ញាធរដែនដីត្រូវចូលរួមជំរុញការចុះបញ្ជីដីធ្លីឲ្យបានឆាប់ និងគ្រប់ភូមិ/ឃុំ តាមរយៈការជូនដំណឹងដល់បងប្អូនជាម្ចាស់ដី សហការចុះ កំណត់ព្រំដីផ្លូវ ត្រពាំង ប្រឡាយទឹក ឲ្យបានច្បាស់លាស់ និងជួយសម្របសម្រួលដោះស្រាយវិវាទព្រំ ឬការដណ្តើមសិទ្ធលើក្បាលដី ការសម្រួល ឯកសាររណប មានដូចជាអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ លិខិតអំណោយការបញ្ជាក់ភាពនៅលីវ លែងលះជាដើម ជូនដល់ប្រជាពលរដ្ឋ ព្រោះការចុះបញ្ជីដីធ្លីនាំឲ្យមានការកំណត់ច្បាស់លាស់រវាងដីរដ្ឋ និងដីឯកជន ការកំណត់ព្រំ និងសិទ្ធលើក្បាលដី ការរៀបចំដែនដី បរិយាកាសគ្មានវិវាទ ដើម្បីចូលរួមចំណែកកាត់បន្ថយទំនាស់ និងកាត់បន្ថយភាពក្រីក្រ ព្រោះបើដីមានប្លង់កម្មសិទ្ធិ គឺមានការពារដោយច្បាប់ធានាដោយរដ្ឋ ហើយប្រជាពលរដ្ឋអាចយកប្លង់ទៅប្រើប្រាស់ទាញ យកប្រយោជន៍ដើម្បីលើកស្ទួយជីវភាពគ្រួសាររបស់គាត់ និងបន្តខិតខំធ្វើយ៉ាងណាវាស់វែងឲ្យបានចប់សព្វគ្រប់ទូទាំងខេត្ត តាមផែនការរបស់ក្រសួង ក្នុងបំណាច់ឆ្នាំ២០២៥ ខាងមុខនេះ៕
អត្ថបទ៖ ឈាង មករា






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


