ព័ត៌មានជាតិ
អ្នកនាំពាក្យ ថា ការអនុវត្តលើតៃកុងឡានក្រុងភ្នំពេញ-វៀតណាម ពុំមែនជាការរើសអើង តែដើម្បីកាត់បន្ថយគ្រោះថ្នាក់
អនុវត្តតាមគោលការណ៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្លាំងនគរបាលបានបន្តឃាត់តៃកុងរថយន្តក្រុងដឹកអ្នកដំណើរតាមផ្លូវជាតិលេខ១ ទិសដៅទៅមក ភ្នំពេញ-វៀតណាម ដែលបានបើកបរល្មើសច្បាប់ចរាចរណ៍ជាបន្តបន្ទាប់។ ជុំវិញវិធានការនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ថា មិនមែនជាការរើសអើងលើអ្នកបើកបររថយន្តក្រុងកម្ពុជា-វៀតណាមនោះទេ តែជាវិធានការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ជាក់ស្ដែង កម្លាំងនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានធ្វើប្រតិបត្តិការឃាត់រថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម ដែលបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោក យកមកអប់រំធ្វើកិច្ចសន្យាជាច្រើននាក់។ បើតាមការចេញផ្សាយរបស់ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង គឺមានរថយន្តក្រុងទៅមក កម្ពុជា-វៀតណាម ឬវៀតណាម-កម្ពុជា ជាច្រើនគ្រឿងដែលឆ្លងកាត់ខេត្តព្រៃវែង ត្រូវបានឃាត់អប់រំទាំងអស់តែម្ដង ទាំងល្មើសច្បាប់ចរាចរណ៍ និងខ្លះត្រឹមត្រូវ តែមិនផាកពិន័យឡើយ។

បើទោះបីជាពេលនេះត្រឹមការអនុវត្តវិធានការអប់រំ ហើយធ្វើកិច្ចសន្យាក៏ដោយ តែលោកស្នងការ បានព្រមានតៃកុងឡានដែលនៅតែបន្តល្មើសច្បាប់ បើកបរគ្មានវិជ្ជាជីវៈ ដោយគឃ្លើននឹងការណែនាំរបស់កម្លាំងមានសមត្ថកិច្ច នោះ នឹងត្រូវតែអនុវត្តច្បាប់យ៉ាងតឹងរឹង។
ជុំវិញវិធានការនេះ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការអនុវត្តតឹងរឹងបែបនេះមិនមែនជាការរើសអើងលើអ្នកបើកបររថយន្តក្រុងកម្ពុជា-វៀតណាម ឬ វៀតណាម-កម្ពុជា នោះទេ។ ប៉ុន្តែដោយសារតែគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងម្ដងហើយម្ដងទៀត ដែលនាំឱ្យប៉ះពាល់ទៅដល់សតិអារម្មណ៍របស់មហាជនទូទៅ ទាំងអ្នកប្រើប្រាស់ផ្លូវ និងពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ១ ចាំបាច់ត្រូវអនុវត្តជាគំរូ ដោយនៅដំណាក់កាលបន្ទាប់ គឺនឹងត្រូវអនុវត្តចំពោះអ្នកបើកបរទូទៅផងដែរ។ លោក ថា «ចាប់ពីពេលនេះតទៅ គឺឱ្យតែអ្នកប្រើប្រាស់ផ្លូវគ្រប់មធ្យោបាយទាំងអស់ គឺត្រូវតែគោរពឱ្យបាន ទី១ គឺសីលធម៌ក្នុងការបើកបរ និងទី២ គឺច្បាប់ចរាចរណ៍ផ្លូវគោក»។

អ្នកនាំពាក្យរូបនេះ បានបន្ថែមក្នុងន័យដើមថា«យើងមិនដកដៃទេ គឺយើងមានតែបង្កើននូវយន្តការកាន់តែច្រើន ដើម្បីគ្រប់គ្រងសកម្មភាពល្មើសច្បាប់នៅលើដងផ្លូវជាតិនេះ ហើយមិនមែនមានតែតាមដងផ្លូវជាតិហ្នឹងមួយទេ គឺនឹងបន្តពង្រីកការអនុវត្តឱ្យបានគ្រប់ទីកន្លែង គ្រាន់តែផ្លូវជាតិលេខ១ ជាគោលដៅចម្បង ឬអាទិភាព។ ជារួមសម្រាប់ជនបរទេសការបើកបរនៅលើទឹកដីរបស់រដ្ឋមួយដែលមានអធិបតេយ្យមួយ ដាច់ខាត គឺត្រូវតែគោរពទៅតាមច្បាប់រាល់អធិបតេយ្យនោះ ពោលគឺគោរពច្បាប់ចរាចរណ៍របស់ព្រះរាជាណាចក្រកម្ពុជាជាដាច់ខាត»។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់កម្លាំងនគរបាលចរាចរណ៍ ទាំងក្នុងភូមិសាស្ត្រខេត្តកណ្តាល ខេត្តស្វាយរៀង និងខេត្តព្រៃវែង បន្តសកម្មភាពរឹតបន្តឹងដល់ការអនុវត្តច្បាប់ដោយផ្ដោតលើមុខសញ្ញាក្រុមហ៊ុនរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម ទន្ទឹមនឹងមុខសញ្ញាល្មើសច្បាប់ទូទៅ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងក៏ជាការឆ្លើយតបនឹងការសំណូមពរ និងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ។

គួរជម្រាបថា ថ្មីៗនេះ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យអនុវត្តវិធានការមួយចំនួនលើរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម ក្រោយបានសង្កេតឃើញថា មានសកម្មភាពបើកបរតាមដងផ្លូវល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បើកបរវ៉ាជែងគ្មានសណ្ដាប់ធ្នាប់ បង្កក្ដីព្រួយបារម្ភលើអ្នកដំណើរ និងប្រជាពលរដ្ឋរស់នៅតាមបណ្ដាដងផ្លូវ។ សកម្មភាពនេះ ក៏ទទួលការរិះគន់ច្រើនលើកច្រើនសារពីសំណាក់ប្រជាពលរដ្ឋ ស្របពេលដែលជារឿយៗមានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តដឹកអ្នកដំណើរនេះកើតមានឡើងតាមបណ្ដាផ្លូវជាតិលេខ១ជាបន្តបន្ទាប់៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ១ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


