ព័ត៌មានជាតិ
របាយការណ៍៖ អង្កេតចន្លោះជំរឿនប្រជាជនកម្ពុជាមានជាង ១៧លាននាក់ កើនឡើង១១% រយៈពេល ៥ឆ្នាំ
លទ្ធផលចុងក្រោយអង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជា (CIPS២០២៤) ថ្ងៃ០៣ ខែឧសភា ឆ្នាំ២០២៤ បង្ហាញថា ប្រជាជនកម្ពុជាសរុបមានចំនួន ១៧.២៨០.៥៤៣ នាក់កើនឡើងពី ១៥.៥៥២.២១១ នៅក្នុងឆ្នាំ២០១៩។ ចំនួនប្រជាជនសរុបកើនឡើង ១.៧២៨.៣៣២ ត្រូវជា ១១,១ ភាគរយ រយៈពេល ៥ឆ្នាំ រវាង ឆ្នាំ២០១៩ និង២០២៤។ ចំនួនប្រជាជនប្រុសមាន ៨.៤៩០.៤១៩ នាក់ ស្មើនឹង ៤៩,១ ភាគរយ ខណៈដែលចំនួនប្រជាជនជាស្រីមាន ៨.៧៩០.១២៥ នាក់ ស្មើនឹង ៥០,៩ ភាគរយនៃចំនួនប្រជាជនសរុប។ នេះបើយោងតាមរបាយការណ៍លទ្ធផលចុងក្រោយនៃអង្កេតចន្លោះជំរឿន ដែលរៀបចំដោយវិទ្យាស្ថានជាតិស្ថិតិ និងក្រសួងផែនការ ចុះខែមករា ឆ្នាំ ២០២៥។

គួរជម្រាបថា ជំរឿនលើកដំបូងត្រូវបានធ្វើឡើង បន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីការគ្រប់គ្រងរបស់បារាំង នៅឆ្នាំ១៩៦២ ដែលប្រជាជនកម្ពុជានៅពេលនោះមាន ៥.៧ លាននាក់។ ទម្រង់ប្រជាសាស្ត្រប្រទេសកម្ពុជា បានផ្លាស់ប្តូរទាំងស្រុងបន្ទាប់ពីជំរឿនលើកដំបូងនោះដោយសារសង្គ្រាម និងភាពចលាចល។ ក្រោយឆ្នាំ១៩៦២ ប្រទេសកម្ពុជាបានធ្វើជំរឿនឆ្នាំ១៩៩៨។ ទោះជាយ៉ាងណាក៏ដោយមានការប៉ាន់ចំនួនប្រជាជនដោយអ្នកជំនាញ ផ្នែកប្រជាសាស្ត្រសម្រាប់បម្រើផែនការនិងគោលនយោបាយមួយចំនួន។ អង្កេតប្រជាសាស្ត្រឆ្នាំ១៩៧៩-១៩៨០ ត្រូវបានប៉ាន់ប្រមាណប្រជាជនកម្ពុជាមានក្នុងរង្វង់ ៦,៦ លាននាក់។ ក្រោយមកវិទ្យាស្ថានជាតិស្ថិតិ បានដឹកនាំ ការអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជាឆ្នាំ១៩៩៤ បានប៉ាន់ប្រមាណឃើញប្រជាជនរបស់ប្រទេសមានចំនួន ៩,៩ លាននាក់។

ដោយឡែកវិទ្យាស្ថានជាតិស្ថិតិ បានធ្វើអង្កេតប្រជាសាស្ត្រក្នុងខែមីនា ឆ្នាំ១៩៩៦ ដែលគ្របដណ្តប់ លើគ្រួសារចំនួន ២០.០០០គ្រួសារ ចំនួនប្រជាជនប៉ានស្មានមាន ១០,៧ លាននាក់។ ចំនួនប្រជាជនកម្ពុជា សរុបផ្អែកលើជំរឿនខែមីនាឆ្នាំ១៩៩៨ មានចំនួន ១១,៤ លាននាក់ ចន្លោះជំរឿនឆ្នាំ២០០៨ កម្ពុជាបានធ្វើ អង្កេតចន្លោះជំរឿនប្រជាជនកម្ពុជាឆ្នាំ២០០៤ ប្រជាជនកម្ពុជាកើនដល់ ១២,៨ លាននាក់។
ចំនួនប្រជាជនកម្ពុជា បានកើនឡើងជាលំដាប់ គឺនៅជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០០៨ ប្រជាជនកម្ពុជាកើនដល់ ១៣,៤ លាននាក់ ហើយត្រូវបានធ្វើបច្ចុប្បន្នភាពដោយអង្កេតចន្លោះជំរឿននៃប្រជាជនកម្ពុជាឆ្នាំ២០១៣ ឃើញមានចំនួន ១៤,៧ លាននាក់ លទ្ធផលចុងក្រោយជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ តាមវិធីសាស្ត្រឃើញ រាប់ (de-facto) មានចំនួន ១៥,៦ លាននាក់ និងលទ្ធផលចុងក្រោយអង្កេតចន្លោះជំរឿនប្រជាជនកម្ពុជា ឆ្នាំ២០២៤ តាមវិធីសាស្ត្រឃើញរាប់ មានចំនួន ១៧,៣ លាននាក់ ។

បើតាមរបាយការណ៍ដដែល លទ្ធផលអង្កេតចុងក្រោយបានបង្ហាញថា ក្នុងចំណោមរាជធានី ខេត្តទាំង២៥ រាជធានីភ្នំពេញ មានប្រជាជនខ្ពស់បំផុតដែលមានចំនួន ២.៣៥២.៨៥១ នាក់ (១៣,៦%) តាមលំដាប់លំដោយខេត្តកណ្តាល ១.៣៥២.១៩៨ (៧,៨%) ព្រៃវែង ១.២៧៧.៨៦៧ (៧,៤%) បាត់ដំបង ១.១៣២.០១៧ (៦,៦%) សៀមរាប ១.០៩៩.៨២៥ (៦,៤%) តាកែវ ១.០៩៧.២៤៣ (៦,៣%) និងខេត្តកំពង់ចាម ១.០៦២.៩១៤ (៦,២%) ចំណែកខេត្តកែបវិញមានប្រជាជនទាបបំផុត ៤៨.៧៧២នាក់ ឬ (០,៣%)៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


