ព័ត៌មានជាតិ
ខេត្តភាគឦសានមណ្ឌលគិរី ពលរដ្ឋមានចំណូលខ្ពស់ឈរនៅលំដាប់ទី ៤ ទូទាំងប្រទេស
វិទ្យាស្ថានស្ថិតិនៃក្រសួងផែនការបានបង្ហាញពីប្រាក់ចំណូលសម្រាប់ពលរដ្ឋម្នាក់ៗ (GDP Per Capita) នៅរាជធានីខេត្តទាំង ២៥។
ក្នុងរបាយការណ៍បានបញ្ជាក់ថា ខេត្តព្រះសីហនុឈរនៅលំដាប់លើគេ ដែលប្រាក់ចំណូលសម្រាប់ពលរដ្ឋម្នាក់មានរហូតដល់ទៅ ៤ ៦០២ ដុល្លារ។
ដោយឡែកខេត្តភាគឦសានមណ្ឌលគិរីវិញ ក៏ស្ថិតនៅក្នុងចំណោមខេត្តដែលប្រាក់ចំណូលសម្រាប់ពលរដ្ឋឈរនៅលំដាប់ខ្ពស់មួយក្នុងចំណោមរាជធានីខេត្តក្រុងទាំង ២៥។
បើយោងតាមរបាយការណ៍ពីវិទ្យាស្ថានស្ថិតិនៃក្រសួងផែនការ នៅឆ្នាំ ២០២២ ចំណូលសម្រាប់ពលរដ្ឋក្នុងខេត្តមណ្ឌលគិរីម្នាក់មានរហូតដល់ទៅ ២ ១២៣ ដុល្លារ ឈរនៅលំដាប់ទី ៤ តាមពីក្រោយខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តកណ្តាល។

ខេត្តមណ្ឌលគិរីជាខេត្តមានសក្តានុពលផ្នែកកសិកម្ម កសិឧស្សាហកម្ម និងវិស័យទេសចរណ៍។
ទាក់ទងចំណូលពលរដ្ឋក្នុងខេត្តមណ្ឌលគិរី លោក ជាក់ ម៉េងហ៊ាង អភិបាលរងនិងជាមន្រ្តីអ្នកនាំពាក្យខេត្តមណ្ឌលគិរីបានបញ្ជាក់ដល់កម្ពុជាថ្មីថា ដោយសារការស្ទុះឡើងចំណូលដុលក្នុងស្រុក រួមទាំងការវិនិយោគលើវិស័យធនធានរ៉ែក្នុងខេត្ត ទើបធ្វើឲ្យប្រាក់ចំណូលពលរដ្ឋក្នុងខេត្តមណ្ឌលគិរីមានការកើនឡើងខ្ពស់។
ខេត្តមណ្ឌលគិរីមានសក្តានុពលជាច្រើនសម្រាប់ការវិនិយោគ ហើយកន្លងទៅនេះក្រុមហ៊ុនរ៉ឺណេសង់របស់អូស្រ្តាលីបានវិនិយោគអាជីវកម្មចម្រាញ់រ៉ែមាសនៅក្នុងខេត្តដែលស្តុកស្តមដោយសម្បត្តិភោគទ្រព្យធនធានធម្មជាតិមួយនេះ។
ខណៈដែលពលរដ្ឋក្នុងខេត្តមានចំនួនតិចផងនោះ លោក ជាក់ ម៉េងហ៊ាង បានបន្ថែមថា ខេត្តមណ្ឌលគិរីមានផ្ទៃដីធំទូលាយជាមួយធនធានធម្មជាតិដ៏សំបូរបែប ដែលអាចទាក់ទាញការវិនិយោគផ្សេងៗទ្រង់ទ្រង់ដល់កំណើនការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត។
បើតាមលោក ជាក់ ម៉េងហ៊ាង ក្រៅពីឧស្សាហកម្មរ៉ែ ខេត្តមណ្ឌលគិរីមានសក្តានុពលលើវិស័យកសិកម្ម ឧស្សាហកម្ម រួមទាំងទេសចរណ៍ដែលជាប្រភពចំណូលរបស់ពលរដ្ឋក្នុងមូលដ្ឋាន។
ស្ថិតនៅភូមិភាគឦសានមានចម្ងាយ ៣៨២ គីឡូ ម៉ែត្រ ពីរាជធានីភ្នំពេញ ខេត្តមណ្ឌលគិរីមានភូមិសាស្រ្តគ្របដណ្តប់ដោយព្រៃឈើ ប្រជុំភ្នំ ខ្ពង់រាប សំបូរដោយជ្រោះជ្រងជ្រលងដងអូរគិរីបុព្វតាជាច្រើន។ ប្រជាពលរដ្ឋមានមុខរបរចម្បងគឺធ្វើកសិកម្មមានរហូតដល់ ៨២% សិប្បកម្មមាន ១% និងសេវាកម្ម ១៧%។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្ត។
ពលរដ្ឋរស់នៅក្នុងខេត្តមណ្ឌលគិរីបច្ចុប្បន្នមានជិត ១០ ម៉ឺននាក់ស្មើ ២៣ ៥៤០ គ្រួសារ ខណៈប្រជាពលរដ្ឋជាជនជាតិដើមភាគតិចមានជាង ៥៥% នៃប្រជាជនសរុប៕
បន្តចុចអាន៖ មកដឹងប្រាក់ចំណូលពលរដ្ឋម្នាក់ៗ (GDP Per Capita) តាមបណ្តារាជធានីខេត្តទាំង ២៥

-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៣ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា