Connect with us

ព័ត៌មានជាតិ

ក្រសួងមុខងារសាធារណៈ ចាប់ផ្តើមធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង រយៈពេល៣ថ្ងៃ

បានផុស

នៅ

ក្រសួងមុខងារសាធារណៈ បានចាប់ផ្តើមធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីតាំង២ព្រមគ្នា គឺនៅទីស្តីការក្រសួងមុខងារសាធារណៈ និងនៅសាលាភូមិន្ទរដ្ឋបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី១១ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ថា ក្នុងដំណើរការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅគោលដៅដែលគ្រោងទុក ត្រូវបានរំពឹងថា គឺដើម្បីចង់បានទិន្នន័យមួយច្បាស់លាស់ មានការឯកភាពគ្នា និងប្រើប្រាស់រួមគ្នាក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ។ បន្ថែមពីនេះ គឺជាការគ្រប់គ្រងឱ្យរឹតតែច្បាស់លាស់លើរចនាសម្ព័ន្ធបច្ចុប្បន្ន និងមន្ត្រីដែលកំពុងបំពេញភារកិច្ចជាក់ស្តែងនៅតាមគោលដៅនីមួយៗ។

ឯកឧត្តម ក៏បានបញ្ជាក់ដែរថា ការរៀបចំធ្វើជំរឿននេះ មិនមែនជាលើកទីមួយទេនៅក្នុងប្រទេសកម្ពុជា ពោល គឺធ្វើចំនួន៣លើករួចមកហើយ ដោយលើកទី១ ធ្វើនៅឆ្នាំ១៩៩៥ លើកទី២ នៅចន្លោះឆ្នាំ១៩៩៩-២០០១ និងលើកទី៣ នៅឆ្នាំ២០១០។ សម្រាប់ឆ្នាំ២០២៥នេះ គឺជាដំណើរការនៃការដឹកនាំ និងចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ផ្អែកទៅលើអភិក្រម«រៀបចំផ្ទះឱ្យបានរៀបរយ»។ ឯកឧត្តម ហ៊ុន ម៉ានី បន្តថា ធ្វើដែលនាំឱ្យកិច្ចការងារនេះទទួលបានជោគជ័យ ក្រៅពីក្រុមការងារមន្ត្រីជំរឿន ក៏ត្រូវការកិច្ចសហការចូលរួមពីមន្ត្រី។

បន្ថែមពីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា កិច្ចការងារជំរឿននេះមន្ត្រីនេះ មិនមែនជាការវះកាត់មន្ត្រី រកកំហុងឆ្គងមន្ត្រីនោះទេ ពោល គឺធ្វើយ៉ាងណាដើម្បីផ្ទៀងផ្ទាត់ទិន្នន័យមានក្នុងប្រព័ន្ធ ជាមួយនឹងមន្ត្រីដែលកំពុងបំពេញភារកិច្ចជាក់ស្តែង។ ឯកឧត្តម ក៏បានអំពាវនាវដល់មន្ត្រីរាជការស៊ីវិលទាំងអស់គ្រប់គោលដៅ មានការចូលរួមសហការទាំងអស់គ្នា កុំមានការព្រួយបារម្ភ ហើយប្រសិនឆ្ងល់ចំណុចណា គឺមានក្រុមការងាររបស់ក្រសួងរង់ចាំផ្តល់សេវាកម្ម និងជួយផ្តល់ព័ត៌មានគ្រប់ពេលវេលា។

សូមជម្រាបថា ការធ្វើរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ធ្វើឡើងក្រោមការណែនាំរបស់រាជរដ្ឋាភិបាល ឱ្យក្រសួងមុខងារសាធារណៈ ធ្វើជំរឿនមន្ត្រីទូទាំងប្រទេស។ ការធ្វើជំរឿនមន្ត្រីនៅពេលនេះ នឹងធ្វើនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័នទាំងអស់ចំណុះអង្គភាពនីតិប្រតិបត្តិ ដើម្បីទទួលបានទិន្នន័យច្បាស់លាស់ ឯកភាពគ្នា​ និងប្រើប្រាស់បានរួមគ្នា។ ចំពោះដំណើរការជំរឿន ក្រុមការងារមន្ត្រីជំរឿន នឹងចុះទៅតាមអង្គភាពគោលដៅនីមួយៗដោយផ្ទាល់តែម្តង ហើយការចុះទៅដោយផ្ទាល់នេះ គឺជាការធានាមិនឱ្យប៉ះពាល់ដល់ដំណើរការ នៃការងារប្រចាំថ្ងៃរបស់មន្ត្រី ក៏មិនឱ្យប៉ះពាល់ដល់ដំណើរការ នៃការផ្តល់សេវាសាធារណៈរបស់អង្គភាព ដែលជាគោលដៅ នៃការធ្វើជំរឿននោះដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម