ព័ត៌មានជាតិ
រដ្ឋាភិបាលកូរ៉េ គ្រោងនឹងសង់អគារមន្ទីរពេទ្យថ្មីទំនើបកម្ពស់ ៥ ជាន់ តម្លៃ ១៦ លានដុល្លារ នៅចុងឆ្នាំ ២០២៥ នេះ
រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ គ្រោងនឹងសាងសង់អគារមន្ទីរពេទ្យថ្មីទំនើបកម្ពស់ ៥ ជាន់ មានតម្លៃ ១៦ លានដុល្លារ ក្នុងមន្ទីរពេទ្យកុមារជាតិ នៅចុងឆ្នាំ ២០២៥ ខាងមុខនេះ ដើម្បីជួយសម្រួលដល់ការព្យាបាលជំងឺជូនដល់កុមារកាន់តែប្រសើរឡើងថែមទៀត។

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០២ មេសា នេះថា អគារមន្ទីរពេទ្យថ្មីនេះ មានកម្ពស់៥ជាន់មានទំហំជាង៨៣០០ម៉ែត្រការ៉េដោយចំណាយថវិកាប្រមាណ ១៦ លានដុល្លារ ជាជំនួយរបស់រដ្ឋាភិបាលកូរ៉េ។ ក្នុងនោះ ១១ លានដុល្លារ សម្រាប់ចំណាយទៅលើការសាងសង់អគារ និង ៥ លានដុល្លារទៀត សម្រាប់បំពាក់បរិក្ខារពេទ្យ និងការតុបតែងអគារដោយប្រើពេលសាងសង់រយៈពេល ៣ ឆ្នាំ ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២៥ ដល់ចុងឆ្នាំ ២០២៧ ខាងមុខនេះ។

លោកវេជ្ជបណ្ឌិត បានបន្តថា នេះជាអគារមន្ទីរពេទ្យទី ២ ហើយ ដែលរដ្ឋាភិបាលកូរ៉េជួយសាងសង់ដល់មន្ទីរពេទ្យកុមារជាតិ ខណៈអគារទី ១ មានកម្ពស់ ៣ ជាន់ ដោយបានសាងសង់នៅឆ្នាំ ២០០៧ មានឈ្មោះថា អគារមិត្តភាពកម្ពុជា កូរ៉េ បានដាក់ដំណើរការនៅឆ្នាំ ២០០៩។ បន្ទាប់មកទៀត ដោយសារតម្រូវការរបស់មន្ទីរពេទ្យមានចំនួនអ្នកជំងឺកើនឡើងជាប្រចាំកូរ៉េបានធ្វើការជួសជុល និងពង្រីកឡើងវិញ នៅឆ្នាំ ២០១៣ និងដាក់ដំណើរការនៅឆ្នាំ ២០១៦។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា អគារថ្មីនេះ អាចដាក់គ្រែបានចំនួន ១៩៦ គ្រែ និងមានកន្លែងសម្រាប់បណ្ដុះបណ្ដាល និងការអនុវត្តផ្ទាល់ដល់ក្រុមគ្រូពេទ្យផ្នែកជំនាញកុមារមកពីតាមបណ្តាខេត្តផ្សេងៗ និងមានផ្នែកពិគ្រោះជំងឺក្រៅតាមឯកទេសនីមួយៗ មានអាហារដ្ឋាន កន្លែងក្មេងលេង និងមានបង្កើតសេវាថ្មីៗ សម្រាប់កុមារដូចជា ជំងឺត្រចៀក ច្រមុះបំពង់ក ភ្នែក តម្រងនោម ក្រពេញក្នុង ម៉ាស៊ីនលាងឈាមផ្នែកកុមារ ជំងឺមហារីកឈាម សួត ក្រពះពោះវៀន ម៉ាស៊ីនថតឆ្លុះក្រពះ ទងសួត និងជំងឺអូទីសឹមជាដើម។

នៅក្នុងកិច្ចប្រជុំទ្វេភាគីកូរ៉េ-កម្ពុជា ឆ្នាំ ២០២៥ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ផាក ជុងវ៉ុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្រាប់ឆ្នាំ ២០២៥ នេះ រដ្ឋាភិបាលកូរ៉េ នឹងត្រូវផ្តល់ជំនួយប្រមាណ ៣៥០ លានដុល្លារ ដល់កម្ពុជា ដោយផ្តោតលើវិស័យមួយចំនួនដូចជា ការអប់រំ ការគ្រប់គ្រងទឹក សុខភាព និងអនាម័យ វិស័យដឹកជញ្ជូន និងការអភិវឌ្ឍជនបទធ្វើឱ្យកម្ពុជាក្លាយជាប្រទេសទទួលជំនួយ ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ច្រើនជាងគេពីប្រទេសកូរ៉េជាប់ចំណាត់ថ្នាក់លេខមួយក្នុងចំណោមប្រទេសជាដៃគូ ជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA) ទាំង ៩២។ ជំនួយនេះ នឹងរួមមានកម្ចីសម្បទានចំនួន ២៧ គម្រោង ក្នុងនោះ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងគម្រោងជំនួយឥតសំណងចំនួន ៦២ គម្រោង រួមទាំងគម្រោងកសាងសមត្ថភាពសម្រាប់មន្ទីរពេទ្យកុមារជាតិផងដែរ៕
អត្ថបទ ៖ សំអឿន





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


