ព័ត៌មានជាតិ
លោក ឈាង រ៉ា ណែនាំដល់មន្រ្តីសុខាភិបាលនៃមន្ទីរពេទ្យទាំងអស់ បន្តយកចិត្តទុកដាក់លើការកសាងសមត្ថភាព
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ថ្នាក់ដឹកនាំនិងមន្រ្តីសុខាភិបាលនៃមន្ទីរពេទ្យទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ លើការងារកសាងសមត្ថភាព ទាំងជំនាញវេជ្ជសាស្ត្រ និងភាពជាអ្នកដឹកនាំ តាមរយៈការបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍គ្នា និងការធ្វើនវានុវត្តន៍បច្ចេកវិទ្យា សំដៅប្រសិទ្ធភាពការងារ និងភាពឆាប់រហ័សលើអន្តរាគមន៍រាល់ការងារទាំងឡាយ។

ការណែនាំនេះធ្វើឡើង ក្នុងឱកាសលោករដ្ឋាមន្ត្រីអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់មន្ទីរពេទ្យកុមារជាតិ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី ប្រាប់ឱ្យបង្កើនការពង្រឹងលើក្រមសីលធម៌វិជ្ជាជីវៈ ដែលជាគោលការណ៍ ជាអាយុជីវិត ជាជម្រៅនៃជំនឿជឿជាក់ ក្នុងការបំពេញភារកិច្ច ដោយការតាំងចិត្តជាមួយឆន្ទៈខ្ពស់ និងសេចក្តីអាណិតស្រឡាញ់ចំពោះកុមារ ផ្សារភ្ជាប់ជាមួយក្រុមគ្រួសារអ្នកជំងឺ។

ទន្ទឹមនឹងវឌ្ឍនភាព និងសមិទ្ធផលរបស់មន្ទីរពេទ្យ លោករដ្ឋមន្រ្តី ក៏បានផ្ដល់នូវទស្សនទានមួយចំនួន ដល់សមាជិក សមាជិកានៃអង្គសន្និបាតទាំងមូល នូវធាតុចូលយកទៅពិចារណា ក្នុងការរៀបចំនូវផែនការ និងទិសដៅសម្រាប់ការងារនៅក្នុងឆ្នាំ២០២៥ ដើម្បីលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា ដូចជា ពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ របស់មន្ទីរពេទ្យដោយកែលំអអគារ និងស្ថានភាពបរិស្ថានជុំវិញមន្ទីរពេទ្យឱ្យកាន់តែប្រសើរឡើង ថ្នាក់ដឹកនាំ ត្រូវពិនិត្យនិងរៀបចំផែនការជំហាន ដោយធ្វើពីជ្រោយមកកណ្តាល។ លើកកម្ពស់ និងបណ្តុះបណ្តាល សមត្ថភាពបន្ថែមទៀតដល់មន្ត្រី បុគ្គលិកមន្ទីរពេទ្យឱ្យកាន់តែប្រសើរឡើង ជាពិសេសត្រូវពិនិត្យលើអ្នកដែលត្រូវជួយ អ្នកខ្វះខាត ឱ្យសមស្របទៅតាមកម្រិតស្តង់ដាជាតិ និងអន្តរជាតិ។
បន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ វេជ្ជសាស្រ្តបន្ថែមគ្រប់កម្រិត និងគ្រប់ជំនាញឯកទេស ជំនាញថ្មីៗ ដោយនវានុវត្តន៍ តាមរយៈការបណ្តុះបណ្តាលនានាទាំងក្នុង និងក្រៅប្រទេស ដោយត្រូវចែករំលែក និងបន្តជួយបណ្តុះបណ្តាលដល់អ្នកបន្តវេនទៅថ្ងៃមុខ។ ជាពិសេសពង្រឹងការគ្រប់គ្រង និងការបំពាក់បន្ថែមសម្ភារៈបរិក្ខារ ឱសថ ឱ្យកាន់តែទំនើប ឆ្លើយតបទៅតាមបច្ចេកវិទ្យាឌីជីថលសម័យថ្មី។ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់លើការគ្រប់គ្រង ក្នុងការផ្តល់សេវាជូនដល់ប្រជាជន និងកុមារឱ្យកាន់តែប្រសើរឡើង។ ពង្រឹងការសាមគ្គីភាព វិន័យក្នុងពេលបំពេញការងារ និងប្រចាំការ ក្នុងការផ្តល់សេវា ២៤ម៉ោងលើ ២៤ ម៉ោង និង៧ថ្ងៃ/សប្តាហ៍។ ពង្រឹងលើការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ និងប្រព័ន្ធទំនាក់ទំនងជាមួយក្រុមគ្រួសារអ្នកជំងឺ។ ពង្រឹងលើការទទួលបដិសណ្ឋារកិច្ច និងការយកចិត្តទុកដាក់ផ្តល់សេវាថែទាំដល់អ្នកជំងឺ។ ពង្រឹងប្រព័ន្ធព័ត៌មាន តាមដាន និងវាយតម្លៃឱ្យបានជាប្រចាំក្នុងមន្ទីរពេទ្យ ដោយការកត់ត្រា និងការអនុវត្តតាមស្តង់ដា។

ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តអង្គសន្និបាតទាំងមូល ចូលរួមផ្តល់ជាយោបល់ ជាអនុសាសន៍ ជាមេរៀន ឬជាបទពិសោធន៍នានាបន្ថែមទៀត ដើម្បីជាការចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ល្អៗ ពីការថែទាំ និងព្យាបាលអ្នកជំងឺកុមារ និងការដឹកនាំគ្រប់គ្រងមន្ទីរពេទ្យឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ ព្រមទាំងបានអរគុណដល់អង្គការដៃគូ ដែលតែងតែជួយជាសម្ភារៈ ការបណ្តុះបណ្តាលបច្ចេកទេសដល់មន្ទីរពេទ្យ ក្នុងការចូលរួមបេសកកម្មលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


