Connect with us

ព័ត៌មានជាតិ

UN សរសើរកម្ពុជាពីគំរូនៃការជំរុញប្រព័ន្ធគាំពារសង្គម និងការងារសមរម្យ

បានផុស

នៅ

ក្រសួងការងារកម្ពុជា និងអង្គការពលកម្មអន្តរជាតិ ILO បានរៀបចំវេទិកាមួយនៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ក្នុងការបង្ហាញពីគំរូនៃការដោះស្រាយបញ្ហាទាក់ទងនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជំរុញការងារពលកម្មជំនាញ ពង្រីកវិសាលភាពនៃប្រព័ន្ធសន្ដិសុខសង្គម និងសុខាភិបាល ដល់បណ្ដាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនេះជាវេទិកាដំបូងបង្អស់បន្ទាប់ពីកម្ពុជាជ្រើសរើសចូលជាប្រទេសត្រួសត្រាយផ្លូវគំនិតផ្ដួចផ្ដើមកាតាលីករសកលសម្រាប់ការងារ កិច្ចគាំពាសង្គមដើម្បីអន្តកាលដ៏យុត្តិធម៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងវេទិកាព្រឹកនេះនាយកប្រចាំតំបន់ការិយាល័យសម្របសម្រួលអភិវឌ្ឍន៍អង្គការសហប្រជាជាតិសម្រាប់អាស៊ីប៉ាស៊ីហ្វិកលោក David McLachlan-Karr បានថ្លែងថា ការជ្រើសរើសកម្ពុជាដោយអង្គការសហប្រជាជាតិជាប្រទេសត្រួសត្រាយផ្លូវសម្រាប់តំបន់ គឺដោយសារកម្ពុជាមានកិច្ចខិតខំប្រឹងប្រែងខ្ពស់ដើម្បីសម្រេចបាននូវគំនិតផ្ដួចផ្ដើមគំនិតកាតាលីករសកលសម្រាប់ការងារ កិច្ចគាំពាសង្គមដើម្បីអន្តកាលដ៏យុត្តិធម៌ដែលបានអង្គការអន្តរជាតិនេះដាក់ចេញ។

លោកថា៖ «ខ្ញុំគិតថាកិច្ចខិតខំប្រឹងប្រែងនេះមិនត្រឹមតែផ្ដល់នូវការជំរុញទឹកចិត្តប៉ុណ្ណោះទេ! តែវាបង្ហាញពីគំរូក្នុងតំបន់ដោយប្រទេសនានាក្នុងតំបន់និងពិភពលោកនោះគឺអាចយកទៅកែសម្រួលខណៈពេលដែលអាស៊ីក្លាយជាតំបន់ប្រកបដោយថាមវ័ន្ត និងប្រឈមនឹងហានិភ័យ»។

គំនិតផ្ដួចផ្ដើមកាតាលីករសកលសម្រាប់ការងារ កិច្ចគាំពាសង្គមដើម្បីអន្តកាលដ៏យុត្តិធម៌ ត្រូវបានអនុវត្តន៍ដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីគាំទ្រដល់ប្រទេសនានាដើម្បីឆ្លើយតបនឹងការខ្វះខាតការគាំពារសង្គម និងការងារ។ កម្ពុជាស្ថិតក្នុងប្រទេសចំនួន៦នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលត្រូវបានជ្រើសរើសជាប្រទេសត្រួសត្រាយផ្លូវសម្រាប់តំបន់។ ប្រទេសទាំងនោះរួមមាន កម្ពុជា ឥណ្ឌូណេស៊ី នេប៉ាល់ ប៉ាគីស្ថាន ភីលីពីន និងវៀតណាម។

ឧបនាយករដ្ឋមន្ត្រីសេដ្ឋកិច្ចលោក អូន​ ព័ន្ធមុន្នីរ័ត្ន បាន​ថ្លែងថាការជ្រើសរើសកម្ពុជាជាប្រទេសត្រួតត្រាយផ្លូវដោយអង្គការសហប្រជាជាតិនេះដោយសារកម្ពុជាសម្រេចបានវឌ្ឍនភាពល្អ មានសក្ដានុពល និងមានការប្ដេជ្ញាចិត្តខ្ពស់។

លោកបន្ថែមថា៖ «រាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញាចិត្តខ្ពស់ក្នុងការជំរុញផែនទីចង្អុលផ្លូវនេះក៏ដូចជាចូលរួមជាមួយអង្គការសហប្រជាជាតិ និងប្រទេសត្រួសត្រាយផ្លូវដទៃទៀតដើម្បីជំរុញគំនិតផ្ដួចផ្ដើមសកលនេះឱ្យទទួលបាននូវប្រសិទ្ធភាព»។

កម្ពុជាបានដាក់អនុវត្តន៍គោលនយោបាយអទិភាពចំនួន៤ដែលពាក់ព័ន្ធនឹងកំណើនការងារ និងសុខមាលភាពសង្គមដែលនឹងយកមកបង្ហាញដល់ប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងវេទិកានេះដូចជា កម្មវិធីផ្ដល់ការថែទាំសុខភាពឆ្ពោះទៅរកការថែទាំសុខភាពជាសកល កម្មវិធីជាតិជំនួយសង្គមបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងរងហានិភ័យ កម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងក្រៅប្រព័ន្ធ។

រដ្ឋមន្ត្រីក្រសួងការងារលោក ហេង សួរ បានថ្លែងថា ក្រសួងនឹងខិតខំសហការជាមួយក្រសួងស្ថាប័នដៃគូរអភិវឌ្ឍន៍ រួមទាំងតំណាងនិយោជិតដើម្បីធ្វើឱ្យមានភាពប្រសើរឡើងសម្រាប់គាំទ្រដល់ប្រព័ន្ធសុខមាលភាពសង្គមសម្រាប់កម្មករនិយោជិត យុវជន ពលករ និងអ្នកដែលធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសស្រ្តី និងជនមានពិការភាពឱ្យអភិវឌ្ឍន៍ខ្លួនបន្ថែមក្នុងពេលអន្តរកាលនេះផងដែរ។

គួរឱ្យដឹងដែរថា វេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក (Asia Global Accelerator Policy) គឺជាវេទិកាតំបន់គេក្នុងតំបន់ដែលបានជ្រើសរើសប្រទេសកម្ពុជាជាអ្នករៀបចំ។ វេទិកានេះមានគោលបំណងបង្ហាញពីដំណោះស្រាយជាក់ស្ដែងពីបណ្ដាប្រទេសដែល UN ជ្រើសរើសទាំង៦ ដើម្បី ពង្រឹងការធានារ៉ាប់រងសង្គម ការវិនិយោគលើជំនាញ គោលនយោបាយការងារ និងតម្រឹមជាមួយការផ្លាស់ប្ដូរសម្រាប់បរិស្ថាន និងឌីជីថល។

វេទិកានេះមានរយៈពេល២ថ្ងៃរៀបចំនៅសណ្ឋាគារ Hyatt Regency ភ្នំពេញដោយមានប្រតិភូអន្តរជាតិចូលរួមជាច្រើនផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម