ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ខកចិត្តខ្លាំង ក្រោយធ្លាក់ពីការប្រជែងកៅអីនៅ UNSC និងទម្លាក់កំហុសលើរុស្ស៊ី
រដ្ឋមន្ត្រីការបរទេស អាល្លឺម៉ង់ លោក Johann Wadephul បានលើកឡើងថា ការគាំទ្រយ៉ាងប្តូរផ្តាច់របស់ទីក្រុងប៊ែឡាំង ចំពោះប្រទេសអ៊ុយក្រែន និងអ៊ីស្រាអែល អាចជាមូលហេតុធ្វើឲ្យបាត់បង់សំឡេងឆ្នោតគាំទ្រ បន្ទាប់ពីអាល្លឺម៉ង់ បានបរាជ័យក្នុងការដណ្តើមអាសនៈប្តូរវេន នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។

សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា បានឲ្យដឹងថា លោក Johann Wadephul បានពិពណ៌នាអំពីការចាញ់ឆ្នោតក្រោមដៃប្រទេសព័រទុយហ្គាល់ និងអូទ្រីស ថាជា «ការបរាជ័យដ៏ជូរចត់មួយ» បន្ទាប់ពីការបោះឆ្នោតជ្រើសរើសសមាជិកបណ្តោះអាសន្នថ្មីចំនួន ៥ប្រទេស បានប្រព្រឹត្តទៅកាលពីល្ងាចថ្ងៃពុធ។
លោក Wadephul បានលើកឡើងថា «ដោយសារតែការគាំទ្រយ៉ាងរឹងមាំរបស់យើងចំពោះអ៊ុយក្រែន វាគឺជាការពិតដែលរុស្ស៊ីមិនចង់ឲ្យមានសំឡេងបែបនេះនៅក្នុងក្រុមប្រឹក្សាសន្តិសុខឡើយ។ មិនមែនជាការសម្ងាត់នោះទេ ដែលរុស្ស៊ីបានញុះញង់ឲ្យមានការប្រឆាំងនឹងប្រទេសអាល្លឺម៉ង់។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ UN មានសមាជិកអចិន្ត្រៃយ៍ចំនួន ៥ ប្រទេស (ចិន បារាំង រុស្ស៊ី ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក) និងសមាជិកបណ្តោះអាសន្នចំនួន ១០ ប្រទេសសម្រាប់ប្តូរវេន២ឆ្នាំម្តង ហើយក្នុងមួយឆ្នាំមហាសន្និបាតអង្គការសហប្រជាជាតិប្តូរសមាជិក៥ប្រទេស។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់រូបនេះ បានបន្តថា «យើងតែងតែប្រកាន់ជំហរច្បាស់លាស់លើបញ្ហាជាក់លាក់មួយចំនួន ហើយជំហរទាំងនេះមិនមែនគ្រប់រដ្ឋសមាជិកទាំងអស់សុទ្ធតែយល់ស្របនោះទេ។ ការពិតដែលថា អាល្លឺម៉ង់តែងតែត្រូវទទួលខុសត្រូវពិសេសចំពោះអ៊ីស្រាអែលនៅក្នុងជម្លោះមជ្ឈិមបូព៌ា ក៏អាចជាកត្តាធ្វើឲ្យយើងបាត់បង់សំឡេងឆ្នោតផងដែរ»។
លើសពីនេះ លោកក៏បានទម្លាក់កំហុសមួយផ្នែកទៅលើការចូលរួមប្រកួតប្រជែងយឺតពេលរបស់ប្រទេសលោក សម្រាប់ការដណ្តើមអាសនៈដែលមានអាណត្តិ ២ ឆ្នាំមួយនេះ។ យ៉ាងណាមិញ ភាគីរុស្ស៊ីមិនទាន់មានការឆ្លើយតបចំពោះការចោទប្រកាន់ដែលថា រុស្ស៊ីបានបញ្ចុះបញ្ចូល ប្រឆាំងនឹងបេក្ខភាពរបស់អាល្លឺម៉ង់នោះឡើយ។
នៅក្នុងការបោះឆ្នោតនោះ អាល្លឺម៉ង់ទទួលបានសំឡេងគាំទ្រត្រឹមតែ ១០៤ សំឡេងប៉ុណ្ណោះ ក្នុងការដណ្តើមយកអាសនៈមួយក្នុងចំណោមពីរសម្រាប់ក្រុមអឺរ៉ុបខាងលិច និងប្រទេសដទៃទៀត ខណៈដែលព័រទុយហ្គាល់ទទួលបាន ១៣៤ សំឡេង និងអូទ្រីសទទួលបាន ១៣១ សំឡេង។ ដោយឡែក ប្រទេសកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan). ទ្រីនីដាដ (Trinidad) និងតូបាហ្គោ (Tobago) និងហ្ស៊ីមបាវ៉េ (Zimbabwe) ក៏ត្រូវបានជាប់ឆ្នោតចូលក្នុងក្រុមប្រឹក្សាសន្តិសុខនេះផងដែរ ដែលវាជាស្ថាប័នអង្គការសហប្រជាជាតិកំពូលតែមួយគត់ ដែលអាចធ្វើសេចក្តីសម្រេចចិត្តមានធរមានតាមផ្លូវច្បាប់ ដូចជាការដាក់ទណ្ឌកម្ម និងការអនុញ្ញាតឲ្យប្រើប្រាស់កម្លាំងយោធា។
ការខកខានមិនទទួលបានអាសនៈនេះ គឺជាការប៉ះទង្គិចយ៉ាងខ្លាំងសម្រាប់អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz។ ក្រុមអ្នករិះគន់មកពីគណបក្សប្រឆាំងក្នុងប្រទេសអាល្លឺម៉ង់ បានលើកឡើងថា លោកកំពុងជួបសម្ពាធយ៉ាងខ្លាំងនៅក្នុងស្រុក ហើយឥឡូវនេះត្រូវរងភាពអាម៉ាស់នៅលើឆាកអន្តរជាតិថែមទៀត ទាំងដែលកន្លងមកលោកបានផ្សព្វផ្សាយពីខ្លួនឯងថា ជាបុគ្គលដែលនឹងមកលើកកម្ពស់សក្ដានុពលរបស់អាល្លឺម៉ង់នៅលើឆាកអន្តរជាតិ។
ទោះជាយ៉ាងណាក៏ដោយ លោក Merz បានថ្លែងថា អាល្លឺម៉ង់នឹងនៅតែបន្តធ្វើជាអ្នកគាំទ្រដ៏រឹងមាំនៃប្រព័ន្ធអន្តរជាតិ ហើយ លោកបានផ្ញើសារអបអរសាទរចំពោះប្រទេសអូទ្រីស និងព័រទុយហ្គាល់។ លោកបានបញ្ជាក់ថា «លទ្ធផលនេះមិនបានកែប្រែភារកិច្ចដែលយើងត្រូវប្រឈមមុខនៅអង្គការសហប្រជាជាតិឡើយ។ អាល្លឺម៉ង់នៅតែជាសសរទ្រូងដ៏គួរឲ្យទុកចិត្តនៃប្រព័ន្ធពហុភាគីនិយម»៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


