ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីថៃ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា
លោកស្រី ផែ ថងថា ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ បញ្ចប់ដំណើទស្សនកិច្ចផ្លូវការនៅកម្ពុជាហើយ និងចាកចេញពីកម្ពុជា តាមជើងយន្តហោះពិសេសនៅវេលាម៉ោង២៖១៥នាទី រសៀលថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៥ នេះ ជាមួយនឹងលទ្ធផលផ្លែផ្កា។

គួរជា្របថា លោកស្រី ផែ ថងថាន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ថៃមកកម្ពុជា តាមរយៈយន្តហោះពិសេស ដោយចុះចតនៅវេលាម៉ោង៩៖៤៥នាទីព្រឹកថ្ងៃទី២៣ ខែមេសា។ ភ្លាមបន្ទាប់ពីចុះពីយន្តហោះលោកស្រីនាយករដ្ឋមន្ត្រីថៃ បានចូលជួបសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព។ ភាគីទាំងពីរ បានពិភាក្សាអំពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ចំពេលទំនាក់ទំនងនៃប្រទេសទាំងពីរឈានដល់ខួបទី៧៥ឆ្នាំ។

លទ្ធផលសំខាន់ៗ ដែលកើតចេញពីដំណើរទស្សនកិច្ចនេះ គឺមានដូចជា ភាគីថៃបានប្រគល់នូវវត្ថុបុរាណចំនួន២០ ដែលថៃរឹបអូសពីជនខិលខូចដែលលួចពីកម្ពុជាយកទៅប្រទេសថៃ ក្នុងពេលកម្ពុជាជួបប្រទះសង្គ្រាមពីអតីតកាល មកឱ្យកម្ពុជាឡើងវិញ។ ត្រង់ចំណុចនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា អរគុណភាគីថៃ ដែលប្រគល់វត្ថុបុរាណទាំង២០មកឱ្យកម្ពុជាវិញ ព្រោះវត្ថុបុរាណទាំងនេះ គឺជាដួងព្រលឹងរបស់ខ្មែរដែលព្រាត់ប្រាសពីមាតុភូមិក្នុងពេលមានសង្គ្រាម ហើយការប្រគល់ជូនមកវិញនេះ នឹងនាំឱ្យដួងព្រលឹងខ្មែរមកជួបជុំគ្នាវិញ។

បន្ថែមពីនេះ រដ្ឋាភិបាលកម្ពុជា ថៃ បានចុះកិច្ចព្រមព្រៀង និងអនុស្សរណៈចំនួន៧ ដូចជា ទី១/ កិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់កម្លាំងពលកម្មរវាងរដ្ឋាភិបាលកម្ពុជា និងថៃ។ ទី២/អនុស្សារណៈយោគយល់គ្នារវាងរដ្ឋាភិបាលកម្ពុជា និងថៃ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ។ ទី៣/អនុស្សារណៈយោគយល់គ្នារវាងក្រសួងបរិស្ថានកម្ពុជា និងក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃ ស្ដីពីកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន(ដែលហៅថា ទប់ស្កាត់ការបំពុលខ្យល់ តាមរយៈការផ្លាស់ប្ដូរព័ត៌មានអំពីគុណភាពខ្យល់ពុល និងការកសាងសមត្ថភាព។ ទី៤/ កិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃ ស្ដីពីការគ្រប់គ្រង និងថៃទាំស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណនអៀន)។

ទី៥/ កិច្ចព្រមព្រៀងរវាងកម្ពុជា-ថៃ ស្ដីពីការសាងសង់ស្ពានព្រំដែនផ្សារព្រំ-បានផាកាត។ ទី៦/ កំណត់ហេតុស្តីពីការផ្តល់ជំនួយ បច្ចេកទេសលើការសិក្សាសមិទ្ធិលទ្ធ ភាពលើគម្រោងលើកកម្រិតគុណភាព ផ្លូវជាតិលេខ ៥៧ (បាត់ដំបង-ច្រកទ្វារ អន្តរជាតិព្រំ) រវាងក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជិតខាងនៃ ប្រទេសថៃ និងទី៧/លិខិតប្តូរសារ ស្តីពីគម្រោងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍន៍ មុខជំនាញកម្ពុជា-ថៃ។

ក្រៅពីនេះ ស្របពេលដែលបទល្មើសបច្ចេកវិទ្យា ការឆបោកតាមអនឡាញ កំពុងរីកសាយភាយ ភាគីថៃ វាយតម្លៃចំពោះកិច្ចសហការរវាងកងកម្លាំងនគរបាល ក្នុងការប្រឆាំងអំពើឆបោកអនឡាញ ហើយប្ដេជ្ញាបន្ដសហការដើម្បីលុបបំបាត់បណ្ដាញឧក្រិដ្ឋកម្មនេះឲ្យអស់ពីព្រំដែនកម្ពុជា-ថៃ។

ចំពោះបញ្ហាព្រំដែន ដែលជាបញ្ហាដ៏ក្ដៅគគុកបែបនេះ រដ្ឋាភិបាលថៃនឹងពង្រឹងភាពជាដៃគូសន្តិសុខជាមួយកម្ពុជា ដោយឯកភាពជំរុញនូវកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែជិតស្និទ្ធ និងគ្រប់កម្រិត ដើម្បីរក្សាបាននូវសន្តិភាព ស្ថិរភាព និងសន្តិសុខនៅតាមព្រំដែនរួមរបស់ប្រទេសទាំងពីរ។

ជាមួយគ្នា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា កម្ពុជា មិនបណ្ដោយឱ្យមានបុគ្គលណាម្នាក់ប្រើប្រាស់ទឹកដីកម្ពុជាប្រឆាំងថៃ ឬបង្កគ្រោះថ្នាក់ដល់ប្រទេសថៃឡើយ។ ចំណែក នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែ ថងថាន ក៏អះអាងដូចគ្នាថា ថៃមិនបណ្ដោយឱ្យមានបុគ្គលណាម្នាក់ប្រើប្រាស់ទឹកដីថៃប្រឆាំងកម្ពុជា ឬបង្កគ្រោះថ្នាក់ដល់ប្រទេសកម្ពុជាឡើយ។ ហើយភាគីទាំងក៏បានអរគុណគ្នាទៅវិញទៅមក ចំពោះការសម្រេចបែបនេះ។

នៅក្នុងជំនួបសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គូសបញ្ជាក់ពីសារៈសំខាន់នៃការកសាងព្រំដែនមួយ ប្រកបដោយសន្តិភាព ស្ថិរភាព វិបុលភាព ហើយ កម្ពុជា ថៃបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ព ជាពិសេសក្នុងចំណោមបណ្តាអង្គភាព ដែលឈរជើងនៅតាមបណ្តាព្រំដែន ដើម្បីសន្តិភាព ស្ថិរភាពនៅតាមព្រំដែន។ ចំណែកនាយករដ្ឋមន្រ្តីថៃ បានឯកភាពបន្តធ្វើការរួមគ្នា ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ឱ្យឈានទៅដល់កម្រិតកាន់តែខ្ពស់ន្ថែមទៀត ដើម្បីនាំមកនូវកំណើន សុខុមាលភាព វិបុលភាពរួម សម្រាប់ប្រជាជាតិ និងប្រជាជនទាំងពីរ កម្ពុជា-ថៃ។

ក្នុងបរិបទសង្គ្រាមពាណិជ្ជកម្ម ភាគីកម្ពុជា និងថៃ បានជជែក និងឯកភាពគ្នាថា នឹងបង្កើនទំហំពាណិជ្ជកម្មពី១០ពាន់លានដុល្លារអាមេរិក ដល់ទៅ១៥ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៧។ត្រង់ចំណុចនេះ សូមរម្លឹកឡើងវិញថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបានជាង ៤,២៨ ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅថៃបាន ៨៤៥ លានដុល្លារ ។ចំណែកថៃនាំចូលមកវិញ ៣,៤៤ ពាន់លានដុល្លារ។ក្នុងបច្ចុប្បន្ន គិតត្រឹមខែមករាដើមឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃសម្រេចបានទឹកប្រាក់ជាង ៣៧០ លានដុល្លារអាមេរិក ដោយកើនឡើងជាង ៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

នាយករដ្ឋមន្ត្រីថៃ ក៏បានចូលជួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅរសៀលដដែល។ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្រ្តីថៃ បានអះអាងថា លោកស្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានសំណាងណាស់ដែលមានឪពុកសុទ្ធតែជាមេដឹកនាំប្រទេសដ៏ពូកែ និងបានធ្វើជាទីប្រឹក្សាដ៏ល្អសម្រាប់កិច្ចការងារដឹកនាំប្រទេស។

នាយករដ្ឋមន្ត្រីថៃ ក៏បានចូលជួបសម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅរសៀលថ្ងៃដដែល។ នៅក្នុងជំនួបនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានលើកឡើងថាភាពជាមិត្តជិតខាងល្អជាមួយកម្ពុជាបានធ្វើឱ្យប្រទេសកម្ពុជានិងថៃជម្នះនូវបញ្ហាជាច្រើន ទទួលបានផលប្រយោជន៍ខ្ពស់ និងការអភិវឌ្ឍក្នុងតំបន់។
លោកស្រីនាយករដ្ឋមន្ត្រី ក៏បានចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រះបរមរាជវាំង មុននឹងចាកចេញពីកម្ពុជា៕

-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ២២ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក