Connect with us

ព័ត៌មានជាតិ

តើអ្វីទៅជាកម្មវិធីប្រកួត «សហគ្រាសមួយ ជាសហគមន៍សុខសាន្ដមួយ»?

បានផុស

នៅ

រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្ដួចផ្ដើមបង្កើតកម្មវិធីប្រកួតប្រជែង «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ពង្រឹងការអនុវត្តរបបសន្តិសុខសង្គម និងបង្កើនផលិតភាពការងារនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកផងដែរថា កាលពីខែធ្នូឆ្នាំ២០២៣ ក្រសួងការងារបានប្រកាសកំណត់ស្ដីពីលក្ខណៈវិនិច្ឆ័យទៅលើក្រុមហ៊ុន រោងចក្រ សហគ្រាសនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ដើម្បីចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់ក្រោម​ប្រធានបទ«សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»។

ដូច្នេះតើអ្វីទៅជាកម្មវិធី «សហគ្រាសមួយ ជាសហគមន៍សុខសាន្ដមួយ»?

កម្មវិធីប្រកួតប្រជែង«សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ត្រូវបានបង្កើតឡើងជាផ្លូវការនៅឆ្នាំ២០២៤ ដើម្បីលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ សំដៅបង្កើតនូវវប្បធម៌អនុលោមភាពតាមច្បាប់ ពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ពង្រឹងការអនុវត្តរបបសន្តិសុខសង្គម និងបង្កើតផលិតភាពការងារ។

ដើម្បីទទួលបានបេក្ខភាពចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ ក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ត្រូវមានលក្ខខណ្ឌការងារល្អ សំដៅដល់សហគ្រាសដែលទទួលបានវិញ្ញាបនបត្របញ្ជាក់អនុលោមភាព លក្ខខណ្ឌការងារពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បើតាមលក្ខខណ្ឌនោះ គឺរោងសហគ្រាស មិនមានការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ មានទំនាក់ទំនងវិជ្ជាជីវៈល្អ សំដៅដល់សហគ្រាសដែលមានយន្តការដោះស្រាយវិវាទការងារនៅថ្នាក់សហគ្រាស និងមានយន្តការកិច្ចសន្ទនាសង្គម។

បន្ថែមលើនេះ ត្រូវមានសុវត្ថិភាព និងសុខភាពការងារ សំដៅដល់សហគ្រាសដែលមិនមានគ្រោះថ្នាក់ការងារ និងមានស្នាដៃក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងការងារ។ មានអនុលោមភាពរបបសន្តិសុខសង្គមសំដៅដល់សហគ្រាសដែលអនុវត្តល្អនូវកាតព្វកិច្ចស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម។ រោងចក្រសហគ្រាសនោះ ត្រូវមានគោលការណ៍ជំរុញការប្រើប្រាស់កម្មករនិយោជិតមានពិការភាពសំដៅដល់សហគ្រាសដែលប្រើប្រាស់កម្មករនិយោជិតមានពិការភាពលើសពី ៣ភាគរយនៃចំនួនកម្មករនិយោជិតសរុប។ ត្រូវមានកម្មវិធីលើកកម្ពស់ផលិតភាពការងារសំដៅដល់សហគ្រាសដែលអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញ និងលើកកម្ពស់សមត្ថភាពរបស់កម្មករនិយោជិត។

លើសពីនេះ ត្រូវមានកម្មវិធីទទួលខុសត្រូវសង្គមសំដៅដល់សហគ្រាសដែលចូលរួមគាំទ្រក្នុងដំណើរការទារកដ្ឋាន និងមត្តេយ្យសហគមន៍ មានកម្មវិធីការងារបៃតង និងលើកទឹកចិត្តមិនប្រើប្រាស់ថង់ប្លាស្ទិក ព្រមទាំងចូលរួមការងារសង្គមផ្សេងៗ។

ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ លោក អ៊ុន ដារ៉ា បានចាត់ទុកកម្មវិធីនេះ គឺការលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងវិស័យការងារដែលស្របទៅ​តាមគោលនយោបាយជាតិរបស់​រាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍វិស័យការងារនៅកម្ពុជា។

លោកថា៖ «ខ្ញុំគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីនេះ ព្រោះជាការលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម រោងចក្រសហគ្រាស និងវិស័យវាយនភណ្ឌកាត់ដេរ និងផលិតផលិតផលកាបូប ដែលខិតខំប្រឹងប្រែងកែប្រែបរិយាកាសនៅក្នុងរោងចក្រ បរិយាកាសការងារ និងការអនុវត្តទៅតាមស្ដង់ដារអន្តរជាតិផងដែរ»។

លោកបន្ដថា កម្មវិធីនេះគឺជាការបន្តអនុវត្តនូវយន្តការត្រីភាគី និងការជំរុញកិច្ចសន្ទនាសង្គមសំដៅសម្រេចឱ្យបាននូវការពិគ្រោះយោបល់គ្រប់ជ្រុង​ជ្រោយនិងពេញលេញដែលជាតម្រូវការរបស់ត្រីភាគី និងភាគីពាក់ព័ន្ធក្នុងវិស័យការងារ ដើម្បីជួយប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។

ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា(CWPUC) លោក ហង្ស រ៉ាវី យល់ឃើញផងដែរថា កម្មករដែលបម្រើការងារនៅក្នុងរោងចក្រសហគ្រាសដែលចូលរួមប្រកួតប្រជែងកម្មវិធីនេះ គឺពិតជាទទួលបានផល​ប្រយោជន៍យ៉ាងច្រើនដូចជា ការយកចិត្តទុកដាក់ទៅលើសេវារបបសន្ដិសុខសង្គម, បរិយាកាសការងារនៅក្នុងរោងចក្រ ត្រូវបានកែលម្អ, កម្មករទទួលបានការបណ្តុះបណ្តាលជំនាញ និងលើកកម្ពស់សមត្ថភាពរបស់កម្មករនិយោជិត។

លោកថា៖ «កម្មវិធីនេះ គឺបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងការកែប្រែមុខមាត់ថ្មីបន្ថែម ជាពិសេសលើកកម្ពស់សិទ្ធិការងារឱ្យកាន់តែល្អប្រសើរថែមទៀត។ ហេតុនេះ ខ្ញុំពេញចិត្តចំពោះកម្មវិធីប្រឡងប្រណាំងនេះ»។

គួរបញ្ជាក់ថា រោងចក្រសហគ្រាសដែលទទួលបានជ័យលាភីក្នុងការប្រឡងប្រណាំងនឹងត្រូវប្រកាសជ័យលាភីនៅក្នុងទិវាពលកម្មអន្តរជាតិ ដែលប្រារព្ធនាថ្ងៃទី១ ខែឧសភា ជារៀងរាល់ឆ្នាំ។ ម្ចាស់ជ័យលាភីនឹងទទួលបានការលើកទឹកចិត្តដូចជា ពានរង្វាន់ដែលមាន ៣កម្រិត, វិញ្ញាបនបត្រ និងការលើកលែងការចុះ​អធិការកិច្ចសាមញ្ញក្នុងរយៈពេលចាប់ពី ១ឆ្នាំដល់៣ឆ្នាំ ស្របតាមកម្រិតនៃពានរង្វាន់ដែលទទួលបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម១០ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ១១ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម