ព័ត៌មានជាតិ
គម្រោងវិនិយោគទុនចាប់ពី ៥ លានដុល្លារ ត្រូវឆ្លងកាត់ការអនុម័តពីក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា
គម្រោងវិនិយោគដែលមានទំហំទឹកប្រាក់ចាប់ពី ៥ លានដុល្លារ ត្រូវឆ្លងកាត់ការចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ នេះបើតាមនាយករដ្ឋមន្រ្តីកម្ពុជាថ្លែងនៅក្នុងពិធី “សំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា” កាលពីព្រឹកម្សិលមិញនេះ។
ត្រីមាសទី ១ ឆ្នាំ ២០២៥ កម្ពុជាទទួលបានគម្រោងវិនិយោគជាង ១៧០ គម្រោង ខណៈឆ្នាំ ២០២៥ រំពឹងនឹងទទួលបានការវិនិយោគកាន់តែច្រើនថែមទៀត។

ប្រមុខរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធី “សំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា” កាលពីព្រឹកម្សិលមិញនេះ ដោយគូសបញ្ជាក់ថា ឆ្នាំ ២០២៤ កម្ពុជាបានបំបែកកំណត់ត្រាក្នុងការទទួលបានគម្រោងវិនិយោគប្រមាណ ៤០០ គម្រោង ជាមួយទុនវិនិយោគជាង ៦ ពាន់លានដុល្លារ។
ទំហំវិនិយោគដែលមានទុនចាប់ពី ៥ លានដុល្លារ ត្រូវឆ្លងកាត់ការចុះបញ្ចីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនោះមិនរាប់បញ្ចូលគម្រោងវិនិយោគដែលមានទុនក្រោម ៥ លានដុល្លារ នៅក្រោមដែនសមត្ថកិច្ចពីរដ្ឋបាលថ្នាក់ក្រោមជាតិ។ សម្តេចធិបតីបញ្ជាក់បន្ថែម។
នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ថា គម្រោងវិនិយោគដែលមានការធ្វើកិច្ចសន្យាច្បាស់លាស់ មានទីតាំងវិនិយោគពិតប្រាកដ ទើបរាប់បញ្ចូលក្នុងគម្រោងវិនិយោគក្នុងប្រទេសកម្ពុជា ខុសពីបណ្តាប្រទេសមួយចំនួនរាប់តាំងពីការដាក់ពាក្យស្នើសុំរាប់បញ្ចូលជាគម្រោងវិនិយោគ។
ប្រមុខរដ្ឋាភិបាលបានបញ្ជាក់ថា គ្រាន់តែដាក់ពាក្យស្នើសុំ ដោយមិនទាន់បោះជំហានណាមួយ ដូចជាការធ្វើកិច្ចសន្យាជាក់លាក់ ការមានទីតាំងវិនិយោគច្បាស់លាស់ គឺមិនទាន់អាចរាប់បញ្ចូលក្នុងគម្រោងវិនិយោគនៅឡើយទេសម្រាប់ប្រទេសកម្ពុជា។

នៅត្រីមាសទី ១ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ១៧២ គម្រោង ក្នុងនោះវិនិយោគិនចិនឈរនៅលំដាប់លេខ១ ដែលមានចំណែករហូតដល់ជិត៨០%។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសម្ពោធដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management -cdcIPM) ដែលជាថ្នាលបច្ចេកវិទ្យាសម្រាប់អនុញ្ញាតឱ្យវិនិយោគិន អាចដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមប្រព័ន្ធអនឡាញបានពីគ្រប់ទីកន្លែង ទាំងការដាក់ពាក្យ ការបង់កម្រៃសេវា និងការទទួលបាននូវវិញ្ញាបនបត្រចុះបញ្ជីគម្រោងជាទម្រង់ឌីជីថល។
ប្រព័ន្ធ cdcIPM មានមុខងារពិសេសមួយ ដែលអនុញ្ញាតឱ្យអ្នកដាក់ពាក្យស្នើសុំ ក៏ដូចជាថ្នាក់ដឹកនាំ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាចធ្វើការពិនិត្យពីវឌ្ឍនភាពរបស់ពាក្យស្នើសុំបានគ្រប់ពេលវេលា ដើម្បីធានាបានថាគម្រោងវិនិយោគដែលបានស្នើសុំ ត្រូវបានអនុម័តក្នុងរយៈពេល ២០ថ្ងៃ នៃថ្ងៃធ្វើការ ដោយស្របទៅតាមច្បាប់ស្ដីពីវិនិយោគមានជាធរមាន។

នៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងយានយន្តរបស់ក្រុមហ៊ុន ប៊ី វ៉ាយ ឌី ខេមបូឌា BYD CAMBODIA នៅខេត្តព្រះសីហនុនៅព្រឹកមិញនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តដល់វិនិយោគិន ដែលមានបំណងស្នើសុំដាក់ពាក្យចុះបញ្ជីគម្រោងវិនិយោគថ្មី ឬពង្រីកគម្រោងវិនិយោគដែលមានស្រាប់ អាចប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា ដើម្បីភាពងាយស្រួលនិងចំណេញពេលវេលា។
គិតត្រឹមខែមីនា ឆ្នាំ២០២៥ របាយការណ៍របស់ក្រសួងការងារបានបង្ហាញថា ចំនួនរោងចក្រសហគ្រាសដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកើនឡើងពីចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ២៥៥ សហគ្រាស ហើយកម្មករបានកើនឡើងពីចំនួនប្រមាណ ១.៨១ លាននាក់ ដល់ចំនួន១.៨៥ លាននាក់៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


