Connect with us

ព័ត៌មានជាតិ

ទំពាំងព្រិច​ដល់​រដូវ​សំបូរ មួយ​គីឡូ​អាច​លក់បានតម្លៃ ៦ ពាន់រៀលតាមទីផ្សារសព្វថ្ងៃ

បានផុស

នៅ

របររកទំពាំងព្រិច ជាមុខរបរមួយរបស់ប្រជាពលរដ្ឋ នៅតាមភូមិដាច់ស្រយាល ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ដែលអាចរកប្រាក់ចំណូលប្រចាំថ្ងៃ ដោយលក់បានតម្លៃ ៦ ពាន់រៀល ក្នុង ១ គីឡូក្រាមទៅតាមទីផ្សារសព្វថ្ងៃ

លោក ញឹក វឿន រស់នៅភូមិអញ្ចាញ និងជាអ្នកប្រមូលទិញទំពាំងព្រិចស្រស់ពីប្រជាពលរដ្ឋ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ លោកតែងជិៈម៉ូតូធ្វើដំណើរផ្លូវឆ្ងាយ ទៅទិញទំពាំងព្រិចស្រស់ពីប្រជាពលរដ្ឋផ្ទាល់ និងពីអ្នកលក់បន្តនៅភូមិឆ្ងាយៗ ដូចជា ភូមិប្អៀរ និងភូមិសណ្ដាយ ក្នុងឃុំថ្មី ស្រុកចិត្របុរី ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងមួយថ្ងៃ លោក​អាច​ប្រមូលទិញទំពាំងស្រស់បានចន្លោះពី ២០០ ទៅ ៥០០ គីឡូក្រាម ដោយក្នុង១គីឡូក្រាម តម្លៃ ៦ ពាន់រៀល។ ចំពោះតម្លៃទំពាំងស្រស់នេះវិញ គឺមានការប្រែប្រួលឡើងចុះទៅតាមរដូវទំពាំងសំបូរ ឬមិនសំបូរផងដែរ។

លោកបន្តថា រដូវនេះ ទំពាំងព្រិចដុះច្រើនជាងពេលណាទាំងអស់ ដោយសារព្រៃនៅតំបន់ខ្លះត្រូវភ្លើងឆេះ និងមានភ្លៀងធ្លាក់​ជោគជាំ អំណោយផលដល់ការលូតលាស់នៃទំពាំង ក៏ដូចជារុក្ខជាតិផ្សេងៗ។

លោក ញឹក វឿន បានប្រាប់​ពី​វិធី​ការ​រៀបចំ​ចំពោះទំពាំងព្រិចស្រស់ដែលទិញ ត្រូវយកមកកាត់ផ្នែកចាស់ៗចោល យកតែផ្នែកខ្ចីៗ រួច​យកទៅដាក់ក្នុងឆ្នាំស្ងោរឲ្យឆ្អិន រួចហើយទុកឲ្យត្រជាក់ស្រង់ពីឆ្នាំងដាក់ក្នុងធុងស្នោវេចខ្ចប់ឲ្យបានត្រឹមត្រូវ ហើយ​យកលក់​បន្តឲ្យម៉ូយដែលបានកម្មង់ទិញដូចជា នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ដោយទំពាំងស្ងោរឆ្អិន លក់ក្នុង ១គីឡូក្រាម តម្លៃចន្លោះពី ១ម៉ឺនរៀល ១ម៉ឺន២ពាន់រៀល។

បើតាម​លោក ញឹក វឿន ទំពាំងព្រិច អាច​យកទៅធ្វើម្ហូបជាច្រើនមុខ ដូចជា សម្លម្សៅ ឬសម្លល្វែ សម្លកកូរ ឬសម្លអង្កលីង សម្លផិកទំពាំង ឬសម្លខ្ទិៈ ខរ និងអាចយកទៅធ្វើជ្រក់ទំពាំងក៏បានដែរ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម