Connect with us

ព័ត៌មានជាតិ

កម្ពុជា-អាមេរិកនឹងបន្តចរចារឿងពន្ធគយជុំទី២បន្តទៀតនៅខែមិថុនាខាងមុខ

បានផុស

នៅ

កម្ពុជា-អាមេរិក នឹង​បន្តចរចារឿងពន្ធគយជុំទី២បន្តទៀត​នៅ​សប្ដាហ៍ទី១ ខែ​មិថុនា ឆ្នាំ២០២៥ខាង​មុខ​នៅរដ្ឋធានីវ៉ាស៊ីនតោន។ នេះ​បើតា​ម​សេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី​១៥ ខែឧសភា របស់អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្ដីប្រកាសព័ត៌មាន​នោះឱ្យដឹង​ថាក្នុងការ​ប្រជុំ​ចរចា​ជុំទី១ពី​ថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែឧសភានេះ​នៅរដ្ឋធានីវ៉ាស៊ីនតោន ភាគីអាមេរិក និងកម្ពុជាបាន​ផ្លាស់ប្ដូរយោបល់​ដោយ​ត្រង់ទៅត្រង់មកក្នុងបរិយាកាស​យោគយល់ លើ​ការ​ពង្រឹង​បន្ថែម​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្មនិង​វិនិយោគទ្វេភាគី និង​បាន​ពិភាក្សា​ស៊ីជម្រៅលើ​អត្ថបទសេចក្ដីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្ម​បដិការ​ផងដែរ។

ការចរចាជុំទី១​នេះ​ធ្វើឡើងរវាងប្រធាន​ក្រុមការងារចំពោះ​កិច្ច​សម្របសម្រួល​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគទ្វេភាគី​កម្ពុជា-អាមេរិក លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល ចរចាតទល់ជាមួយ អនុប្រធាន​តំណាង​ពាណិជ្ជកម្ម​អាមេរិក​សហរដ្ឋអាមេរិកទទួល​បន្ទុក​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិកលោកស្រី Sarah Ellerman។

ក្នុងសេចក្ថីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ភាគីទាំង​ពី​របានឯកភាព​គ្នា​រៀបចំ​កិច្ចប្រជុំចរចាជុំទី២នៅសប្ដាហ៍ទី១ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន»។

កម្ពុជា​ស្ថិត​ក្នុងប្រទេស​ប្រមាណ​២០​ដែល​អាមេរិក​បើក​ឱ្យមានការ​ចរចាជាមួយ បន្ទាប់ពី​បាន​ប្រកាសដាក់ពន្ធគយ​បដិការ​ជាមួយប្រទេស​ជាង​១៨០​ក្នុង​ពិភពលោក​កាល​ពី​ដើមខែមេសាកន្លងទៅ។ មុន​ចេញ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិកកាលពីថ្ងៃទី១០ ខែ​ឧសភា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល បានបង្ហាញពី​ជំនឿចិត្តខ្ពស់ក្នុងការ​ចេញទៅ​ចរចា​នេះ ដោយថា​រដ្ឋាភិបាលកម្ពុជាប្ដេជ្ញាក្នុងការ​ការពារ​ប្រយោជន៍​កម្ពុជា និង​ការងារ​ជូន​ប្រជាពលរដ្ឋឱ្យបាន៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម