នយោបាយ
កម្ពុជា-អាមេរិក ពិភាក្សាគ្នាតាមទូរស័ព្ទ ដើម្បីធានាឱ្យបាននូវដំណោះស្រាយដោយសន្តិវិធីលើជម្លោះព្រំដែនកម្ពុជា-ថៃ
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Allison Hooker អនុរដ្ឋលេខាធិការនៃក្រសួងការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការនយោបាយ ដើម្បីពិភាក្សាស្វែងរកមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-អាម៉េរិកបន្ថែមទៀត និងកិច្ចខិតខំប្រឹងប្រែងក្នុងការធានាឱ្យបាននូវដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ការសន្ទនាតាមទូរស័ព្ទនេះ ធ្វើឡើងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។

បើតាមក្រសួងការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី Allison Hooker បានប្រកាសស្វាគមន៍ចំពោះការបន្តសន្ទុះជាវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី ហើយបានអះអាងការប្តេជ្ញាចិត្តសាជាថ្មី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក រួមមាន វិស័យការពារជាតិ សន្តិសុខ និងកិច្ចខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
ជាមួយគ្នានេះ ប្រមុខការទូតកម្ពុជា ក៏បានថ្លែងអំណរគុណសហរដ្ឋអាម៉េរិកចំពោះការគាំទ្រលើដំណើរការសន្តិភាពរវាងកម្ពុជា-ថៃ និងបានបញ្ជាក់នូវការប្តេជ្ញាចិត្តឡើងវិញរបស់កម្ពុជាក្នុងការអនុវត្តបទឈប់បាញ់ពេញលេញកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃការដោះស្រាយជម្លោះតាមរយៈមធ្យោបាយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។

ការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់គោលជំហររួចមកហើយថា គឺប្រកាន់យកការដោះស្រាយដោយសន្តិវិធី។ នៅចំពោះមុខនាយករដ្ឋមន្រ្តីថៃក្នុងជំនួបត្រីភាគីនៅប្រទេសហ្វីលីពីនកាលពីថ្ងៃទី០៧ ខែឧសភា កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ច្បាស់ហើយថា ជម្លោះព្រំដែនកម្ពុជា-ថៃ ចាំបាច់ត្រូវដោះស្រាយដោយសន្តិវិធី តាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញាដែលមានស្រាប់។ សម្តេចធិបតី ក៏បញ្ជាក់យ៉ាងច្បាស់ទៀតថា ព្រំដែនមិនអាចផ្លាស់ប្តូរ ឬកំណត់ដោយកម្លាំង ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង «fait accompli» បានឡើយ។
ដូច្នេះហើយ កម្ពុជាអំពាវនាវឱ្យមានការអនុវត្តពេញលេញ និងជាបន្ទាន់នៃសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទាំងស្រុង ជាពិសេស ចំណុចទី ៣ ដែលអំពាវនាវឱ្យមានការបន្តការងារដោយយន្តការ JBC និងកំណត់ព្រំដែនឡើងវិញជាបន្ទាន់ដោយ JBC ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយមិនមានការពន្យារពេលបន្ថែមទៀត។ ប្រមុខរាជរដ្ឋាភិបាល ជឿជាក់ថា យន្តការនេះ មានសារៈសំខាន់ដើម្បីធានាបាននូវការបញ្ចប់នៃការអនុវត្តការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង «fait accompli» នៅលើដី និងដើម្បីធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងព្រំដែនអន្តរជាតិត្រូវបានគោរព និងស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់។

ជាថ្មីម្តងទៀត សម្តេចធិបតី នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំង ការប្តេជ្ញាចិត្តដែលបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីឈានទៅមុខដោយស្ថាបនា រហ័ស និងដោយសុច្ឆន្ទៈ៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


