ព័ត៌មានជាតិ
ពីប្រទេសជប៉ុន សម្ដេចធិបតី បានបញ្ជាឱ្យចល័តទ័ព និងអាវុធទៅកាន់ព្រំដែន ដើម្បីការពារបូរណភាពទឹកដី
សម្ដេចធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកម៉ោងជាង៦ព្រឹកថ្ងៃព្រហស្បតិ៍នេះ បានប្រាប់ប្រជាពលរដ្ឋកុំព្រួយបារម្ភចំពោះបញ្ហាដែលកងទ័ពថៃបាញ់ប្រហារមកលើកងទ័ពខ្មែរបណ្ដាលឲ្យបាត់បង់ជីវិតនាយទាហានម្នាក់ និងការចល័តទ័ពនិងអាវុធធ្ងន់ធ្ងន់ទៅកាន់ព្រំដែន ការបញ្ជាទ័ព ខណៈដែលនាយករដ្ឋមន្ត្រីមិននៅក្នុងប្រទេស។ ពីដឹកដីជប៉ុនក្នុងពេលបំពេញទស្សនកិច្ច សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា រាល់ការគ្រប់គ្រង ចល័ត បញ្ជាទ័ព គឺស្ថិតក្នុងដៃនាយករដ្ឋមន្ត្រី ហើយការចល័តទ័ព និងអាវុធទៅកាន់ព្រំដែន គឺដើម្បីការពារបូរណភាពទឹកដី។

នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អះអាចជូនពលរដ្ឋតាមរយៈបណ្ដាញសង្គមពីទឹកដីជប៉ុនថា៖«ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយខ្លីថា ទោះបីរូបខ្ញុំកំពុងតែស្ថិតនៅប្រទេសជប៉ុននិងមានកិច្ចប្រជុំការងារផ្សេងៗជាច្រើនក៏ដោយ ប្រព័ន្ធនិងឋានានុក្រមនៃការដឹកនាំបញ្ជាកម្លាំង ក្នុងករណីធំបែបនេះ គឺស្ថិតក្នុងការទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រីដដែល»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ទម្លាយថារាល់ការវិវឌ្ឍនៃសភាពការណ៍ដែលកើតមាននៅបន្ទាត់ព្រំដែន គឺឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការ និង មេបញ្ជាការកងទ័ពជើងគោក បានរាយការណ៍ជាប់ជាប្រចាំជូនសម្ដេច រួមទាំងលទ្ធផលនៃការទាក់ទងគ្នារវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការកងទ័ពជើងគោកកម្ពុជាជាមួយសមភាគីថៃ ក្នុងគោលដៅទប់ស្កាត់កុំឲ្យការប៉ះទង្គិចគ្នាកាន់តែរីក និងព្យាយាមឱ្យសភាពការណ៍ការវិលត្រឡប់ទៅភាពស្ងប់ស្ងាត់និងទំនាក់ទំនងល្អរវាងកងទ័ពជួរមុខនៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ រាល់ការសម្រេចចិត្តសំខាន់ៗក៏ត្រូវទទួលបានការឯកភាព ឬទទួលបទបញ្ជាពីរូបពីសម្ដេច រួមទាំងការចល័តកម្លាំងកងទ័ព និងអាវុធទៅព្រំដែន។

សម្ដេចធិបតី នាយឧត្ដមសេនីយ៍ អះអាងថា មិនចង់ឃើញមានការប្រយុទ្ធគ្នារវាងកងទ័ពនិងកងទ័ពដែលមិនផ្ដល់ផលចំណេញអ្វីសម្រាប់ប្រទេស និងប្រជាជនទាំងពីរនោះឡើយ ជាពិសេសកងទ័ពដែលត្រូវប្រយុទ្ធគ្នាផ្ទាល់នៅសមរភូមិមុខ។

ភ្ជាប់នឹងរូបថតពីរសន្លឹក ក្នុងឯកសណ្ឋានយោធា ក្នុងពេលចរចា សម្ដេចមហាបវរធិបតី ដាក់ក្ដីសង្ឃឹមថាជំនួបចរចានេះ នឹងមានលទ្ធផលល្អ ស្ថានការណ៍កងទ័ពនឹងថមថយកម្ដៅ មានទំនាក់ទំនងល្អដូចមុន។ សម្ដេចធិបតី ដាក់ក្ដីសង្ឃឹមដូច្នេះ៖«ក្នុងន័យនេះ ខ្ញុំសង្ឃឹមថាជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃនៅល្ងាចនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាស្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខរបស់យើងទាំងពីរដូចដែលបានធ្វើកន្លងមក »។

«ចំពោះការចល័តកម្លាំង និងអាវុធទៅព្រំដែន គឺជាការអនុវត្តផែនការបម្រុងរបស់កងទ័ពក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជា ដែលត្រូវត្រៀមជាស្រេចក្នុងករណីចាំបាច់ជាយថាហេតុណាមួយដែលអាចកើតឡើង។» នេះជាការអះអាងបន្ថែមរបស់សម្ដេច ហ៊ុន ម៉ាណែត នៅចំពោះមុខស្ថានការណ៍។

ដូចដែលធ្លាប់បានលើកក្នុងវេទិកាសាធារណៈកន្លងរួចមក បន្ទាប់ពីស្ថានការណ៍នៅព្រំដែនប្រឈមមុខដាក់គ្នា សម្ដេច ហ៊ុន ម៉ាណែត នៅតែអះអាងថាកម្ពុជាមិនមានបំណងឈ្លានពានប្រទេសណាមួយនោះទេ ហើយយើងចង់ឲ្យការដោះស្រាយបញ្ហាព្រំដែន ប្រព្រឹត្តទៅដោយផ្អែកលើមូលដ្ឋានបច្ចេកទេសនិងច្បាប់អន្តរជាតិ។ ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិនៅក្នុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានរំលោភលើបូរណភាពទឹកដីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ កុំព្រួយបារម្ភបន្ទាប់ឃើញព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សាយដោយមិនមានប្រភពច្បាស់លាស់។ សម្ដេចធិបតី ទប់ស្កាត់ស្ថានការណ៍នេះ កុំឱ្យរីកធំក្លាយជាសង្គ្រាមជាតិសាសន៍ បែបនេះ៖« ខ្ញុំក៏សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើង ទប់ស្កាត់កុំឲ្យបញ្ហានេះទៅរីកធំរហូតក្លាយជាជម្លោះជាតិសាសន៍ និងសូមផ្ដល់ការទុកចិត្តចំពោះរាជរដ្ឋាភិបាល ក៏ដូចជាកងទ័ពរបស់យើងក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះដោយការទទួលខុសត្រូវខ្ពស់»។

កាលពីម្សិលមិញក្រសួងការពារជាតិកម្ពុជា ឱ្យដឹងថានៅព្រឹកថ្ងៃទី២៨ ខែឧសភា មានហេតុការណ៍ផ្ទុះអាវុធរវាងកងទ័ពថៃ និងកម្ពុជាកើតឡើងនៅនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ តាមក្រសួងការពារជាតិ គឺ កងទ័ពថៃ ជាអ្នកបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្ដាលឲ្យព្រិន្ទបាលឯក សួន រ៉ោន បាត់បង់ជីវិតភ្លាមៗ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


