Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យកងទ័ពកម្ពុជា និងឡាវ បន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

បានផុស

នៅ

ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យកងទ័ពកម្ពុជា និងឡាវ បន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងបន្ថែមទៀតរវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសតាមរយៈការបណ្ដុះបណ្ដាលធនធានមនុស្សទៅវិញទៅមកក្នុងវិស័យការពារជាតិ។ ការជំរុញបែបនេះ ធ្វើឡើងក្នុងជំនួបសម្ដេចតេជោ ជាមួយប្រធានអគ្គសេនាធិការកងទ័ពឡាវ នាព្រឹកថ្ងៃអង្គារនេះ ដែលថ្លែងឱ្យដឹងក្រោយជំនួបដោយលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមលោក ជា ធីរិទ្ធ នៅក្រោយជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន និងលោកឧត្ដមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) អនុរដ្ឋមន្ដ្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងឡាវ នាពេលបច្ចុប្បន្ន ជាពិសេសសង្កត់ធ្ងន់លើទំនាក់ទំនងក្នុងវិស័យការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរ។

ឧត្ដមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតាមព្រំដែន ដែលជាព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ឡាវ តាមរយៈការសហការរវាងកងទ័ព ក៏ដូចជាអាជ្ញាធរនៃប្រទេសទាំងពីរ។ លោកឧត្ដមសេនីយ៍ឯក បានប្ដេជ្ញាថា នឹងខិតខំប្រឹងប្រែងពូនជ្រុំនៃទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្តទៀត។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងចាត់ទុកដំណើរទស្សនកិច្ចរបស់លោកឧត្ដមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត មកកាន់កម្ពុជាក្នុងពេលនេះ នឹងក្លាយជាចលករដ៏សំខាន់ជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឡាវ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ហើយនិយាយដោយឡែក គឺទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។

សម្ដេចតេជោ បានជំរុញបន្ថែមឱ្យវិស័យការពារជាតិ ក៏ដូចជាកងទ័ពកម្ពុជា និងឡាវ ពង្រីកនូវការចែករំលែកបទពិសោធន៍គ្នាក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរវាងគ្នាទៅវិញទៅមកឱ្យកាន់តែផុលផុស និងមានចំនួនច្រើនជាងមុន តាមរយៈការផ្ដល់អាហារូបករណ៍ក្នុងវិស័យការពារជាតិ ដើម្បីជាផ្នែកក្នុងការរុញច្រាននៃការបណ្ដុះបណ្ដាលមូលធនមនុស្សនៅក្នុងវិស័យការពារជាតិនេះឱ្យកាន់តែរីកចម្រើនសម្រាប់ប្រទេសទាំងពីរ។

សម្ដេចតេជោ ក៏រីករាយដែលឃើញកិច្ចសហប្រតិបត្តិការល្អនៅតាមព្រំដែនរវាងកម្ពុជា និងឡាវ ហើយសម្ដេចក៏បានជំរុញបន្ថែមឱ្យអាជ្ញាធរ ក៏ដូចជាកងទ័ពនៃប្រទេសទាំងពីរ ធ្វើការជាមួយគ្នាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណារក្សានូវសន្តិភាពសន្តិសុខតាមព្រំដែននេះឱ្យបានកាន់តែល្អប្រសើរ។

សម្ដេចតេជោ បានផ្ដល់យោបល់ឱ្យធ្វើកិច្ចសហប្រតិបត្តិការតាមព្រំដែនក្នុងក្របខ័ណ្ឌនៃការពង្រីកទំនាក់ទំនងល្អ ដូចជាការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម ប៉ុន្តែលើសពីនេះ សម្ដេចតេជោ ក៏ចង់ឃើញកិច្ចសហប្រតិបត្តិការសម្រាប់គ្រប់គ្រងគ្រោះមហន្តរាយនៅតាមព្រំដែន ដូចជាទឹកជំនន់ ភ្លើងឆេះព្រៃជាដើម ដើម្បីឱ្យកិច្ចសហប្រតិបត្តិការតាមព្រំដែនរបស់កម្ពុជា និងឡាវ មានគ្រប់ទម្រង់ និងកាន់តែស៊ីជម្រៅបន្ថែមទៀត៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម