ព័ត៌មានជាតិ
ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ បិទជាផ្លូវការ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»
ភ្នំពេញ ៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ បិទជាផ្លូវការក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។

ថ្លែងក្នុងរបាយការណ៍ស្វាគមន៍របស់ លោក ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក អប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា នៅរាជធានីភ្នំពេញ និងតាមខេត្ត-ក្រុងទូទាំងប្រទេស។ ដោយឡែក នៅរាជធានីភ្នំពេញពិធីនេះមានអ្នកចូលរួម និងអ្នកទស្សនារហូតដល់ប្រមាណ ៧ម៉ឺននាក់ មកពីក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការ សមាគម វិស័យឯកជន អាជ្ញាធរដែនដី គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ សាលាចំណេះទូទៅ និងសាធារណជនទូទៅ។

លោក ហ៊ីង ស៊ីដេត បញ្ជាក់ថា ទិវាជាតិឆ្នាំនេះមានការដាក់តាំងនូវស្នាដៃសំខាន់ៗ និងសមិទ្ធផលផ្សេងៗនៅតាមស្តង់ចំនួន ២០៥ស្តង់ មកពីក្រសួង ស្ថាប័ន គ្រឹះស្ថានបណ្តុះបណ្ដាលសាធារណៈ អង្គការ សមាគម ក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍបានចូលរួមបង្ហាញសមិទ្ធផលស្នាដៃថ្មីៗជាច្រើន ដែលបានបង្កើតឡើង ដោយសិស្ស និស្សិតមកពី គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឧបករណ៍សម្ភារៈដែលជាបច្ចេកវិទ្យាថ្មីៗ ដែលកំពុងប្រើប្រាស់ក្នុងការបង្រៀន និងការរៀននៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងការដាក់តាំងបង្ហាញនូវខ្សែចង្វាក់ផលិតកម្ម តាមបែបទំនើបក្នុងយុគសម័យឌីជីថល ដែលកំពុងប្រើប្រាស់នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានាជាដើម។
ថ្លែងក្នុងពិធីនោះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតគោរពជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការគាំទ្រយ៉ាងពេញទំហឹងដល់ការអភិវឌ្ឍ វិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ។ ជាមួយគ្នានោះ លោកជំទាវក៏បានធ្វើការថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ស្ថាប័នជាតិ និង អន្តរជាតិ សមាគម អង្គការសង្គមស៊ីវិល សហគ្រាស គ្រឹះស្ថានឯកជនទាំងអស់ សមាគមនិយោជក សហជីព បងប្អូនកម្មករនិយោជិត ដៃគូអភិវឌ្ឍ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈក្នុងកន្លងមក។

លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា តាមអ្វីដែលឯកឧត្តម ហ៊ីង ស៊ីដេត លើកឡើងបានបង្ហាញយ៉ាងច្បាស់ថា វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅកម្ពុជាបានកំពុងបោះជំហានទៅមុខគួរជាទីមោទនៈ ដោយមានកូនខ្មែរជាច្រើនរូបដែលជាសិស្ស និស្សិតរបស់គ្រឹះស្ថាន TVET បានបង្កើតនូវរ៉ូបូតទំនើបៗជាច្រើនប្រភេទ, ព្រមទាំងមានវត្តមានរបស់ក្រុមហ៊ុនទាំងក្នុង និងក្រៅប្រទេសជាច្រើនចូលរួមបង្ហាញផលិតផល។

លោកជំទាវរដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងបន្តរៀបចំប្រារព្ធទិវាជាតិនេះនៅឆ្នាំបន្តបន្ទាប់ទៀត។

ទន្ទឹមគ្នានេះ លោកជំទាវក៏បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ វិស័យឯកជន អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍទាំងអស់ បន្តចូលរួមសហការគ្នាឱ្យបានផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការប្រារព្ធទិវាជាតិមួយនេះ ព្រមទាំងសូមបន្តរួមចំណែកចូលរួម និងគាំទ្រលើកទឹកចិត្តទាំងធនធានថវិកា និងធនធានបច្ចេកទេសក្នុងផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញនៅកម្ពុជា៕





-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៤ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល