ព័ត៌មានជាតិ
ក្រុមហ៊ុនបារាំង VINCI ចង់វិនិយោគលើវិស័យថាមពល និងទឹកស្អាតនៅកម្ពុជា
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ លោក Nicolas NOTEBAERT ប្រធានក្រុមហ៊ុន VINCI Airports និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA បានបញ្ជាក់ពីការចាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគលើវិស័យថាមពលស្អាត និងទឹកស្អាតនៅកម្ពុជា។

ក្រុមហ៊ុន VINCI មានមូលដ្ឋាននៅប្រទេសបារាំង ជាក្រុមហ៊ុនឈានមុខគេនៅអឺរ៉ុប ដែលបានធ្វើអាជីវកម្មលើវិស័យ អាកាសយានដ្ឋាន ផ្លូវដែក ផ្លូវល្បឿនលឿន ស្ពាន និងគម្រោងវិនិយោគផ្សេងៗទៀត។ ក្រុមហ៊ុន VINCI បានវិនិយោគក្នុងវិស័យអាកាសយានដ្ឋាននៅកម្ពុជា រយៈពេលជាង៣០ឆ្នាំមកហើយជាមួយនឹងវឌ្ឍនភាពនៃអាជីវកម្មកាន់តែរីកចម្រើន ដែលបានរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលធានាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលជាលក្ខខណ្ឌចាំបាច់នៃការធានាបាននូវស្ថិរភាពនៃវិនិយោគរបស់វិស័យឯកជន ក៏ដូចជាភាពជោគជ័យរបស់ក្រុមហ៊ុន។

លោកប្រធានក្រុមហ៊ុន ក៏បានគូសបញ្ជាក់ពីការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនអ្នកធ្វើដំណើរតាមយន្តហោះ ដែលក្នុងរយៈពេល៣០ឆ្នាំមកនេះ ចំនួនអ្នកធ្វើដំណើរមានការកើនឡើងប្រមាណ ៤០ដង បើប្រៀបធៀបទៅនឹងឆ្នាំ១៩៩៥។ លោក បានអះអាងពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលបច្ចុប្បន្នកំពុងតែមមាញឹកដើម្បីត្រៀមលក្ខណៈក្នុងពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ។
ក្រៅពីវិស័យអាកាសចរណ៍ លោកប្រធានក្រុមហ៊ុន ក៏បានបញ្ជាក់ជូនសម្ដេចធិបតី ពីការចាប់អារម្មណ៍វិនិយោគលើវិស័យផ្សេងៗទៀតដូចជា វិស័យថាមពលស្អាត និងទឹកស្អាតនៅកម្ពុជា ដែលក្រុមហ៊ុនរំពឹងថា នឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលជាការវិនិយោគឈ្នះឈ្នះ រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃចំពោះជោគជ័យនៃអាជីវកម្មរបស់ក្រុមហ៊ុន VINCI Airports នៅកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសការរួមចំណែកដល់ការជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា ព្រមទាំងបានអបអរសាទរចំពោះខួបទី៣០ នៃភាពជាដៃគូរវាងក្រុមហ៊ុនVINCI និងកម្ពុជា។
សម្ដេចធិបតី បានគូសរំលេចពីគោលនយោបាយ និងយុទ្ធសាស្ត្រគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញការវិនិយោគបរទេស តាមរយៈការដាក់ចេញនូវការលើកទឹកចិត្តនានាដល់វិនិយោគិន។ សម្រាប់វិស័យអាកាសចរណ៍ សម្ដេច ថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយបើកចំហជើងមេឃ ពោលគឺភ្ជាប់ទំនាក់ទំនងជាមួយបណ្ដាប្រទេសលើសកលលោក ខណៈបច្ចុប្បន្ននេះ ជើងហោះហើរត្រង់ពីកម្ពុជាទៅកាន់បណ្ដាប្រទេសជាច្រើន ត្រូវបានតភ្ជាប់ និងកំពុងពង្រីកការតភ្ជាប់ជើងហោះហើរបន្ថែមទៀត ស្របពេលនឹងកំណើននៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ការរីកចម្រើននៃការហោះហើរត្រង់នេះ សម្ដេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា នឹងជួយកាត់បន្ថយដល់ការចំណាយ និងពេលវេលាលើការធ្វើដំណើរ និងទាក់ទាញអ្នកធ្វើដំណើរជាធុរកិច្ច និងជាអ្នកទេសចរមកកម្ពុជាកាន់តែច្រើនថែមទៀត។ ចំពោះបំណងនៃការពង្រីកការវិនិយោគបន្ថែមលើវិស័យផ្សេងៗរបស់ក្រុមហ៊ុន សម្ដេចធិបតី លើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តទំនាក់ទំនងឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ហើយសម្ដេច បញ្ជាក់ថា រាជរដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រ និងតែងតែយកចិត្តទុកដាក់ចំពោះភាពជោគជ័យនៃការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


