Connect with us

ព័ត៌មានជាតិ

លោក ប៉ែន បូណា ប្រាប់ឱ្យរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

បានផុស

នៅ

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា នេះ បានទទូចឱ្យរដ្ឋាភិបាលថៃ ប្រញាប់បោសសម្អាតរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះខ្លួនឯងឱ្យជ្រះ ហើយឈប់ទាញកម្ពុជាទៅពាក់ព័ន្ធជាមួយ។ ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យរដ្ឋាភិបាលថៃលោក ជេរ៉ាយុ ហួងសាប់ ( Jirayu Huangsab) ត្រូវបានសារព័ត៌មានរបស់ថៃស្រង់សម្តីថា ប្រទេសថៃនឹងសហការជាមួយការិយាល័យប្រឆាំងនឹងគ្រឿងញៀននិងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ ( UNODC) និងអង្គការលើកលែងទោសអន្តរជាតិដើម្បីដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញពីប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន បូណា បន្តថា ថៃគួរតែបោះបង់ចោលទម្លាប់ដ៏អាក្រក់ក្នុងការទម្លាក់បញ្ហាទៅឱ្យប្រទេសជិតខាងនៅពេលដែលខ្លួនមានរឿងអាស្រូវផ្ទៃក្នុង។

លោកបញ្ជាក់ថា រយៈពេលជាងមួយខែចុងក្រោយនេះ ចាប់តាំងពីមានភាពតានតឹងបញ្ហាព្រំដែនដែលបង្កឡើងដោយទាហានថៃ កាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥ មក ប្រទេសកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជាទទួលរងការលាបពណ៌បង្ខូចបង្កាច់គ្រប់បែបយ៉ាងពីសំណាក់អាជ្ញាធរនិងមន្ត្រីថ្នាក់ដឹកនាំថៃ។

អាស្រ័យហេតុនេះ លោក ព្រមានឱ្យថៃប្រញាប់បញ្ឈប់វប្បធម៌ដ៏អាក្រក់នេះ ហើយយកពេលវេលាដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនឱ្យបានឆាប់ទើបជាការល្អ។អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា កម្ពុជាចេះដោះស្រាយបញ្ហានៅក្នុងប្រទេសរបស់ខ្លួនតាមរយៈយន្តការប្រយុទ្ធប្រឆាំងជាមួយឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធឺណិតដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដោយផ្ទាល់និងបានធ្វើការងារយ៉ាងសកម្មនិងអាចគ្រប់គ្រងសភាពការណ៍បាន។

ជាមួយគ្នាលោក ប៉ែន បូណាបានប្រាប់ទៅរដ្ឋាភិបាលថៃកុំព្រួយបារម្ភពីកម្ពុជា ខណៈដែលប្រទេសរបស់ខ្លួន គឺជាសំបុកឧក្រិដ្ឋជនតាមអនឡាញ និងសំបុកជួញដូរគ្រឿងញៀនដ៏ធំបំផុតក្នុងតំបន់។ បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា គឺកម្ពុជាទេដែលរងគ្រោះពីបណ្តាញចែកចាយឧក្រិដ្ឋជនតាមអ៊ិនធឺណិត និងចែកចាយគ្រឿងញៀនពីប្រទេសថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម