Connect with us

ព័ត៌មានជាតិ

ក្រុមប្រឹក្សាធម្មនុញ្ញគាំទ្ររដ្ឋាភិបាលកម្ពុជាដែលជ្រើសយកច្បាប់អន្តរជាតិក្នុងដំណោះស្រាយព្រំដែនទឹកជាមួយថៃ   

បានផុស

នៅ

ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៧នេះ បានចេញសេចក្ដីថ្លែងការណ៍ពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងាកទៅរកយន្តការច្បាប់អន្តរជាតិ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ សម្រាប់ដំណោះស្រាយបញ្ហាដែនទឹកសមុទ្រត្រួតគ្នាជាមួយប្រទេសថៃ។ ក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសគាំទ្រចំពោះការសម្រេចចិត្តបែបនេះរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសគាំទ្រពីក្រុមប្រឹក្សាធម្មនុញ្ញនេះ ធ្វើឡើងក្រោយរាជរដ្ឋាភិបាលកម្ពុជាបានជ្រើសរើសនូវយន្តការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ដែលហៅកាត់ជាភាសាអង់គ្លេសថា UNCLOS ជំនួសឱ្យយន្តការទ្វេភាគីជាមួយថៃ បន្ទាប់ពីភាគីថៃបានដកខ្លួនជាឯកតោភាគីពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ពាក់ព័ន្ធតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៅក្នុងឈូងសមុទ្រថៃ កាលពីពេលថ្មីៗនេះ។

សេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បានចាត់ទុកការប្រកាន់យកយន្តការច្បាប់អន្តរជាតិក្នុងដំណោះស្រាយព្រំដែននេះថា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងរឹងមាំចំពោះសន្តិភាព ការសន្ទនា នីតិរដ្ឋ និងការដោះស្រាយវិវាទដោយសន្តិវិធីក្រោមច្បាប់ និងវិធានអន្តរជាតិ ដែលសហគមន៍អន្តរជាតិតែងប្រាថ្នាចង់បាន។

ក្រុមប្រឹក្សាធម្មនុញ្ញ បានសង្កត់ធ្ងន់ថា«បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបំពានបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ»។ ការសង្កត់ធ្ងន់យ៉ាងដូច្នេះដោយសំអាងតាមរដ្ឋធម្មនុញ្ញនៃកម្ពុជា ត្រង់មាត្រា២។

ក្នុងន័យនេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្ដែងក្ដីរំពឹងលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តការពាររដ្ឋធម្មនុញ្ញ និងឈានទៅសម្រេចបានដំណោះស្រាយព្រំដែន ការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិ ដោយឈរលើគោលការណ៍សន្តិភាពនិយម និងសន្តិវិធី ក្រោមយន្តការច្បាប់ជាតិ និងច្បាប់អន្តរជាតិជាធរមាន៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម