Connect with us

ព័ត៌មានជាតិ

កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៧ ឈ្មោះ ហ្វ្រង់ស៊ីស្កូ (Fransisco)

បានផុស

នៅ

បន្ទាប់ពីព្យុះទី៦ កម្ពុជា នឹងបន្តរងឥទ្ធិពលពីព្យុះមួយទៀតឈ្មោះ ហ្វ្រង់ស៊ីស្កូ (Fransisco) T2507 ដែលជាព្យុះទី៧ ក្នុងឆ្នាំ២០២៥ នឹងធ្វើឲ្យនៅតាមតំបន់ចំនួនមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់។

ព្យុះទី៧ ឈ្មោះ ហ្វ្រង់ស៊ីស្កូ (Fransisco) នេះ បានកើតឡើងដោយសារការវិវដ្ដពីសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូង មានឥទ្ធិពលលើសមុទ្រអានដាម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ តែទោះយ៉ាងណា ព្យុះហ្វ្រង់ស៊ីស្កូ នេះពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។ នេះបើតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅព្រឹកថ្ងៃទី២៤ ខែកក្កដា នេះ។

តាមកាករប្រកាសរបស់ក្រសួងធនធានទឹក ស្ថានភាពបែបនេះ​ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ នឹងធ្វើឱ្យតំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់បក់មកពីទិសនិរតី និងបស្ចិមមានល្បឿនមធ្យម៦ម៉ែត្រក្នុងមួយវិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី១០%។

តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់មកពីទិសនិរតី និងពាយ័ព្យមានល្បឿនមធ្យម៧ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០%។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់មកពីទិសនិរតី និងបស្ចិម មានល្បឿនមធ្យម៨ម៉ែត្រ ក្នុងមួយវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១៥%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា២,៥០ម៉ែត្រ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម