Connect with us

ព័ត៌មានជាតិ

ក្រសួងធនធានទឹក និងអាជ្ញាធរខេត្តកំពង់ចាម បំភ្លឺចំពោះពាក្យសម្ដីរបស់ថ្នាក់ដឹកនាំខ្លួន ក្រោយមានប្រតិកម្មពីអ្នកកាសែត

បានផុស

នៅ

ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងរដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីបំភ្លឺពាក់ព័ន្ធនឹងការលើកឡើងរបស់លោក ថោ ជេដ្ឋា និងលោក អ៊ុន ចាន់ដា ក្រោយមានប្រតិកម្មពីអ្នកកាសែត។ ស្ថាប័នទាំងពីរ ថា ថ្នាក់ដឹកនាំខ្លួនមិនបាននិយាយដោយដាក់បន្ទុកលើអ្នកសារព័ត៌មានដែលអនុវត្តការងារស្របតាមក្រមសីលធម៌វិជ្ជាជីវៈឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីបំភ្លឺរបស់ក្រសួងធនធានទឹក នៅថ្ងៃទី៣០ ខែមិថុនា បានបញ្ជាក់ថា ការលើកឡើងរបស់លោក ថោ ជេដ្ឋា គឺមិនបានដាក់បន្ទុកទៅលើអ្នកសារព័ត៌មាន ដែលអនុវត្តការងារស្របតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានរបស់កម្ពុជានោះឡើយ។ តែសំដៅតែលើអ្នកសារព័ត៌មានមួយចំនួនដែលបានចុះផ្សាយដោយពុំបានធ្វើការវិនិច្ឆ័យឱ្យបានគ្រប់ជ្រុងជ្រោយ និងតម្លាភាព។

បំភ្លឺដូចគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បានលើកឡើងនៅក្នុងសេចក្ដីបំភ្លឺថា«ថ្នាក់ដឹកនាំទាំងពីរ គឺមានបំណងសំដៅតែទៅលើបុគ្គលអ្នកសារព័ត៌មានមួយចំនួនតូចប៉ុណ្ណោះ ដែលមិនបានអនុវត្តតាមជំនាញវិជ្ជាជីវៈនិងក្រមសីលធម៌អ្នកសារព័ត៌មាន ផ្សព្វផ្សាយព័ត៌មានដោយមិនបានប្រមូលប្រភពគ្រប់ជ្រុងជ្រោយ ធ្វើឱ្យព័ត៌មាននោះ មិនបានឆ្លុះបញ្ចាំងពីការពិត ប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងរដ្ឋបាលខេត្តក្នុងការបម្រើប្រជាពលរដ្ឋ»។

ការបំភ្លឺរបស់ស្ថាប័នទាំងពីរ បានធ្វើឡើងក្រោយមានការចុះផ្សាយ និងចែកចាយព័ត៌មានតាមបណ្តាញសង្គមនានានូវឃ្លីបវីដេអូខ្លី ដោយបានដកស្រង់ការសន្ទនារបស់លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងពេលចុះពិនិត្យសិក្សាជួសជុលច្រាំងទន្លេបាក់ស្រុត ក្នុងក្រុងកំពង់ចាម កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងកិច្ចសន្ទនានោះ រដ្ឋមន្ត្រីធនធានទឹក និយាយថា “ពួកអ្នកកាសែតហ្នឹងខូចណាស់ កន្លែងណាឱ្យច្បាប់ហើយ ក៏ថតបង្ហោះដែរ” ហើយបន្ទរដោយអភិបាលខេត្តកំពង់ចាម ថា “ទាល់តែដាក់ខ្នោះមួយពីរទៅ បានដឹងខ្លួន”។

អាជ្ញាធរខេត្តកំពង់ចាមបានសម្ដែងការសោកស្តាយចំពោះសំឡេងសន្ទនាខាងលើ ដែលមិនមានប្រភពច្បាស់លាស់ ធ្វើឱ្យមានការយល់ច្រឡំ និងបានប៉ះពាល់ដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានទូទៅ។

អាជ្ញាធរខេត្តកំពង់ចាម និងក្រសួងធនធានទឹក សុទ្ធតែបានទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មាន ដោយចាត់ទុកអ្នកសារព័ត៌មានជាដៃគូដ៏មានប្រសិទ្ធភាព ដែលបានធ្វើជាស្ពានចម្លងព័ត៌មានពីអាជ្ញាធរ ទៅកាន់មហាជន និងពីមហាជន មកកាន់អាជ្ញាធរវិញ។

ស្ថាប័នទាំងពីរនេះបានអះអាងពីការផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាសារព័ត៌មាន ដើម្បីដោះស្រាយនូវករណីមានការសង្ស័យ អំពើល្មើស ឬបទល្មើសនានានៅតាមមូលដ្ឋាន។

ពាក់ព័ន្ធនឹងវិស័យធនធានទឹក ក្រសួងបានលើកទឹកចិត្តឱ្យការរាយការណ៍ចំពោះករណីមានការសង្ស័យ អំពើល្មើស ឬបទល្មើសនានាពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួង ដោយជៀសវាងការផ្សព្វផ្សាយព័ត៌មាន ដែលពុំមានមូលដ្ឋានច្បាស់លាស់ជាហេតុនាំឱ្យមានការយល់ច្រលំពីសំណាក់មហាជន៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម