Connect with us

ព័ត៌មានជាតិ

ពលករខ្មែរកំពុងត្រឡប់ចូលកម្ពុជា តាមច្រកព្រំដែនចាំយាម ខេត្តកោះកុង ក្នុងចំនួនច្រើនមិនធ្លាប់មាន

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះ ក្រុមពលករខ្មែរដែលបម្រើការងារនៅថៃ បាននិងកំពុងនាំគ្នាសម្រុកវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ តាមច្រកព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង។ ខណៈជនជាតិថៃដែលធ្វើក្នុងប្រទេសកម្ពុជា ក៏សម្រុកទៅប្រទេសរបស់ពួកគេវិញដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាំងពីម៉ោង៩ព្រឹក រហូតដល់ម៉ោងនេះ អត្រាចំនួនពលករខ្មែរដែលបាននាំគ្នាសម្រុកចូលមកខេត្តកោះកុងដោយមានចំនួនជាច្រើននាក់ មិនធ្លាប់មានពីមុនមកនោះទេ ក្រោយមានភាពតានតឹងបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។ តាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា សភាពការណ៍​នៅកោះកុងគឺមិនទាន់ផ្ទុះអាវុធនោះទេ តែដោយសារថៃបន្តដាក់សម្ពាធដោយសកម្មភាពឈ្លានពានកម្ពុជា តាមរយៈការត្រៀមចល័តនាវាចូលចន្លោះកោះកូត និងកោះឆាង ចំនួន៤គ្រឿងបន្ថែម សរុបចំនួន៨គ្រឿង បើគិតត្រឹមម៉ោងថ្ងៃត្រង់នេះ។

លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង បានប្រាប់កម្ពុជាថ្មីឱ្យដឹងថា ក្រុមការងារកំពុងជួយសម្រួលបំពេញបែបបទជូនពលករខ្មែរ ហើយជាក់ស្តែងសូម្បីតែបុគ្គលិករបស់ថៃ ដែលបម្រើការក្នុងវិស័យឯកជនក្នុងភូមិសាស្រ្តខេត្តកោះកុង ក៏កំពុងចាកចេញពីខេត្តទៅថៃវិញផងដែរ។

លោកអភិបាលរងខេត្ត បន្តថា រដ្ឋបាលខេត្ត និងក្រុមការងារជំនាញ បានសម្របសម្រួលដឹកជញ្ជូនពលករខ្មែរមកកាន់ទីស្នាក់សាខាកាកបាទក្រហមខេត្ត ដើម្បីផ្តល់អាហារ ស្រង់ស្ថិតចំនួនបន្ថែម និងបន្តដឹកជញ្ចូនពួកគាត់ទៅកាន់ស្រុកកំណើតរបស់ពួកគាត់។

គួរជម្រាបថា ធម្មតាក្នុង១ថ្ងៃច្រកទ្វារព្រំដែនចាំយាម ទទួលពលករខ្មែរពីថៃខ្ទង់៣០ទៅ៥០ក្នុង១ថ្ងៃ ប៉ុន្តែ២ថ្ងៃចុងក្រោយនេះគេសង្កេតឃើញថាមានចំនួនច្រើននាក់ ខណៈស្ថានការណ៍កម្តៅប្រយុទ្ធនៅភាគឧត្តរនៃប្រទេសកម្ពុជាចម្បាំងជាមួយយោធាថៃ។

ទិនទាក់បញ្ហានេះដែរ លោក យក់ សង្វាត់ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង អះអាងថា ក្រុមហ៊ុនKKNក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្ត បានប្រកាសឱ្យបុគ្គលិក កម្មករ ឈប់សម្រាកចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកក្កដា ករណីមានស្ថានភាពប្រែប្រួលថ្មីនឹងជូនដំណឹងតាមក្រោយទៀត៕(អត្ថបទៈសិរីវឌ្ឍនៈ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម