Connect with us

ព័ត៌មានជាតិ

អនុប្រធានព្រឹទ្ធសភាជំរុញសមាជិកខ្លួនបន្តសកម្មភាពមនុស្សធម៌ និងពន្យល់ពលរដ្ឋកុំជឿព័ត៌មានគ្មានប្រភព

បានផុស

នៅ

អនុប្រធានទី២នៃព្រឹទ្ធសភា លោកបណ្ឌិត ធន់ វឌ្ឍនា ស្នើដល់គណៈកម្មការទាំង១០ និងភូមិភាគទាំង៨របស់ព្រឹទ្ធសភា បន្តជួយសកម្មភាពមនុស្សធម៌នៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងរងគ្រោះដោយការភៀសសឹក ហើយពិសេសត្រូវជួយពន្យល់ពលរដ្ឋកុំឱ្យជឿលើព័ត៌មានដែលគ្មានប្រភពច្បាស់លាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ធន់ វឌ្ឍនា បានសម្តែងនូវការកោតសរសើរដល់សមាជិកព្រឹទ្ធសភា ដែលបានរួមចំណែកយ៉ាងសកម្មជួយដល់សមរភូមិមុខ ពិសេសគឺការឧបត្ថម្ភទាំងស្មារតី និងទាំងសម្ភារៈដល់វីរកងទ័ព ដែលបាននិងកំពុងបំពេញភារកិច្ចយ៉ាងអង់អាចក្លាហាន ដើម្បីប្រទេសជាតិ និងប្រជាជាតិកម្ពុជា ក៏ដូចជាជនភៀសសឹកជាង ១៧ម៉ឺននាក់ ដែលកំពុងស្នាក់នៅក្នុងខេត្តចំនួន៥ មានខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ ពោធិ៍សាត់ និងសៀមរាប។

ក្នុងន័យនេះ កាលពីព្រឹកថ្ងៃទី៤ ខែសីហា លោកអនុប្រធានទី២ព្រឹទ្ធសភា បានស្នើឱ្យសមាជិក-សមាជិកាព្រឹទ្ធសភាទាំងអស់បន្តសកម្មភាពមនុស្សធម៌នេះបន្ថែមទៀត និងជាមួយគ្នានេះ ត្រូវប្រឹងប្រែងពន្យល់ប្រជាជន កុំជឿព័ត៌មានក្លែងក្លាយ ពោលគឺទទួលព័ត៌មានតែពីប្រភពផ្លូវការរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះ។ ការលើកឡើងរបស់លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានកើតឡើងក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងទទួលរងនូវការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើដែនអធិបតេយ្យជាតិ និងបូរណភាពទឹកដីពីសំណាក់យោធាថៃ។

លើកឡើងក្នុងកិច្ចប្រជុំប្រចាំខែជាមួយគណៈកម្មការទាំង១០ និងភូមិភាគទាំង៨របស់ព្រឹទ្ធសភា អនុប្រធានទី២ព្រឹទ្ធសភា បានបន្តលើកទឹកចិត្តដល់សមាជិក-សមាជិកាព្រឹទ្ធសភា ឱ្យពន្យល់ប្រជាជនឱ្យប្រើពាក្យពេចន៍សមរម្យថ្លៃថ្នូរសាកសមជាពលរដ្ឋខ្មែរ មិនបំភ្លៃ មិនបំផ្លើស និងជៀសវាងប្រើអំពើហិង្សាលើពលរដ្ឋថៃដែលរស់នៅក្នុងប្រទេសកម្ពុជា ស្របតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

បណ្ឌិត ធន់ វឌ្ឍនា លើកឡើងថា “កម្ពុជាពិតជាចង់រស់នៅដោយសុខសាន្តជាមួយថៃ ជាអ្នកភូមិផងរបងតែមួយ។ ដូច្នេះហើយទើបកម្ពុជាតែងតែបើកចំហ និងប្រកាន់ខ្ជាប់នូវយន្តការអន្តរជាតិ មធ្យោបាយការទូត និងច្បាប់អន្តរជាតិ ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី ពោលគឺកម្ពុជាពិតជាគ្មានអ្វីលាក់បាំងទេ ហើយចង់ឱ្យពិភពលោកឃើញ និងយល់ការពិត”។

លោក បានសង្កត់ធ្ងន់ថា ការគោរពគ្នា និងគោរពច្បាប់អន្តរជាតិ នឹងនាំសេចក្តីសុខ សេចក្តីចម្រើនសម្រាប់កម្ពុជា និងថៃ ពោលគឺប្រជាជននៃប្រទេសទាំងពីរ អាចជៀសវាងផុតពីការស្លាប់ របួស និងភៀសខ្លួនតទៅទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម