ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង នឹងជួបប្រជុំគ្នានៅប្រទេសចិន
ក្នុងសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងជួបប្រជុំគ្នានៅទីក្រុងអាននឹង ខេត្តយូណាន ប្រទេសចិន។ ខណៈរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ក៏នឹងមានវត្តមានចូលរួមកិច្ចប្រជុំលើកទី១០នេះដែរ។

ដំណើរទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងនេះ គឺតបតាមការអញ្ជើញរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។
ជាការកត់សម្គាល់ កិច្ចប្រជុំមេគង្គ-ឡានឆាង ដែលគ្រោងនឹងធ្វើនៅប្រទេសចិនខាងមុខនេះ គឺចំពេលដែលកម្ពុជា និងថៃ ដែលប្រទេសទាំងពីរក៏ជាសមាជិកនៃកិច្ចសហប្រតិបត្តិការនេះ បាននិងកំពុងមានបញ្ហាព្រំដែនដ៏ក្ដៅគគុកជាមួយគ្នា។ ក្នុងនោះ ចិនក៏ជាប្រទេសសម្របសម្រួលមួយផងដែរក្នុងជម្លោះព្រំដែននៃប្រទេសទាំងពីរ រហូតបានឈានដល់មានបទឈប់បាញ់ នាពេលថ្មីៗនេះ។ តែយ៉ាងនេះក្ដី គេមិនទាន់ដឹងថា ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងនេះ អាចនឹងជជែកគ្នាបន្ថែមពីបញ្ហារវាងកម្ពុជា និងថៃ ដែរឬយ៉ាងណានោះទេ។

ក៏ប៉ុន្តែ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងនេះនឹងធ្វើឡើងដើម្បីវាយតម្លៃទៅលើវឌ្ឍនភាព ដែលសម្រេចបានក្រោមផែនការសកម្មភាព ៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កំណត់ទិសដៅអនាគតសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ និងពង្រឹងចំណងមិត្តភាពនិងការគាំទ្រទៅវិញទៅមករវាងប្រទេសសមាជិកមេគង្គ-ឡានឆាង ក្នុងស្មារតីលើកកម្ពស់ការអភិវឌ្ឍដោយចីរភាព និងការតភ្ជាប់ផ្នែកសង្គម និងវប្បធម៌ នៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។
ចំពោះវត្តមានលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ជាមួយនឹងការចូលរួមកិច្ចប្រជុំខាងលើ ក៏គ្រោងនឹងទទួលជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសផ្សេងទៀត ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ដែលមានការចូលរួមពី ៦ប្រទេស រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងមហាអំណាចចិន។ យន្តការមេគង្គ-ឡានឆាង បាននិងកំពុងឆ្ពោះទៅមុខ ហើយក្លាយទៅជាគំរូនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដ៏មានប្រសិទ្ធភាព ផ្ដល់វឌ្ឍនភាពគួរឱ្យកត់សម្គាល់ និងបង្កើនកិច្ចសហការគ្នា៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


