Connect with us

ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់មហាផ្ទៃ ជំរុញអភិបាលរងខេត្តមណ្ឌលគិរីដែលទើបតែងតាំងថ្មី ខិតខំអភិវឌ្ឍខេត្ត

បានផុស

នៅ

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អ៊ុត សំអន ជំរុញដល់អភិបាលរងខេត្តមណ្ឌលគិរី ដែលទើបតែងតាំងថ្មី ត្រូវប្រឹងប្រែងរួមគ្នាអភិវឌ្ឍខេត្ត និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ជាពិសេស ត្រូវក្តាប់សភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនឱ្យបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ការជំរុញនេះ ធ្វើឡើងនាឱកាសអញ្ជើញចូលរួមពិធីប្រកាសចូលកាន់តំណែងអភិបាលរងចំនួនពីររូប គឺលោក  អ៊ុក ភ័ក្រ្តា អភិបាលរងថ្មី ជំនួសលោក ឈឹម កាន និងលោកស្រី កែវ សាវឿន អភិបាលរងខេត្តថ្មី ជំនួសលោកស្រី វិន ស៊ីធួន ដែលត្រូវផ្ទេរទៅកាន់មុខតំណែងថ្មី កាលពីថ្ងៃទី ១៣​ ខែ សីហា ឆ្នាំ ២០២៥។

នាឱកាសនោះ លោក អ៊ុត សំអន លើកឡើងថា បើទោះបីជាស្ថិតក្នុងការលំបាកដោយសារសង្គ្រាម ដែលបង្កឡើងដោយកងទ័ពថៃយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តរក្សាបាននូវប្រក្រតីភាពសេដ្ឋកិច្ច នយោបាយ និងសណ្តាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរ ។ លោកបញ្ជាក់ថា៖«ដូច្នេះអភិបាលរងខេត្តដែលទើបទទួលបានការតែងតាំងថ្មី ត្រូវចេះក្ដាប់ឲ្យបានរាល់សភាពការណ៍ សន្តិសុខសណ្តាប់ បញ្ហាប្រឈម និងការងារអភិវឌ្ឍន៍នានា ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទាន់ពេលវេលាសភាពការណ៍តម្រូវចាំបាច់ជូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ ពិសេសបំរើប្រជាពលឲ្យអស់ពីចិត្តពីថ្លើម»។

ជាមួយគ្នានេះលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ក៏បានលើកឡើងពីសក្តានុពលរបស់ខេត្ត ដែលពោរពេញទៅដោយសម្បត្តិធនធានធម្មជាតិយ៉ាងច្រើនសម្បូរបែប ដែលបានទាក់ទាញភ្ញៀវទេសចរយ៉ាងក្រាស់ក្រែលក្នុងមួយឆ្នាំៗ។ លោកបានអះអាងថា ក្រៅពីនោះនៅមានវិស័យ កសិកម្ម និងកសិឧស្សាហកម្ម ក៏មានសន្ទុះខ្លាំងក្លា ដែលអាចទាញយកនូវកំណើនសេដ្ឋកិច្ចពីមួយឆ្នាំទៅមួយឆ្នាំរួមចំណែកប្រែក្លាយជីវភាពពលរដ្ឋឱ្យបានល្អប្រសើរ។


ទាក់ទងការអភិវឌ្ឍខេត្តវិញ លោកបញ្ជាក់ថានឹងខិតខំបន្ថែមទៀតដើម្បីទាក់ទាញវិនិយោគ និងអភិវឌ្ឍតំបន់ថ្មី សំដៅដល់ការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ។ លោកថា៖«ទន្ទឹមនឹងនោះ គឺជាការចាំបាច់បំផុត ដែលរដ្ឋបាលខេត្ត ត្រូវការធន​ធានមនុស្សបន្ថែម ដើម្បីចូលរួមចំណែកក្នុង ការអភិវឌ្ឍមូលដ្ឋាន ស្របតាមយុទ្ឋសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា»៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម