Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានី បន្តនាំអំណោយជូនវីរកងទ័ពជួរមុខ ដោយគិតមកដល់ពេលនេះ មានចំនួនជាង ២០ លើកហើយ

បានផុស

នៅ

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ត​នាំយក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​ដែល​ជា​តម្រូវការ​ចាំបាច់ ទទួល​បាន​ពី​សប្បុរសជន ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ រស់នៅ​រាជធានី​ភ្នំពេញ និង​អំណោយ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ យក​មក​ប្រគល់​ជូន​វីរ​កងទ័ព និង​ជនភៀសសឹក ប្រចាំ​ខេត្ត​ព្រះវិហារ ដែល​គិត​មកដល់ពេលនេះ សរុប​ជាង ២០ លើក​មក​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រគល់​ និង​ទទួល​អំណោយ កាលពី​ព្រឹក​ថ្ងៃទី​ ១៤ ខែសីហា ឆ្នាំ​ ២០២៥ នេះ ត្រូវបាន​ធ្វើឡើង​នៅ​ទីបញ្ជាការ​ស្រាល​កង​អង្គរក្ស ដឹកនាំ​ដោយ​ លោក អ៊ឹមរ៉ន ហាស្សាន់ អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ទទួល​ដោយ​ផ្ទាល់​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍​ឯក សួន ពិរុណ មេបញ្ជាការ​រង​កង​អង្គរក្ស នៅ​ទី​បញ្ជា​ការដ្ឋាន​អង្គរក្ស​ប្រចាំ​ទិស​ខេត្ត​ព្រះវិហារ។

នា​ឱកាស​នោះ លោក​អភិបាល​រង​រាជធានី ក៏បាន​នាំ​មក​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដល់​វីរ​កងទ័ព​ដែល​កំពុង​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ជួរមុខ និង​ជូនពរ​វីរ​កងទ័ព​ទាំងអស់ សូម​ឱ្យ​មាន​សុខភាព​ល្អ សុខ​សុវត្ថិភាព ឈ្នះ​អស់​សត្រូវ​ឈ្លានពាន។

លោក អ៊ឹមរ៉ន ហាស្សាន់ បានឱ្យដឹង​ទៀតថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​នាំយក​អំណោយ​ជា​គ្រឿង​ឧបភោគ និង​បរិភោគ ប្រគល់​ជូន​វីរ​កងទ័ព និង​ជនភៀសសឹក ទាំង​ទិស​ប្រាសាទ​ព្រះវិហារ និង​ឧត្តរមានជ័យ ជាច្រើនលើកមកហើយ ខណៈ​លោក​ផ្ទាល់​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​នាំយកមក​ដោយផ្ទាល់​ទាំង​លើក​នេះ សរុប ៤ លើក។

លោក​បាន​បញ្ជាក់ថា អំណោយ​ទាំងអស់នេះ គឺជា​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​បាន​ពី​ប្រជាជន​រដ្ឋ​ចូលរួម ប្រគល់​ជូន​ដល់​វីរ​កងទ័ព​តាម​បន្ទាត់​ព្រំដែន​ជួរមុខ ខេត្តព្រះវិហារ ក្រោយពី​ទាហាន​ថៃ​បាន​បង្ក​សង្គ្រាម​ឈ្លាន​ពាន​យ៉ាង​គឃ្លើន​មក​លើ​អធិបតេយ្យភាព​កម្ពុជា។

លោក​អភិបាលរង ក៏​មិន​ភ្លេច​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ទឹកចិត្ត​ប្រជាពលរដ្ឋ ដែល​តែងតែ​ចូលរួម​ចែក​ធនធាន​តាម​លទ្ធភាព​រៀងៗ ខ្លួន ឧបត្ថម្ភ​ដល់​វីរ​កងទ័ព​ជួរមុខ និង​ក្រុម​គ្រួសារ​ពលរដ្ឋ​ដែល​បាននិងកំពុង​ជម្លៀស​ចេញពីផ្ទះ​សម្បែង​មក​ទីកន្លែង​សុវត្ថិភាព តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ នេះ​ពិតជា​បានបង្ហាញ​ពី​សាមគ្គីភាព​ជា​ធ្លុង​មួយ ខ្មែរ​ស្រលាញ់​ខ្មែរ ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ។

ជំនួសមុខ​ឱ្យ​វីរ​កងទ័ព​ដែល​កំពុង​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ជួរមុខ​ទាំងអស់ លោក​ឧត្ដមសេនីយ៍​ឯក សួន ពិរុណ មេបញ្ជាការ​រង​កង​អង្គរក្ស សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​លោក ឃួង ស្រេង និង​ក្រុម​ការងារ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ​របស់​សប្បុរសជន​នៅ​រាជធានី​ភ្នំពេញ និង​អំណោយ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ មក​ប្រគល់​ជូន​ដល់​កងទ័ព​ជួរមុខ។

បន្ថែម​លើ​នេះ លោក​ឧត្ដមសេនីយ៍​ឯក ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​ប្រជាពលរដ្ឋ​ដែល​បាន​ឧបត្ថម្ភ​នូវ​គ្រឿង​ឧបភោគ​បរិភោគ​ជាច្រើន​មុខ​សម្រាប់​វីរ​កងទ័ព​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ជួរមុខ។ ទឹកចិត្ត​ប្រជាពលរដ្ឋ គឺជា​កម្លាំងចិត្ត​ដ៏​ធំធេង​នៅ​ពីក្រោយ​កងកម្លាំង​ទាំងអស់គ្នា និង​បាន​ប្ដេជ្ញា​ការពារ​ដែន​អធិបតេយ្យភាព បូរណភាព​ទឹកដី​ពី​ចោរ​ឈ្លានពាន​ថៃ​ឱ្យ​បាន​ដាច់ខាត។

សូម​បញ្ជាក់​ថា អំណោយ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ នាំ​យក​មក​ប្រគល់​ជូន​ដល់​កង​អង្គរក្ស នា​ពេល​នេះ មាន​ប្រមាណ​ជិត ១០ មុខ ដូចជា អង្ករ ​, ខ្ទឹមស​ , ត្រី​ប្រឡាក់ ​, បាយក្តាំង ​, នំ​ចម្រុះ និង​សៀង​ប្រៃ​-​ផ្អែម៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម