Connect with us

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលពានរង្វាន់ “Smile Asia Philanthropic Visionary Award” នៅប្រទេសសិង្ហបុរី

បានផុស

នៅ

នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារ Singapore Marriott Tang Plaza ប្រទេសសិង្ហបុរី, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មាន​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ទទួល​បាន​នូវពានរង្វាន់ “Smile Asia Philanthropic Visionary Award” លើកទី ២ នៅ​ក្នុងកម្មវិធី “Smile Asia Charity Gala 2025” ដោយមានការប្រគល់ដោយផ្ទាល់ពីលោកជំទាវ Gan Siow Huang, Minister of State ទទួលបន្ទុកកិច្ចការបរទេស និងទទួលបន្ទុកក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរី ព្រមទាំងមានការចូលរួមពីភ្ញៀវកិត្តិយសក្នុងតំបន់ និងអន្តរជាតិជាច្រើនរូបទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​បញ្ជាក់​ជូន​ផង​ដែរ​ថា ពានរង្វាន់ “Smile Asia Philanthropic Visionary Award” ត្រូវបាន  បង្កើត​ឡើង ដើម្បីផ្ដល់ជូនជាកិត្តិយសដល់បុគ្គលឆ្នើមរូបណា ដែល​បាន​ចូលរួមចំណែកសំខាន់​ក្នុងសង្គមលើវិស័យថែទាំសុខភាព ហើយពានរង្វាន់នេះ​ជាលើកដំបូងត្រូវបានប្រគល់ថ្វាយជូន ម្ចាស់ក្សត្រីនៃប្រទេសប៊ូតង់ ហើយ​លោក​ជំទាវបណ្ឌិត​ក៏​ជា​ភរិយាថ្នាក់​ដឹក​នាំ​មួយ​រូប​ពី​កម្ពុជា​ដែលទទួលបានដំបូងគេ។ ចំពោះ​ការ​ប្រគល់​ពានរង្វាន់​លើកទី២ នេះ​ជូន​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត​គឺ​ជាការទទួលស្គាល់នូវ ស្នាដៃ សមិទ្ធផល និង ការ​ដឹកនាំ​ប្រកប​ដោយ​ចក្ខុវិស័យ​របស់​លោក​ជំទាវបណ្ឌិត ចំពោះអង្គការ Smile Cambodiaក៏ដូចជា ការ​យក​ចិត្ត​ទុក​ដាក់ចំពោះសុខភាព និង សុខុមាលភាព​របស់​កុមារ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។

ថ្លែង​ក្នុង​កម្មវិធី​ទទួល​ពានរង្វាន់​នេះ លោកជំទាវបណ្ឌិត បានសម្ដែងនូវក្ដីរំភើបរីករាយឥតឧបមា ប្រកប ដោយកិត្តិយស និងមោទនភាពដ៏ខ្ពង់ខ្ពស់ចំពោះការទទួលបានពានរង្វាន់ដ៏ពិសិដ្ឋនេះ ហើយបានបន្ថែមថា ពានរង្វាន់នេះមិនត្រឹមតែជាការទទួលស្គាល់ និង​ឆ្លុះ​បញ្ចាំង​ពី​ការ​លះបង់របស់លោកជំទាវតែម្នាក់ប៉ុណ្ណោះទេ តែ​ថែម​ទាំង​ជា​គុណតម្លៃតបស្នង​ដល់​ស្វាមី​របស់​លោកជំទាវ គឺ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, កូនៗ, ឪពុក-ម្ដាយ, ក្រុមគ្រួសារ, មិត្តភក្ដិ និងសហការីទាំងអស់របស់លោកជំទាវ ព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលតែងតែមានការជឿជាក់ និងចូលរួមគាំទ្រលោកជំទាវឱ្យសម្រេចបាននូវបេសកកម្មដ៏មានសារៈសំខាន់នេះ។

លោកជំទាវបណ្ឌិតបានបញ្ជាក់បន្ថែមថា, ស្វាមីលោកជំទាវតែងតែបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា គឺ​មិន​ទុក​កន្លែងណាមួយ ឬជនណាម្នាក់ចោលនោះទេ។ តាម​រយៈគោលជំហរ​នេះ, កម្ពុជាអាចសម្រេចបាននូវវឌ្ឍនភាពជាច្រើន ជាពិសេស​ក្នុងការកាត់បន្ថយភាពក្រីក្រ, ការលើកកម្ពស់វិស័យអប់រំ និង សុខាភិបាល ប៉ុន្តែ​នៅតែមានបញ្ហាប្រឈមមួយចំនួនទៀត ដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ និងបន្តចូលរួមដោះស្រាយ។ លោកជំទាវបានបន្ថែមថា, ការងារមនុស្សធម៌ គឺជាកិច្ចការងារដែលមិនងាយស្រួលសម្រេចបាននោះទេ តែ​អ្វី​ដែលសំខាន់អាចឱ្យយើងឈានទៅជម្នះបានឧបសគ្គទាំងនោះ គឺ ការតាំងចិត្ត, ការលើកទឹកចិត្តគ្នា និង ការមានក្ដីសង្ឃឹមជាប់ជានិច្ច លើអ្វីដែលយើងកំពុងតែធ្វើ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះដែរ, លោក​ជំទាវបណ្ឌិត បានសម្ដែងនូវអំណរគុណ​ដ៏​ស្មោះចំពោះអង្គការ Smile Asia និង Smile Cambodia ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ ចំពោះ​សកម្មភាពមនុស្សធម៌ និង សប្បុរសធម៌ទាំងឡាយកន្លងមក ជាពិសេសការលើក​កម្ពស់វិស័យសុខាភិបាល និង សុខុមាលភាព​កុមារ​នៅ​ក្នុង​ប្រទេសកម្ពុជា។

ទន្ទឹម​នេះ, ពាក់ព័ន្ធ​នឹង​បញ្ហាភាព​តានតឹង និង ការ​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​ជម្លោះព្រំដែនរវាងប្រទេសកម្ពុជា-ថៃ នាពេលថ្មីៗនេះ, លោក​ជំទាវបណ្ឌិត​បានយកឱកាសនេះ បន្តអំពាវឱ្យមានការគោរព និង អនុវត្ត​ឱ្យ​បាន​ជា​ដាច់​ខាត​នូវ​បទឈប់បាញ់ ដែលភាគីទាំងសងខាងបានព្រមព្រៀងគ្នា ឱ្យបានពិតប្រាកដ រឹងមាំ និង យូរ​អង្វែង​ជា​រៀងរហូត​តទៅ សំដៅស្ដារឡើងវិញនូវសន្តិភាព និង ភាពសុខសាន្តរបស់ប្រជាជន នៃប្រទេសទាំងពីរ ជៀសវាងនូវការស្អប់ខ្ពើម រើសអើងជាតិសាសន៍ និង ចងគំនុំគ្នា សម្រាប់ជំនាន់ក្រោយៗទៀត។

លោកជំទាវបណ្ឌិតបានបន្ថែមថា, ឆ្លងតាមការចុះជួបសួរសុខទុក្ខគ្រួសារយុទ្ធជនពលី និង កងទ័ពរងរបួសរបស់កម្ពុជាក្នុងពេលកន្លងមកនេះ,លោកជំទាវបានកត់សម្គាល់ឃើញថាលទ្ធផលនៃសង្គ្រាមនេះ បានជះឥទ្ធិពលអវិជ្ជមានជាច្រើន ចំពោះគ្រួសាររងគ្រោះ និងជាពិសេសលើបញ្ហាសតិអារម្មណ៍ និង សុខុមាលភាពកុមារផ្ទាល់តែម្ដង។

ជាទីបញ្ចប់, លោកជំទាវបណ្ឌិតបានលើកឡើងថា ពានរង្វាន់នេះ គឺមិនត្រឹមតែជានិមិត្តរូបសម្រាប់ថ្ងៃនេះប៉ុណ្ណោះទេ តែក៏ជាការចាប់ផ្ដើមថ្មីសម្រាប់ថ្ងៃអនាគតផងដែរ ដោយលោកជំទាវបណ្ឌិតបានបង្ហាញនូវការប្ដេជ្ញាចិត្តខ្ពស់ ថានឹងបន្តបេសកកម្មក្នុងសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ជូនដល់ប្រជាជនកម្ពុជាទាំងអស់ ឱ្យកាន់តែសកម្ម និងទូលំទូលាយបន្ថែមទៀត សំដៅជួយសម្រួល និងដោះស្រាយឱ្យបានជាអតិបរមាលើទុក្ខលំបាករបស់កុមារ និង គ្រួសារងាយរងគ្រោះ ជាពិសេសប្អូនៗកុមារី យុវតី យុវនារី នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម