Connect with us

ព័ត៌មានជាតិ

ដើមខែកញ្ញា ព្រះមហាក្សត្រ និងនាយករដ្ឋមន្ត្រីកម្ពុជា គ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន

បានផុស

នៅ

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្ដេចព្រះរាជមាតា នឹងយាងធ្វើព្រះរាជទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន នាដើមខែកញ្ញាខាងមុខ។ បើតាមក្រសួងការបរទេសកម្ពុជា ព្រះរាជដំណើរទស្សនកិច្ចនេះ គឺដើម្បីចូលរួមក្នុងពិធីរំលឹកខួបលើកទី៨០ទិវាជ័យជំនះនៃសង្គ្រាមតស៊ូរបស់ប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែកញ្ញា នៅទីក្រុងប៉េកាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណឹងនូវព្រះរាជទស្សនកិច្ចនេះ ត្រូវបានលើកឡើងក្នុងជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅទីក្រុងអាននីង ខេត្តយូណាន ប្រទេសចិន កាលពីសប្ដាហ៍មុន។

ជាមួយនឹងការលើកឡើងនូវទស្សនកិច្ចផ្លូវរដ្ឋនាពេលខាងមុខរបស់ព្រះមហាក្សត្រ និងសម្ដេចព្រះរាជមាតា រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានឱ្យដឹងពីការត្រៀមរៀបចំដំណើរអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅចិននាដើមខែក្រោយនេះផងដែរ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល Shanghai Cooperation Organization (SCO) Plus។

ជំនួបរវាងលោក ប្រាក់ សុខុន និងលោក វ៉ាង យី បើយោតាមខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា គឺរដ្ឋមន្ត្រីទាំងពីរ ក៏បានជួបជជែកគ្នាអំពីការរឹតចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីឱ្យកាន់ខ្លាំងក្លាបន្ថែមទៀត។ លោក ប្រាក់ សុខុន និងលោក វ៉ាង យី បានលើកសរសើរចំពោះការលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ ទៅជាសហគមន៍កម្ពុជា-ចិនគ្រប់រដូវកាល ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី ដែលសម្រេចក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្ររបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅកម្ពុជា កាលពីខែមេសាកន្លងទៅ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែម និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងមិត្តភាពដែកថែប ព្រមទាំងការលើកកម្ពស់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការអនុវត្តគម្រោងយ៉ាងសកម្មនូវច្រករបៀងស្រូវ និងត្រី និងច្រករបៀង ឧស្សាហកម្ម និងនវានុវត្តន៍ ដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម