ព័ត៌មានជាតិ
ឆ្នាំនេះ មានបេក្ខជនជាង ១៤ ម៉ឺននាក់ ដាក់ពាក្យប្រឡងបាក់ឌុបនៅទូទាំងប្រទេស កើនឡើងជិត ១ ម៉ឺននាក់
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប នៅឆ្នាំសិក្សា ២០២៤-២០២៥ នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៨ និង ២៩ ខែសីហា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយមានបេក្ខជនដាក់ពាក្យប្រឡងជាង ១៤ ម៉ឺននាក់ កើនឡើងជិត ១ ម៉ឺននាក់ បើធៀបទៅនឹងឆ្នាំមុនដែលមានបេក្ខជនត្រឹមជាង ១៣ ម៉ឺននាក់ ប៉ុណ្ណោះ។

បើតាម លោក ហួ ឈុនគ្រី អគ្គាធិការ នៃក្រសួងអប់រំ យុវជន និង កីឡា បានឱ្យដឹងថា ប្រឡងបាក់ឌុបនៅឆ្នាំនេះមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ ចែកជា ២៤១ មណ្ឌល ស្មើនឹង ៥ ៩២៤ បន្ទប់ប្រឡង នៅតាមបណ្ដារាជធានី-ខេត្តចំនួន ២៤។ ក្នុងចំណោមនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ១០៦ ០៤២ នាក់ ចែកជា ១៦៩ មណ្ឌល ស្មើនឹង ៤ ២៦៩ បន្ទប់ និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រចំនួន ៤០ ៦៧៨ នាក់ ចែកជា ៧២ មណ្ឌល ស្មើនឹង ១ ៦៥៥ បន្ទប់។ ចំណែកឯគណៈកម្មការចូលរួមក្នុងដំណើរការប្រឡងនេះ មានចំនួន ១៩ ៨០០ នាក់។

លោកបានបន្តថា ចំពោះបេក្ខជននៅតំបន់ជាប់ព្រំដែន មានប្រមាណ ២៥ ០០០ នាក់ ដែលមាន ខេត្តព្រះវិហារ ឧត្ដរមានជ័យ បន្ទាយមានជ័យ បាត់ដំបង កោះកុង ព្រះសីហនុ និង ប៉ៃលិន។ ដោយឡែក បេក្ខជនខេត្តព្រះវិហារ និង ឧត្ដរមានជ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ អំឡុងពេលបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ មានចំនួន ៣ ៦៨៥ នាក់។ ចំពោះបេក្ខជនខេត្តឧត្ដរមានជ័យ នឹងត្រូវទៅប្រឡងនៅវិទ្យាល័យចំនួន ២ ក្នុងស្រុកពួក ខេត្តសៀមរាប ចែកជា ៣ មណ្ឌល។ រីឯ បេក្ខជនខេត្តព្រះវិហារទាំងអស់ នឹងត្រូវប្រឡងនៅទីរួមខេត្តព្រះវិហារ។

លោកបានបន្ថែមថា ក្រសួង បានបិទផ្សាយបញ្ជីឈ្មោះបេក្ខជន លេខតុ និង លេខបន្ទប់ សម្រាប់បេក្ខជនខេត្តព្រះវិហារ និង ឧត្ដរមានជ័យ លើកទី ១ នៅថ្ងៃទី ១៨ សីហា ខណៈរាជធានី-ខេត្ត ២៣ ផ្សេងទៀត បិទផ្សាយនៅថ្ងៃទី ២១ និង លើកទី ២ បិទផ្សាយនៅថ្ងៃទី ២៧ ខែសីហា ពោលគឺមុនប្រឡងមួយថ្ងៃ។

លោកបានបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំ ២០២៥ នេះ ក្រសួងអប់រំ នៅតែប្រកាន់គោលការណ៍ដ៏ម៉ឺងម៉ាត់ដដែល ដើម្បីធានាគុណភាពសិស្សនោះគឺ គោលការណ៍«អ្នកចេះ គឺជាប់» ដោយមានការសហការពីអង្គភាពពាក់ព័ន្ធចំនួន ៦ ទៀត រួមមាន អង្គភាពប្រឆាំងអំពើពុករលួយ , ក្រសួងមហាផ្ទៃ និង បញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស , ក្រសួងសុខាភិបាល , សហភាពសហព័ន្ធយុវជនកម្ពុជា និងអគ្គិសនីកម្ពុជា ដើម្បីចូលរួមធានាសុវត្ថិភាព សុខភាព ចរន្តអគ្គិសនី ក៏ដូចជាធានាកន្លែងស្នាក់នៅ និង ទីតាំងចំណតផ្សេងៗ សម្រាប់បេក្ខជន។
គួរបញ្ជាក់ថា តួលេខបេក្ខជនដាក់ពាក្យប្រឡងបាក់ឌុបឆ្នាំនេះ បើធៀបទៅនឹងឆ្នាំមុន ឃើញថា មានការកើនឡើង ខណៈឆ្នាំមុនការប្រឡងបាក់ឌុបសម័យប្រឡងថ្ងៃទី ៨ និង ទី ៩ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ ស្រី ៧៤ ៨៨២ នាក់ ចែកជា ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣ បន្ទប់ ក្នុងនោះ មានបេក្ខជនមកប្រឡងចំនួន ១៣៤ ៦៣៤ នាក់ ស្រី ៧៣ ៩៦៧ នាក់ និងមានបេក្ខជនប្រឡងជាប់ទូទាំងប្រទេស សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយ នៃចំនួនបេក្ខជនមកប្រឡងចំនួន ១៣៤ ៦៣៤ នាក់។ ក្នុងនោះ មានបេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់ , និទ្ទេស B ចំនួន ៩ ៧០១ នាក់ , និទ្ទេស C ចំនួន ២២ ៦៧៥ នាក់ , និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់ និងនិទ្ទេស E ចំនួន ៣៥ ០៧៦ នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


