Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌ ៧ មករា ចុះត្រួតពិនិត្យការដ្ឋានផ្លាស់ប្ដូរការ៉ូឡាថ្មី ប្រវែងជាង ៣០០ ម៉ែត្រ នៅកំណាត់មហាវិថីព្រះមុនីវង្ស

បានផុស

នៅ

អាជ្ញាធរ​ខណ្ឌ ៧ មករា ចុះ​ត្រួតពិនិត្យ​មើល​ការដ្ឋាន​គម្រោង​ផ្លាស់ប្ដូរ​ការ៉ូឡា​ថ្មី នៅ​កំណាត់​មហាវិថី​ព្រះមុនីវង្ស ដើម្បី​ធ្វើ​ឲ្យ​ត្រូវ​លក្ខណៈ​បច្ចេកទេស​បាន​ល្អ​ប្រសើរ និង​លើក​សោភ័ណភាព​តាម​ដង​ផ្លូវ ជាពិសេស​សម្រាប់​ប្រជាពលរដ្ឋ​ងាយស្រួល​ធ្វើដំណើរ​ដោយ​ថ្មើរ​ជើង​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​ការ​ចុះ​ត្រួតពិនិត្យ​នេះ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃ​ទី ២៦ ខែ​សីហា ឆ្នាំ ២០២៥ ក្រោម​វត្តមាន លោក ឯក ឃុនដឿន អភិបាល​រង​រាជធានី​ភ្នំពេញ​ , លោក ថេង សុថុល អភិបាល​ខណ្ឌ ៧ មករា រួម​ទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​មើល​ការដ្ឋាន ស្ថិតនៅ​កំណាត់​មហាវិថី​ព្រះមុនីវង្ស មូលដ្ឋាន​សង្កាត់​មនោរម្យ ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ។

លោក ថេង សុថុល បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ត្រួតពិនិត្យ​មើល​ការដ្ឋាន​នេះ ដើម្បី​មើល​ថា តើ​ក្រុមហ៊ុន​ដេញ​ថ្លៃ​វិនិយោគ​នៅ​ក្នុង​ខណ្ឌ ការដ្ឋាន​អនុវត្ត​តាម​លក្ខណៈ​បច្ចេកទេស​ដែរ​ឬ​ទេ? និង​ណែនាំ​ម្ចាស់​ក្រុមហ៊ុន ឲ្យ​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ធ្វើ​យ៉ាងណា​មិន​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ពលរដ្ឋ ត្រូវ​កាត់បន្ថយ​ឲ្យ​បាន​ច្រើន​បំផុត។

លោក​បាន​បន្ត​ថា ការ​ផ្លាស់ប្ដូរ​ការ៉ូឡា​ថ្មី​នេះ ជា​គម្រោង​របស់​រដ្ឋបាល​ខណ្ឌ ដោយ​សង្កេត​ឃើញ​ថា​ការ៉ូឡា​នៅ​ចិញ្ចើម​ផ្លូវ​ព្រះមុនីវង្ស​នេះ មាន​សភាព​ចាស់​ទ្រុឌទ្រោម ខូចខាត ដូច្នេះ​ដើម្បី​លើក​កម្ពស់​សោភ័ណភាព​ផ្លូវ​សម្រាប់​ពលរដ្ឋ​អ្នក​ដំណើរ​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ដោយ​ថ្មើរជើង ជៀសវាង បង្ក​គ្រោះថ្នាក់​ណាមួយ​ជាយថាហេតុ រដ្ឋបាល​ខណ្ឌ បាន​ផ្លាស់ប្ដូរ​ការ៉ូឡា​ថ្មី ដោយ​លើក​ឲ្យ​ខ្ពស់​ជាង​មុន និង​ធានា​គុណភាព​ល្អ​ជាង​មុន​ផង​ដែរ។ ជាពិសេស​នោះ​បាន​ការ៉ូឡា​ឆ្នូត​ពណ៌​លឿន សម្រាប់​កំណត់​ព្រំ​រួចស្រេច​ផង​ដែរ។

ជាមួយ​នេះ លោក​អភិបាល​ខណ្ឌ ៧ មករា ក៏បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅ​ក្នុង​ខណ្ឌ ត្រូវ​ចុះ​ត្រួតពិនិត្យ​តាម​ការដ្ឋាន​ទាំងអស់​ក្នុង​មូលដ្ឋាន​ខណ្ឌ​ឲ្យ​បាន​ញឹកញាប់ ដើម្បី​ពិនិត្យ​មើល​ឲ្យ​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ក្នុង​ការដ្ឋាន៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម