Connect with us

ព័ត៌មានជាតិ

ថ្ងៃទី១នៃពិធីកាន់បិណ្ឌ ប្រជាពលរដ្ឋជាច្រើននាំគ្នាយកចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាមដោយស្នាមញញឹម

បានផុស

នៅ

ពិធីបុណ្យកាន់បិណ្ឌ គឺជាពិធីបុណ្យសាសនាដ៏ធំមួយក្នុងចំណោមពិធីបុណ្យផ្សេងៗទៀត ដែលប្រជាពលរដ្ឋខ្មែរតែងគោរពប្រណិប័តន៍ដើម្បីរំលឹក ឧទិ្ទសកុសលដល់សាច់ញាតិ មាតាបិតា បុព្វការីជនដែលបានលាចាកទៅលោកខាងមុខ។ ប្រជាពលរដ្ឋភាគច្រើនបានយកម្ហូបអាហារ និងផ្លែឈើ នំចំណីទៅប្រគេនដល់ព្រះសង្ឃ នៅតាមវត្តអារាមចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥ ខែភទ្របទ ដែលជាថ្ងៃឆ្លងបញ្ចប់ ឬគេហៅថា ថ្ងៃបុណ្យភ្ជុំបិណ្ឌ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព ស ២៥៦៩ ដែលជាថ្ងៃទី១ នៃពិធីកាន់បិណ្ឌ ប្រជាពលរដ្ឋជាតិខ្មែរទូទាំងប្រទេសបានចូលរួមគោរពពិធីកាន់បិណ្ឌទី១ ដើម្បីប្រារព្ធប្រពៃណីបុណ្យសាសនាប្រចាំឆ្នាំ។

លោក សែម សុខា ប្រជាពលរដ្ឋដែលបានយកចង្ហាន់មកប្រគេនដល់ព្រះសង្ឃនៅវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខបានប្រាប់ថា លោកបានចូលរួមពិធីនេះជារៀងរាល់ឆ្នាំ ព្រោះវាជាបុណ្យប្រពៃណីដ៏មានសារៈសំខាន់ ដែលបង្ហាញពីការដឹងគុណចំពោះមាតាបិតា សាច់ញាតិ និងបុព្វការីជនដែលបានលាចាកទៅលោកខាងមុខ ហើយនេះក៏ជាឱកាសឲ្យក្រុមគ្រួសាររួមគ្នា និងចែករំលែកសេចក្ដីសុខ ផល្លានិសង្ឃរៀងៗខ្លួន។

កញ្ញា លី សុភា ជានិស្សិតម្នាក់ក៏បានលើកឡើងដែរថា “ពិធីបុណ្យកាន់បិណ្ឌ ជាឱកាសឲ្យយុវវ័យរំលឹកធ្វើបុណ្យដល់ជីដូនជីតា សាច់ញាតិដែលបានចែកឋាន និងថែរក្សាវប្បធម៌ខ្មែរ ហើយពិធីកាន់បិណ្ឌទី១ ថ្ងៃនេះ ក៏សំខាន់នៃការចាប់ផ្ដើមដំណើរបុណ្យប្រពៃណី ភ្ជុំបិណ្ឌផងដែរ។ កញ្ញាបានបន្តថា ក្នុងរយៈពេល១៥ថ្ងៃ ប្រជាពលរដ្ឋនឹងបន្តដំណើរទៅវត្តអារាម ដើម្បីធ្វើបុណ្យកាន់បិណ្ឌរៀងរាល់ថ្ងៃ រហូតដល់ថ្ងៃបិណ្ឌទី១៥ ដែលជាថ្ងៃភ្ជុំបិណ្ឌធំ។

ពិធីបុណ្យភ្ជុំបិណ្ឌ ជា​ពិធីបុណ្យប្រពៃណី​ព្រះពុទ្ធសាសនា​ដ៏​សំខាន់​របស់​ពុទ្ធសាសនិក​ជន ខ្មែរ​គ្រប់ៗ​រូប​ ដែល​តែងតែ​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ​។ ពិធីបុណ្យ​នេះ ប្រារព្ធ​ឡើង​ដើម្បី​កាន់បិណ្ឌ ជាពិធីដែលគេចាប់ធ្វើឡើងតាំងពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជនដែលធ្វើមរណកាលទៅលោកខាងមុខ។ ក្រៅពីនេះ នៅក្នុងចន្លោះរយៈពេល១៥ថ្ងៃ នៃការដាក់បិណ្ឌ និងកាន់បិណ្ឌ រាល់ព្រឹកព្រលឹម ពុទ្ធបរិសុទ្ធតែងតែបាននាំយកនូវ ចង្ហាន់ ដែលមានទាំងម្ហូបអាហារ នំចំណី ភេសជ្ជៈ បង្អែម និងបច្ច័យយកទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាម ដើម្បីឧទ្ទិស កុសលផលបុណ្យ ជូនដល់ញាតិកាលទាំង៧សន្តាន ដោយប្រជាជនខ្មែរតែងជឿថាមគ្គផលដែលបានធ្វើ នឹងឧទ្ទិសទៅដល់អ្នកដែលបានចែកឋាន ដើម្បីបានកើតនៅក្នុងទីឋានណាមួយដែលល្អ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម