Connect with us

ព័ត៌មានជាតិ

កសិករកំពុងនាំគ្នាសម្រុកដាំដំណាំកាហ្វេ មណ្ឌលគិរី ស្របពេលដែលមានតម្រូវការទីផ្សារខ្ពស់និងតម្លៃល្អ

បានផុស

នៅ

លោក ស្រឺយ ង៉ោក អាយុ៣៧ឆ្នាំជាមេសហគម (កាហ្វេប៊ូស្រា)បានឱ្យដឹងថា ដោយសារប្រជាជនកម្ពុជាងាកមកគាំទ្រផលិតផលក្នុងស្រុកកាន់តែខ្លាំង កាហ្វេមណ្ឌលគិរីកំពុងទទួលបានចំណែកទីផ្សារយ៉ាងសំខាន់ ខណៈកសិករកំពុងរៀបចំប្រមូលផលដំណាំរបស់ពួកគេក្នុងខែវិច្ឆិកាខាងមុខនេះ។ ទន្ទឹមនោះក្រោមអាកាសធាតុនារដូវវស្សា ក៏មានកសិករដែលមានដីទំនេរបាននាំគ្នាចាប់ផ្តើមដាំដុះដំណាំកាហ្វេ ដើម្បីឆ្លើយតបតម្រូវការទីផ្សារកើនឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ស្រឺយ ង៉ោក គិតត្រឹមខែកញ្ញាឆ្នាំ២០២៥នេះ មានសមាជិកនៅក្នុងសហគមន៍ កាហ្វេប៊ូស្រា បច្ចុប្បន្នសរុបទាំងអស់មានចំនួន៨៦គ្រួសារ ហើយសមាជិតទាំងអស់នោះពួកគេសុទ្ធសឹងតែមានចម្ការកាហ្វេចន្លោះពី១ទៅ៤ហិកតា។ លោកបន្តថា៖«ក្នុងនោះ ក៏មានកសិករផ្សេងទៀត គ្រោងនឹងមកចុះឈ្មោះចូលជាសមាជិកក្នុងសហគមន៍ ហើយពួកគេកំពុងនាំគ្នាសម្រុកដាំកាហ្វេប្រភេទពូជរ៉ូប៊ូស្តា(Robusta)បន្ថែមទៀត»។

លោកបន្តថា ការងាកមកដាំដំណាំកាហ្វេ ដោយសារដំណាំប្រភេទនេះកំពុងតែមានសក្ដានុពលខ្លាំងនិងតម្រូវការទីផ្សារកាន់តែមានការកើនឡើងជាបន្តបន្ទាប់ ពិសេសនោះលក់បានតម្លៃខ្ពស់ ដែលជួយឱ្យកសិកររកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ។ លោក ស្រឺយ ង៉ោក បាននបញ្ជាក់ទៀតថា៖« កសិករចាប់ផ្ដើមងាកមកដាំពូជកាហ្វេនេះ ដោយសារខេត្តមណ្ឌលគិរី អំណោយផលទៅលើអាកាសធាតុ ពិសេសដីក៏មានជីវជាតិខ្លាំង ស័ក្តិសមបំផុតជាមួយនឹងដំណាំកាហ្វេពូជ(Robusta) ដែលដាំដែលបានដាំដុះនៅពេលបច្ចុប្បន្ន»។

ពាក់ព័ន្ធដំណាំកាហ្វេនះ ក្នុងនាមប្រធានសហគមន៍ លោកតែងចុះត្រួតពិនិត្យដំកាហ្វេរបស់កសិករជាប់ជាប្រចាំ និងបានចែករំលែកបទពិសោធដល់កសិករដែលដាំនៅចម្ការផ្ទាល់ខ្លួនផងដែរ។ លើសពីនេះ ប្រជាពលរដ្ឋនៅក្នុងសហគម ក៏ធ្លាប់ទទួលបានកវគ្គបណ្ដុះបណ្ដាល បង្ហាញពីមន្ទីរជំនាញកមន្ទីរសិកម្មខេត្ត។ ជារឿយៗ ក្រុមការងារមន្ទីរជំនាញតែងតែចុះមកធ្វើបទបង្ហាញពីការដាំដុះបច្ចេកទេសការថែទាំធ្វើយ៉ាងណា ឱ្យដំណាំកាហ្វេទទួលបានសុខភាពល្អ ការលូតលាស់ នឹងទទួលបានទិន្នផលខ្ពស់ផងដែរ។

លោករំពឹងដែរថា ការប្រមូលផលកាហ្វេនៅខែវិច្ឆិកាខាងមុខនេះ កសិករនឹងទទួលបានទិនផលកាន់តែច្រើនបន្ថែមទៀត  ជាពិសេសតម្លៃអាចកើនឡើងខ្ពស់ជាងឆ្នាំមុន។ជាមួយគ្នានេះក៏សូមអំពាវនាវ ប្រជាពលរដ្ឋ ដែលមានដីទំនេរ មិនទាន់មានការដាំដុះដំណាំអ្វីអាចងាកមកសាកល្បងដាំដំណាំកាហ្វេមួយប្រភេទនេះ ងាយស្រួលក្នុងការដាំដុះ មិនលំបាកក្នុងការថែទាំច្រើន ខណៈបញ្ហាប្រឈមវិញ គឺមានតិចតួចបំផុតសម្រាប់ដំណាំមួយប្រភេទនេះ។

បើតាម លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ការដាំដុះដំណាំកាហ្វេ អនុវត្តបានចំនួន ៥២៩ ហិកតាក្នុងឆ្នាំ ២០២៤។ លោកបញ្ជាក់ថា កសិករដាំកាហ្វេក្នុងខេត្តភាគច្រើនជាប្រភេទពូជរ៉ូប៊ូស្តា (Robusta)មានឈ្មោះTR4, TR9, TR5,  TRS1 (ពូជថ្មីចុងក្រោយ) ផងដែរ៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម