Connect with us

ព័ត៌មានជាតិ

កាហ្វេ​អារ៉ាប៊ីកា​ដាំ​រយៈកម្ពស់​ជាង ៧០០ ម៉ែត្រ​នៅ​ខេត្ត​មណ្ឌលគិរី ទទួល​ស្គាល់​គុណភាព​រសជាតិ​ពី​អ្នក​ជំនាញ​ការ​ជប៉ុន

បានផុស

នៅ

កាហ្វេ​អារ៉ាបីកា​ដែល​ជា​ពូជ​កាហ្វេ​ដ៏​ពេញនិយម​មួយនៅលើ​ពិភពលោក ត្រូវ​បាន​ដាំដុះ​​នៅ​ខេត្ត​មណ្ឌលគិរី ដែល​កំពុង​ហុច​ផល​ ខណៈ​ដែល​គុណភាព​និង​រសជាតិមានការ​ទទួល​ស្គាល់​​ពី​អ្នក​ជំនាញ​ការ​ជប៉ុន។

លោក ស៊ាន លៀងហី អ្នក​បច្ចេកទេស​ដាំ​កាហ្វេ​អារ៉ាប៊ីកា​នៅ​ចម្ការ​កាហ្វេ​ភីដា​ក្នុង​ខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា ពូជ​កាហ្វេ​អារ៉ាបីកា​ត្រូវ​ការ​ដាំ​ដុះ​នៅ​រយៈ​កម្ពស់​ចាប់ពី ៧០០ ម៉ែត្រ ដល់ ១ ០០០ ម៉ែត្រ ទើប​ដំណាំកាហ្វេ​លូត​លាស់​បាន​ល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា តាម​ការ​ស្រាវជ្រាវ ពូជ​កាហ្វេ​អារ៉ាប៊ីកាធន់​អាកាស​ធាតុ ហើយ​​​ភូមិសាស្ត្រ​ទឹកដី​​ខេត្ត​មណ្ឌលគិរី​សមស្រប​សម្រាប់​ការ​ដាំ​ពូជ​កាហ្វេ​នាំ​ចូលពី​បរទេស​​នេះ។ យ៉ាងណាមិញ ខេត្ត​មណ្ឌលគិរីជា​តំបន់​ព្រៃ​​ភ្នំ ហើយ​បញ្ហា​ប្រឈម​គឺ​​ខ្វះខាត​ប្រភព​ទឹក​។ នេះបើតាម លោក​ស៊ាន លៀងហី។

កន្លងទៅ​ក្រុម​អ្នក​ជំនាញ​ជប៉ុន​បាន​ចុះ​ពិនិត្យ​នៅ​ចម្ការ ហើយ​វាយ​តម្លៃ​ថា​កាហ្វេ​នៅ​ចម្ការ​របស់​លោក​មាន​គុណភាព​អាច​នាំ​ចេញ​បាន។ លោក ស៊ាន លៀងហី បានប្រាប់​ថា ​ទិន្នផល​កាហ្វេ​ដែល​ដាំ​បាន​នៅ​មាន​កម្រិត​តិច​តួច​​ ហើយ​ការ​នាំចេញ​មាន​ការ​​ពិបាក​បន្តិច​តាម​តម្រូវការ​ទីផ្សារ។ ​

លើផ្ទៃដី​ដាំ​​កាហ្វេ​​ប្រមាណ ១៥ ហិកតា លោក​ ស៊ាន សាងហី ប្រាប់​ថា ក៏​មាន​ផែនការ​ពង្រីក​បន្ថែម​នៅ​ឆ្នាំ​បន្ត​បន្ទាប់​​ចន្លោះ ១០ ហិកតាបន្ថែម​​ទៀត ខណៈ​ការ​ផ្គត់ផ្គង់​បច្ចុប្បន្ន​បានសម្រាប់​តែ​​ទីផ្សារ​ក្នុង​ស្រុក​ប៉ុណ្ណោះ​។

​លោក ស៊ាន លៀងហី បានបន្ត​ថា ការ​ដាំកាហ្វេ​ពូជ​​អារ៉ាប៊ីកា ការ​ថែទាំ​ត្រូវការ​ប្រើប្រាស់​ប្រភេទ​ជី​កំប៉ុស​ច្រើន​ជាង​ជី​គីមី ហើយ​ពាក់ព័ន្ធ​កម្រិត PH ដី និង​ការ​ប្រើប្រាស់​ថ្នាំ​បាញ់​សម្លាប់​សត្វល្អិតក៏​ត្រូវ​ប្រើប្រាស់​ដោយ​ប្រុងប្រយ័តុ្ន​ផង​ដែរ។ ជាមួយ​គ្នា​នេះ បើតាមលោក ស៊ាន សាងហី លោក​ក៏​​កំពុង​តែ​សាកល្បង​ដាំ​ដុះ​ពូជ​កាហ្វេ​ប្រភេទ​មួយ​ទៀត​គឺរូបូស្តាលើ​ផ្ទៃដីទំហំ​​ប្រហែល ៥ ហិកតា ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​អតិថិជន​ក្នុងស្រុក​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម