Connect with us

ព័ត៌មានជាតិ

ខណៈកម្លាំងថៃមិនទាន់ដកថយ អាជ្ញាធរកម្ពុជានៅជាមួយពលរដ្ឋបន្តការពារភូមិព្រៃចាន់ ដោយគ្មានអាវុធក្នុងដៃ

បានផុស

នៅ

ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែកញ្ញានេះ បញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅជាមួយប្រជាពលរដ្ឋបន្តឈរជើងការពារនៅតំបន់ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខណៈដែលកងកម្លាំងចម្រុះរបស់ថៃនៅមិនទាន់បានដកថយនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃ គិតត្រឹមយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ស្ថានការណ៍នៅភូមិព្រៃចាន់ បានធូរស្រាល បន្ទាប់ពីពលរដ្ឋខ្មែរបានរុញច្រាន និងរើបន្លាលួសដែលថៃពង្រាយបានជាង ១០០ម៉ែត្រ។ ក៏ប៉ុន្តែបើទោះយ៉ាងណា កម្លាំងចម្រុះថៃ មិនទាន់ដកថយនៅឡើយទេ ខណៈប្រជាពលរដ្ឋខ្មែរ ក៏មិនទាន់ចាកចេញពីចំណុចវិវាទនោះដែរ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបានកំពុងសម្របសម្រួលក្រុមអ្នកសង្កេតការណ៍អន្តរកាល និងដឹកនាំអាជ្ញាធរស្រុកអូរជ្រៅ កងកម្លាំងចម្រុះ អាជ្ញាធរឃុំអូរបីជាន់ ចូលរួមប្រចាំការនៅតំបន់ភូមិព្រៃចាន់ ដើម្បីការពារបូរណភាពទឹកដី និងម្យ៉ាងទៀតការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។ នេះជាខ្លឹមសារគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃ នៅថ្ងៃនេះ។

ជាមួយនឹងការបញ្ជាក់ខាងលើ ក្រសួងមហាផ្ទៃ ក៏បានថ្កោលទោសចំពោះសកម្មភាពរបស់កម្លាំងជំនាញបង្ក្រាបបាតុកម្ម យោធា និងកងកម្លាំងចម្រុះថៃផ្សេងទៀត ដែលចូលបំពានដែនដីកម្ពុជា ក្រោមរូបភាពចូលរាយបន្លាលួសជាថ្មីម្ដងហើយម្ដងទៀត និងប្រើអំពើហិង្សាលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។

យោងតាមសេចក្តីថ្លែងការណ៍ដដែលនោះ បានឱ្យដឹងថា នគរបាល និងយោធាថៃ បានប្រើប្រាស់ខែល ដំបងឆក់ ដំបងវែងសម្រាប់រុញច្រានប្រជាពលរដ្ឋ ប្រើគ្រាប់បែកផ្សែង បាញ់កាំភ្លើងគ្រាប់ជ័រ ឧបករណ៍បំពងសំឡេង និងកម្លាំងចម្រុះថៃផ្សេងទៀត គឺប្រើជំពាមគ្រាប់ដែក គ្រាប់ឃ្លី បាញ់មកលើកងកម្លាំងកម្ពុជា ទាំងនគរបាល យោធា ដែលគ្មានអាវុធក្នុងដៃ ព្រះសង្ឃ ព្រមទាំងពលរដ្ឋខ្មែរ បណ្តាលឱ្យរងរបួសធ្ងន់ស្រាល ដួលសន្លប់ចំនួន២៩អង្គ/នាក់។ ខណៈកម្លាំងនគរបាល និងយោធាកម្ពុជា បានប្រកាន់ខ្ជាប់ការអនុវត្តបទឈប់បាញ់ ពោលគឺប្រចាំការដោយគ្មានអាវុធអ្វីក្នុងដៃ ឯប្រជាពលរដ្ឋវិញ ក៏មានត្រឹមតែដំបងសម្រាប់រុញ និងតម្ពក់ឈើសម្រាប់អូសបន្លាលួសចេញពីដីធ្លី និងភូមិរបស់ពួកគាត់ ដែលជាកេរ្តិ៍មរតកបន្សល់ទុកពីដូនតាច្រើនជំនាន់មកហើយ។

ក្រសួងមហាផ្ទៃកម្ពុជាបានទទួចទៅអាជ្ញាធរ និងកម្លាំងនគរបាលថៃ ព្រមទាំងកម្លាំងចម្រុះថៃផ្សេងទៀតបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពល្មើសច្បាប់ ដោយមិនត្រូវបង្កើតគោលការណ៍ឯកតោភាគី ឬ ដាក់ផែនការខុសពីច្បាប់អន្តរជាតិ ដើម្បីអនុវត្តលើដែនដីរបស់កម្ពុជាជាដាច់ខាត ពោលគឺ«មិនត្រូវអនុវត្តច្បាប់អាជ្ញាសឹកថៃលើដីកម្ពុជាឡើយ»។ ក្រសួងមហាផ្ទៃកម្ពុជា ក៏ទទូចឱ្យភាគីថៃមានសេចក្តីថ្លៃថ្នូរឡើងវិញ ដោយងាកមកគោរពបទឈប់បាញ់ ចូលរួមពង្រឹងការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី និងចូលរួមដោះស្រាយបញ្ហាជាមួយកម្ពុជាដោយសន្តិវិធី ស្មោះត្រង់ ឈរលើច្បាប់ និងយន្តការអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម