Connect with us

ព័ត៌មានជាតិ

រដ្ឋលេខាធិការដ្ឋានកិច្ចការ​ព្រំដែន បដិសេធ​និង​បង្ហាញល្បិចកលថៃ​​គូសក្លែង​បន្លំខ្សែព្រំដែន​នៅ​លើ​ផែនទីតំបន់ភូមិ​ព្រៃចាន់

បានផុស

នៅ

រដ្ឋលេខាធិការដ្ឋានកិច្ចការ​ព្រំដែន កាលពីពេលថ្មីៗ​នេះ​បានឃើញ​ការបង្ហោះផ្សាយព័ត៌មាន តាមរយៈគណនី Facebook Page មានឈ្មោះ «Royal Thai Army: Update» កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយ​ប្រើប្រាស់​ប្លង់បង្ហាញលក្ខណៈ​ភូមិសាស្ត្រ និង​ទីតាំងបង្គោលព្រំដែន ដែលជា​ឧបសម្ព័ន្ធ​កំណត់​ហេតុ ចុះ​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ និងឧបសម្ព័ន្ធ​នៃកំណត់ហេតុ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ របស់​ក្រុម​វាស់វែង​ចម្រុះកម្ពុជា-ថៃ ដែល​ជាលទ្ធផលនៃការរុករកទីតាំង​ពិត​ប្រាកដ​​នៃបង្គោលព្រំដែនលេខ 42 និង​លេខ43 នៅតំបន់ភូមិព្រៃចាន់ ដែលនាំឱ្យមានការភាន់ច្រឡំថា ថ្នាក់​ដឹកនាំ​របស់​រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន (ឯកឧត្តម ឡាយ សៀងលី) បានចុះហត្ថលេខា​ទទួល​ស្គាល់​ខ្សែព្រំដែនជាផ្លូវការនៅតំបន់​ភូមិព្រៃចាន់ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ 42 និងលេខ 43

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសូមប្រកាសបដិសេធ និងច្រានចោលទាំងស្រុងចំពោះ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មានមិនពិត គ្មានវិជ្ជាជីវៈ និងមានចេតនាទុច្ចរិតដែលបានប្រើប្រាស់ឯកសារ និង​ព័ត៌មាន​ប្រាស់ចាកពីការពិតក្នុងចេតនាបំភាន់សាធារណជនជាតិនិងអន្តរជាតិឱ្យមាន​ការ​ភាន់​ច្រឡំ។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមធ្វើការបំភ្លឺនិងបញ្ជាក់ជូនសាធារណជនជាតិ និងអន្តរជាតិឱ្យ​បាន​ជ្រាប​ពីការពិត ដូច​ខាងក្រោម៖

១. ឯកសារ​ដែលបានបង្ហាញក្នុងគណនីខាងលើនេះ គឺជាប្លង់បង្ហាញលក្ខណៈភូមិសាស្ត្រ និងទីតាំង​បង្គោល​ព្រំដែន​ដែលជាឧបសម្ព័ន្ធនៃកំណត់ហេតុ​ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ និង​ឧបសម្ព័ន្ធ​នៃ​កំណត់​ហេតុ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ ស្តីពី​លទ្ធផល​នៃការ​រុករក​ទីតាំងពិតប្រាកដនៃបង្គោលព្រំដែនលេខ 42 និងលេខ 43 ដែល​បាន​បោះ​នា​សម័យ​បារាំង​ប៉ុណ្ណោះ ហើយ​ពុំមែន​ជាផែនទីឬជា​ឯកសារដែលបញ្ជាក់ពី​ខ្សែ​ព្រំដែនឡើយ។

២. ម្ចាស់គណនី Facebook Page ខាងលើនេះបានយកទិន្នន័យនៅក្នុងប្លង់បង្ហាញលក្ខណៈភូមិ​សាស្ត្រ និង​ទីតាំងបង្គោល​ព្រំដែនខាងលើ មកគូសក្លែង​បន្លំជាខ្សែព្រំដែន​នៅលើផែនទីរូបភាព​ផ្កាយ​រណប ដើម្បី​បំភាន់សាធារណជនជាតិ និងអន្តរជាតិឱ្យមានការ​កាន់ច្រឡំ​មានខ្សែ​ព្រំដែន​ដែល​ខ្លួន​បាន​គូសក្លែង​បន្លំនេះ គឺជា​ខ្សែព្រំដែនដែលបានឯកភាពដោយក្រុមវាស់វែង ចម្រុះកម្ពុជា-ថៃ។

៣. តំបន់​ភូមិព្រៃចាន់ ដែលស្ថិតនៅ​ចន្លោះបង្គោលព្រំដែនលេខ 42 និង 43 គឺជាតំបន់ដែលភាគី​ទាំងពីរ​ពុំទាន់​បានឯកភាពគ្នាខណ្ឌសីមានៅលើដីជាក់ស្ដែងនៅឡើយ ហើយកិច្ចការនេះត្រូវ​ដោះស្រាយ​ដោយគណៈកម្មការ​ចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)កម្ពុជា-ថៃ និង គ្មានយន្តការឬ​ស្ថាប័ន​ណាមួយ​មានសមត្ថកិច្ច​លើកិច្ចការនេះឡើយ។

ជា​ថ្មីម្ដង​ទៀត រដ្ឋលេខាធិការដ្ឋាន​កិច្ចការព្រំដែន សូមប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះ​ព័ត៌មានមិនពិត ក្លែងក្លាយ ដែល​គណនី Facebook Page មានឈ្មោះ «Royal Thai Army Update» បាន​បង្ហោះ​ផ្សាយ និង​សូមអំពាវនាវដល់សាធារណជនជាតិ និងអន្តរជាតិទាំងអស់កុំជឿ និងកុំ​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ​ទាំងនេះ ហើយ​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​សូម​លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ និង​ចែកចាយ​សេចក្តីប្រកាសបដិសេធ​ព័ត៌មាននេះ ឱ្យ​បាន​ទូលំ​ទូលាយ​ដើម្បី​ឱ្យ​មហាជន​បាន​ជ្រួតជ្រាប​អំពីការ​ពិត​លើ​បញ្ហានេះ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម