ព័ត៌មានជាតិ
បណ្ឌិត គិន ភា៖ សាមគ្គីភាពនៃតួអង្គទាំងអស់ក្នុងសង្គម ជាគន្លឹះដ៏សំខាន់ក្នុងការការពារដែនអធិបតេយ្យពីការឈ្លានពានរបស់ថៃ
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា បានអះអាងឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះថា សាមគ្គីភាពក្នុងចំណោមតួអង្គទាំងអស់នៃសង្គម គឺមានសារៈសំខាន់ណាស់ក្នុងការការពារដែនអធិបតេយ្យភាពជាតិពីការឈ្លានពានរបស់ថៃ។ ការអះអាងរបស់បណ្ឌិត គិន ភា នេះ គឺបន្ទាប់ពីក្រុមទាហានថៃនៅព្រឹកថ្ងៃអង្គារនេះ បានចូលមកក្នុងទឹកដីកម្ពុជាត្រង់ចំណុចភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងចង់វែងវាស់ដីនៅទីនោះ ដែលពួកទាហានថៃបានចូលមករំលោភឈ្លានពានដោយអះអាងទាំងគឃ្លើនថា ជាទឹកដីរបស់ថៃ។

នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រុមទាហានថៃបាននាំអ្នកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ៤៦ ត្រង់ភូមិសាស្ត្រខាងលិចចំការអំពៅ ក្នុងភូមិជោគជ័យ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តែត្រូវកងកម្លាំងជួរមុខកម្ពុជាបណ្ដេញចេញមិនឱ្យមកវាស់វែងបានឡើយ។ ក្រោយពីមានការរារាំងពីកងកម្លាំងជួរមុខកម្ពុជា ភាគីថៃបានដកថយបន្តិច។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នានោះ ទាហានថៃមួយក្រុមទៀត ក៏ប្រុងធ្វើសកម្មភាពបង្កភាពតានតឹងនៅបង្គោលព្រំដែនលេខ៤៧ ប៉ុន្តែ កងកម្លាំងជួរមុខ និងប្រជាពលរដ្ឋ ដែលរស់នៅទីតាំងជាក់ស្ដែង និងធ្លាប់អាស្រ័យផលលើដីស្រែចម្ការតាំងពីយូរលង់ណាស់មកហើយ បានត្រៀមខ្លួនជាប់ជានិច្ច ដើម្បីការពារបូរណភាពទឹកដី និងអ្វីដែលជាទ្រព្យសម្បត្តិរបស់ពួកគាត់។
ចំពោះសកម្មភាពឈ្លានពានរបស់ក្រុមទាហានថៃនេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងឱ្យប្រជាពលរដ្ឋ ក៏ដូចជា កងកម្លាំងកម្ពុជានៅជួរមុខមានការប្រុងប្រយ័ត្នឱ្យមែនទែន។ លោកថា នេះ គឺជាយុទ្ធសាស្ត្ររបស់ទាហានឈ្លានពានរបស់ថៃ គឺថាឈ្នះបានដី ចាញ់បានខ្មែរខាតពេល ខាតលុយ បាត់បង់មុខរបរ កសិករអត់បានធ្វើស្រែចម្ការ កូនសិស្សសាលាមិនបានទៅរៀន ព្រះសង្ឃមិនបានទៅវត្តវ៉ា ឯមន្ត្រីរាជការមិនបានចូលការិយាល័យ ហើយសម្មភាពសេដ្ឋកិច្ចត្រូវបានផ្អាក ឬរអាក់រអួល និងធ្វើឱ្យជាតិខ្មែរបែកបាក់ និងមិនទុកចិត្តគ្នា ជាពិសេស ធ្វើឱ្យប្រជាជនបាត់បង់ជំនឿ និងទំនុកចិត្ដលើរាជរដ្ឋាភិបាល ដោយគិតថា រាជរដ្ឋាភិបាលទន់ខ្សោយ ឬទន់ជ្រាយចំពោះមុខសត្រូវឈ្លាពាន។

លោកបណ្ឌិត គិន ភា បានសរសេរលើហ្វេសប៊ុកថា៖« សូមបងប្អូនយល់ឱ្យច្បាស់ នេះ ជាល្បិច និងមហិច្ឆតាតជំនាន់របស់ចោរឈ្លានពានដែលចង់បាន និងលេបត្របាក់ទឹកដីយើងមករាប់សតវត្សរ៍មកហើយ។ ពូជចោរឈ្លានពាននេះ មិនបោះបង់ល្បិច និងមហិច្ឆតាឈ្លានពានរបស់ពួកគេទេ។ ពួកនេះ រួមគ្នាសម្ដែងតួល្អណាស់ ដើម្បីឈ្លានពាន និងលេបត្របាក់ទឹកដីយើង។ សកម្មភាពរបស់ពួកគេ ស្រុះគ្នាតាមតួនាទីរៀងៗខ្លួន ម្ចាស់វាំង រដ្ឋាភិបាល ទាហាន អ្នកនយោបាយគ្រប់បក្ស មហាជន និងម៉ាស៊ីនឃោសនារបស់គេ សុទ្ធតែកំពុងអនុវត្តល្បិច និងមហិច្ឆតារបស់គេយ៉ាងរស់រវើក»។
ហេតុដូច្នេះហើយ លោកបណ្ឌិត គិន ភា អំពាវនាវឱ្យបណ្តាជនកម្ពុជាកុំបែកបាក់សាមគ្គីឱ្យសោះ ហើយថា ពេលនេះជាងពេលណាៗទាំងអស់ សាមគ្គីភាពមានសារៈសំខាន់ណាស់ គឺសាមគ្គីភាពក្នុងចំណោមតួអង្គទាំងអស់នៃសង្គម រួមមាន ប្រជាពលរដ្ឋ អ្នកនយោបាយគ្រប់និន្នាការ រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ រួបរួមគ្នាឈរលើស្មារតីជាតិខ្មែរតែមួយ ដើម្បីការពារអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីទាំងអស់គ្នា និងរួមគ្នាអភិវឌ្ឍជាតិឱ្យរឹងមាំ ខ្លាំងពូកែលើគ្រប់វិស័យ។
ជាការកត់សម្គាល់ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយថៃដោយសន្តិវិធី និងក្នុងខណៈដែលកងទ័ពកម្ពុជាកំពុងអនុវត្តយ៉ាងពេញលេញនូវបទឈប់បាញ់ ក្រុមទាហានថៃតែងតែធ្វើសកម្មភាពញុះញង់ និងបង្កហេតុមិនចេះចប់។ ភូមិជោគជ័យ និងភូមិព្រៃចាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺជាទីតាំងដែលទាហានថៃតែងតែបង្កការរំខាន ហើយចូលមករាយបន្លាលួសរំលោភចូលក្នុងទឹកដីកម្ពុជា បង្កឱ្យមានការប៉ះទង្គិចគ្នាមួយប្រ៉ាវជាមួយពលរដ្ឋខ្មែរដែលជាម្ចាស់ស្រុក ម្ចាស់ទឹកដី នាពេលកន្លងមក។ ថៃបានចាត់ទុកជាឯកតោភាគីថាតំបន់នោះជាទឹកដីរបស់ខ្លួន ហើយប្រាប់ឱ្យកម្ពុជារៀបចំរុះរើផ្ទះ និងជម្លៀសពលរដ្ឋចេញពីតំបន់នោះ បើពុំដូច្នេះទេ ថៃនឹងអនុវត្តច្បាប់ថៃលើពលរដ្ឋខ្មែរ។ ការរំលោភបំពានទឹកដី និងការគំរាមកំហែងលើពលរដ្ឋដែលជាម្ចាស់ទឹកដីបែបនេះ គឺកម្ពុជាមិនអាចទទួលយកបានទេ។

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ំ រាត្រី កាលពីថ្ងៃទី២៨ ខែកញ្ញា បានផ្ញើលិខិតតវ៉ាមួយទៅអភិបាលខេត្តស្រះកែវ ប្រទេសថៃ ដោយប្រកាសប្រឆាំងដាច់ខាតទៅនឹងការប្រកាសអនុវត្តច្បាប់ថៃមកលើប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ មិនតែប៉ុណ្ណោះទេ លោក អ៊ំ រាត្រី ក៏ប្រាប់ទៅអភិបាលខេត្តស្រះកែវច្បាស់ៗថា រដ្ឋបាលខេត្តស្រះកែវ គ្មានសមត្ថកិច្ចកំណត់ព្រំដែន និងអនុវត្តច្បាប់ក្នុងស្រុកថៃរបស់ខ្លួនមកលើសហគមន៍កម្ពុជាដែលបាន និងកំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់មិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនរួចរាល់នោះទេ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


