Connect with us

នយោបាយ

បំណែក​សង្គ្រោះ​ជាតិ លេចចេញ​ជា​រូបរាង​មួយទៀត​ហើយ​គឺ “​គណបក្ស​បេះដូង​ជាតិ​”

បានផុស

នៅ

កាលពី​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០២១ កន្លងទៅ​ថ្មីៗ​នេះ ក្រសួងមហាផ្ទៃ​បាន​ទទួល​ពាក្យ​ស្នើសុំ​បង្កើត​គណបក្ស​ថ្មី​មួយទៀត ដែល​មាន​ឈ្មោះថា “​គណបក្ស​បេះដូង​ជាតិ​” ដោយ​សរសេរ​ជា​អក្សរ​កាត់​ថា “​គ​.​ប​.​ជ​” ហើយដោយ​ផ្អែក​ទៅតាម​ការ​ស្នើសុំ​នេះ ក្រសួងមហាផ្ទៃ​បាន​តម្រូវ​ឲ្យ​គណបក្ស​នេះ ត្រូវ​រៀបចំ​សញ្ញា​សម្គាល់​របស់​គណបក្ស​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​អនុលោម​តាមច្បាប់​ស្ដីពី​គណបក្សនយោបាយ នេះ​បើ​យោង​តាម​លិខិត ដែល​ក្រសួងមហាផ្ទៃ​ផ្ញើ​ជូន​លោក សៀម ភ្លុក ដែលជា​តំណាង​ស្ថាបនិក​គណបក្ស ហើយ​ដែល​កម្ពុ​ជាថ្មី​ទើប​ទទួលបាន​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០២១​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទាក់ទង​ការបង្កើត​គណបក្ស​ថ្មី​នេះ មាន​ប្រភព​មួយ​ចំនួន​បាន​បង្ហើប​ថា គណបក្ស​បេះដូង​ជាតិ​នេះ រួមគ្នា​បង្កើត​ឡើង​ដោយ​លោក ថាច់ សេដ្ឋា អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ដែល​ទើប​ទទួល​បាន​សម្បទា ធ្វើ​នយោបាយ​ឡើងវិញ​កាលពី​ថ្មីៗ​នេះ ប៉ុន្តែ​លោក ថាច់ សេដ្ឋា បាន​បដិសេធ​ចំពោះ​ព័ត៌មាន​ខាង​លើ​នេះ ដោយ​សំអាង​ថា លោក​មិនទាន់បាន​គិតគូរ​ពី​ការ​ធ្វើ​នយោបាយ​នៅឡើយ​ទេ បើទោះបី​លោក​ទទួលបាន​សម្បទា ធ្វើ​នយោបាយ​ឡើងវិញ​ក៏ដោយ​។

លោក ថាច់ សេដ្ឋា បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​ថា លោក​មិន​ទាន់​បាន​គិតគូរ​ពី​ការ​ធ្វើ​នយោបាយ ឬ​បង្កើត​គណបក្ស​អី​នោះ​ទេ ដោយសារតែ​លោក​កំពុង​ជាប់រវល់​ក្នុង​ការរៀបចំ​បុណ្យខួប នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២១​ខាងមុខ​។

បើ​ទោះបី​ជា​លោក ថាច់ សេដ្ឋា បាន​បដិសេធ​ព័ត៌មាន​នេះ​ក្តី មាន​ប្រភព​ច្រើន​ដែល​ស្និទ្ធ​លោក កឹម សុខា បាន​បញ្ជាក់​ថា គណបក្ស​បេះដូង​ជាតិ នេះ​ត្រូវបាន​បង្កើត​ឡើង​ដោយ​ក្រុម​លោក ថាច់ សេដ្ឋា ហើយ​បាន​ដាក់​ឈ្មោះ​លោក សៀម ភ្លុក ជា​តំណាង ហើយ​គណបក្ស​នេះ​ក៏​ទទួល​បាន​ភ្លើង​ខៀវ​ពី​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ផងដែរ​។

លោក ហ៊ុន កុសល អតីត​សកម្ម នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ជា​មនុស្ស​ស្និទ្ធ​ជាមួយ​លោក កឹម សុខា បាន​សរសេរ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា “​មាន​ពាក្យ​គេ​និយាយ​តៗ​គ្នា​ថា គណបក្ស​បេះដូង​ជាតិ ជា​របស់​លោក ថាច់ សេដ្ឋា ដែល​ជា​មនុស្ស​ស្និទ្ធ​នឹង​លោក អេង ឆៃអ៊ាង និង​លោក​សម រង្ស៊ី​។ យើង​ក៏​ឮ​ទៀត​ដែរ​ថា ការ​សុំ​សិទ្ធិ​នយោបាយ និង​ចេញទៅ​បង្កើត​គណបក្ស​នេះ​របស់​លោក ថាច់ សេដ្ឋា គឺជា​ការរៀបចំ​ដោយ​លោក អេង ឆៃអ៊ាង និង​មានការ​យល់ព្រម​ពី​លោក សម រង្ស៊ី ផងដែរ អញ្ចឹង​ហើយ​បាន​ជា​មាន​ព្រឹត្តិការណ៍ “​លក់​ប័ណ្ណ​នាឡិកា​” ដែល​ជា​ការ​ប្រមូល​លុយ​សម្រាប់​បើក​គណបក្ស​ថ្មី​”​។

លោក ហ៊ុន កុសល អះអាង​ថា បើ​រឿង​នេះ​មិន​ពិត លោក អេង ឆៃអ៊ាង និង​លោក សម រង្ស៊ី គួរ​ធ្វើការ​បដិសេធ ព្រោះ​ពួកគេ​បាន​យកឈ្មោះ​លោក សម រង្ស៊ី ទៅ​ប្រើ​ថា “​លោក​ប្រធាន សម រង្ស៊ី បញ្ជា​ឱ្យ​ខ្ញុំ​បើក​បក្ស​បេះដូង​ជាតិ​” នៅពេល​ពួកគេ​ដើរ​កៀងគរ​សកម្មជន​នៅតាម​មូលដ្ឋាន​ឱ្យចូល​រួមជាមួយ​ខ្លួន​។

​បើ​តាម​លោក ហ៊ុន កុសល នៅពេល​មនុស្ស​ស្និទ្ធ​នឹង​លោក កឹម សុខា ចេញទៅ​បង្កើត​គណបក្ស​ថ្មី លោក កឹម សុខា តែងតែ​បដិសេធ​តាមរយៈ​សហ​មេធាវី​រប​ស់​ខ្លួន ប៉ុន្តែ​ក្រុម​របស់​លោក សម រង្ស៊ី វិញ មិនទាន់​ឃើញ​ចេញមក​បដិសេធ​នោះ​ទេ​។ ដូច្នេះ​បើ​លោក សម រង្ស៊ី ឬ​លោក អេង ឆៃអ៊ាង មិន​ធ្វើការ​បដិសេធ​ទេ បញ្ជាក់​ថា រឿង​នេះ​គឺជា​ការពិត ហើយ​ព្រមទាំង​ស​បញ្ជាក់​ថា លោក សម រង្ស៊ី បាន​បោះបង់​អតីត​គណបក្ស​ស​ង្គ្រោះ​ជាតិ បោះបង់​លោក កឹម សុខា បោះបង់​អ្នកគាំទ្រ​ទាំងអស់​។​

សូម​បញ្ជាក់​ថា រហូតមកដល់​ពេលនេះ អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជាង​២០​នាក់​ហើយ បាន​ស្នើសុំ​សម្បទា ដើម្បី​បាន​ធ្វើ​នយោបាយ​ឡើងវិញ​ជា​បន្តបន្ទាប់ ហើយក៏​ទទួលបាន​សម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​ជា​បន្តបន្ទាប់​ផងដែរ ក្នុងនោះ​មាន​អតីតមន្ត្រី​ជាន់ខ្ពស់​មួយចំនួន​បាន​បង្កើត​គណបក្ស​ថ្មី​ដោយ​ខ្លួនឯង ហើយ​មួយ​ច​ចំនួន​ទៀត​ចូលរួម​ជាមួយ​អ្នកដទៃ ហើយ​អ្នក​ដែល​ស្នើសុំ​សម្បទា​ធ្វើ​នយោបាយ​ឡើងវិញ ក៏​ទទួលបាន​ការចោទប្រកាន់​ពី​អតីត​ថ្នាក់ដឹកនាំ​របស់ខ្លួន​ថា ជា​ជន​ក្បត់បក្ស​ផងដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម