អត្ថាធិប្បាយ
លិខិតមិត្តអ្នកអាន៖ រាជរដ្ឋាភិបាលឯករាជ្យ ២៣ តុលា របស់លោក សម រង្ស៊ី បំពានរដ្ឋធម្មនុញ្ញ ជានយោបាយប្រជាភិថុតិ
«រាជរដ្ឋាភិបាលឯករាជ្យខ្មែរ ២៣ តុលា» ដែលបង្កើតឡើងដោយ លោក សម រង្ស៊ី រួមទាំងបក្សពួកនៅក្រៅប្រទេសមួយក្តាប់តូច គឺជារាជរដ្ឋាភិបាលខុសច្បាប់ បង្កើតឡើងយ៉ាងងងើលបំពានរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងប្រមាថដល់ឆន្ទះរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលបានចេញមកធ្វើការបោះឆ្នោតភ្លូកទឹកភ្លូកដីក្នុងអាណត្តិទី៧ នេះ។

ការបង្កើតក្រុមចលនាខុសច្បាប់ ចម្លែកៗ ប៉ាតណាប៉ាតណីពីសំណាក់ក្រុមប្រឆាំងដឹកនាំដោយលោក សម រង្ស៊ី និងបក្សពួក មិនមែនជារឿងថ្មីនោះទេ ទាំងនេះគឺសុទ្ធសឹងតែជាឈុតឆាកនយោបាយប្រជាភិថុតិដដែលៗ បោកបញ្ឆោតពលរដ្ឋនៅក្រៅប្រទេស ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់លោក សម រង្ស៊ី និងបក្សពួកតែប៉ុណ្ណោះ។
បើទោះបីជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលឯករាជ្យខ្មែរ ២៣ តុលា របស់ក្រុម និងបក្សពួករបស់លោក សម រង្ស៊ី នេះពុំមានការគាំទ្រពីសំណាក់ពលរដ្ឋនៅក្រៅប្រទេស និងនៅក្នុងស្រុកទៀតនោះទេ ត្បិតនេះជាអំពើខុសច្បាប់ ជាងនេះទៅទៀតពលរដ្ឋ ក៏ដូចជាពលករនៅក្រៅប្រទេសឆ្អែតនឹងនយោបាយបោកប្រាស់ ដដែលៗ ពីសំណាក់ក្រុម និងបក្សពួករបស់លោក សម រង្ស៊ី។
អ្វីដែលសំខាន់នោះពលរដ្ឋកម្ពុជានៅទូទាំងប្រទេសកំពុងរួបរួមគ្នាជាធ្លុងមួយ សាមគ្គីភាពដ៏រឹងមាំ ជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីតស៊ូប្រឆាំងទៅនឹងសត្រូវឈ្លានពានទឹកដី ដែលក្នុងកាលៈទេសៈនេះពលរដ្ឋនៅទូទាំងប្រទេសបានជឿជាក់មកលើរដ្ឋាភិបាលក្នុងការដឹកនាំប្រទេស។ ដូច្នេះហើយការបន្តធ្វើសកម្មភាពនយោបាយប៉ាត់ណាប៉ាត់ណីរបស់ក្រុមលោក សម រង្ស៊ី គឺជានយោបាយដើរបញ្ច្រាស់ខ្យល់ និងលែងទទួលបានការចាប់អារម្មណ៍ពីពលរដ្ឋទៀតហើយ។

តែយ៉ាងណាក៏ដោយបើពិនិត្យលើទិដ្ឋភាពច្បាប់វិញ ការប្រកាសបង្កើតរាជរដ្ឋាភិបាលឯករាជ្យខុសច្បាប់នៅក្រៅប្រទេសខាងលើនេះ គឺជាផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការប្រើប្រាស់វិធីញុះញង់អុជអាលបំផុសបំផុល និងការប្រើឧបាយកលបោកបញ្ឆោត ដើម្បីអូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ និងកម្លាំងប្រដាប់អាវុធរបស់ជាតិ ឲ្យបះបោរតាមរូបភាពជាបដិវត្តដោយហិង្សាប្រឆាំងទៅនឹងរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។
សកម្មភាពជុំវិញផែនការខាងលើនេះ គឺជាអំពើវិទ្ធង្សនា ដែលជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។ យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា គឺជាបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសក្រោម “បទល្មើសឧបឃាត” តាមបញ្ញត្តិមាត្រា ៤៥១ និង មាត្រា ៤៥២ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ១៥ ឆ្នាំ ទៅ ៣០ ឆ្នាំ ហើយប្រសិនបើជនល្មើស ជាអ្នករាជការសាធារណៈ ទោសសម្រាប់ “បទល្មើសឧបឃាត” នេះ ត្រូវដាក់ពន្ធនាគារអស់មួយជីវិត។
ដោយឡែកចំពោះរាល់បុគ្គលទាំងឡាយណាដែលចូលរួមនៅក្នុងគម្រោងការនេះ ត្រូវជាប់ទោសពី “បទល្មើសរួមគំនិតក្បត់” ដែលជាបទឧក្រិដ្ឋមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ ហើយទោសនេះ ត្រូវបន្ថែមទម្ងន់ដាក់ពន្ធនាគារពី ១០ ទៅ ២០ ឆ្នាំ ប្រសិនបើជនល្មើស គឺជាអ្នករាជការសាធារណៈ។

ទន្ទឹមនឹងនេះ ផែនការនៃការប្រឆាំងនឹងសន្តិសុខរបស់ប្រទេសជាតិខាងលើ មិនត្រឹមតែខុសទៅនឹង ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ ក៏អាចខុសផងដែរ ទៅនឹងច្បាប់ស្តីពីការប្រឆាំងនឹងភេរវកម្ម អាស្រ័យទៅតាមករណីប្រព្រឹត្តជាក់ស្ដែងនីមួយៗ។
ហើយរំលោភយ៉ាងធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ព្រោះជាការដណ្តើមអំណាចរដ្ឋមកគ្រប់គ្រង ដោយមិនឆ្លងកាត់ដំណើរការបោះឆ្នោតដោយស្របច្បាប់ និងតាមគោលការណ៍ប្រជាធិបតេយ្យ ដែលជាការបំពានលើមាត្រា ៥១ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា៖ “អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួនតាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងសាលាជម្រះក្តី”។
ផ្អែកលើសកម្មភាពខុសច្បាប់នេះដែរ សូមជនរួមជាតិ សូមកុំចាញ់ ឧបាយកលបោកបញ្ឆោតរបស់ឧក្រិដ្ឋជន ដែលអាចនាំឲ្យខ្លួនជាប់ពាក់ព័ន្ធនឹងអំពើរួមគំនិតក្បត់ ដែលត្រូវ មានទោសធ្ងន់ធ្ងរតាមច្បាប់ និងសូមចូលរួមប្រឆាំងឧក្រិដ្ឋកម្មបំផ្លិចបំផ្លាញជាតិខាងលើនេះ ដោយសហការ រាយការណ៍អំពីផែនការក្បត់ខាងលើ និងមុខសញ្ញាពាក់ព័ន្ធ ជូនទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីឈានទៅចាត់វិធានការច្បាប់ឲ្យមានប្រសិទ្ធភាព៕
ដោយ៖ បណ្ឌិត ជិន ចេស្តា អ្នកវិភាគនយោបាយ ច្បាប់ និងសង្គម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


