Connect with us

ជីវិតកម្សាន្ដ

មូលហេតុចម្បង នាំឲ្យសិល្បករ​កូរ៉េ​ភាគច្រើន មិន​អនុញ្ញាតឲ្យ​បញ្ចេញ​ទស្សនៈ​នយោបាយដាច់ខាត

បានផុស

នៅ

សម្រាប់សិល្បករកូរ៉េ ការបោះឆ្នោតប្រធានាធិបតីគឺជារយៈពេលដ៏រសើបមួយ។ ពួកគេមិនត្រឹមតែមិនមានសេរីភាពក្នុងការបញ្ចេញមតិនយោបាយប៉ុណ្ណោះទេ ប៉ុន្តែអ្នកទាំងនោះក៏អាចក្លាយជាគោលដៅនៃការវាយប្រហារសង្គមបានយ៉ាងងាយផងដែរ ប្រសិនបើធ្វេសប្រហែស។

ជាក់ស្ដែង កាលពីថ្ងៃទី៣ ខែមិថុនា តារាសម្តែង និងជាពិធីករ Hong Jin Kyung បានបង្ហោះសំបុត្រសរសេរដោយដៃនៅលើទំព័រផ្ទាល់ខ្លួន ដោយសុំទោសចំពោះភាពចម្រូងចម្រាសជុំវិញសម្លៀកបំពាក់របស់នាង។

តារាសម្តែង និងជាពិធីករ Hong Jin Kyung រូបភាព៖2sao.vn
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួស្រីក្នុងរឿង «Legend of the Blue Sea» បានក្លាយជាចំណុចកណ្តាលនៃភាពចម្រូងចម្រាស បន្ទាប់ពីបង្ហោះរូបថតជាច្រើនសន្លឹកដែលខ្លួននាងពាក់អាវក្រហម កំឡុងពេលធ្វើដំណើរអាជីវកម្មទៅកាន់ទីក្រុង Stockholm នៃប្រទេសស៊ុយអែត នៅលើទំព័រផ្ទាល់ខ្លួនកាលពីថ្ងៃទី២ ខែមិថុនា។ ភ្លាមៗនោះ នាងត្រូវបានមហាជនចោទប្រកាន់ថា គាំទ្រគណបក្សអំណាចប្រជាជន (PPP) របស់អតីតប្រធានាធិបតីលោក Yoon Suk Yeol ។

រូបភាពរបស់នាងបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើវេទិកាអនឡាញ ដោយទាក់ទាញការចូលមើលជាង ៧៧,០០០និងជាងមួយពាន់មតិ។ អ្នកលេងអ៊ីនធឺណិតកូរ៉េបានរិះគន់តួស្រីថា នាងបានបង្ហាញទស្សនៈនយោបាយ ថែមទាំងអំពាវនាវឲ្យធ្វើពហិការចំពោះនាងទៀតផង។ ក្រោយមក ក្រោមសម្ពាធជាសាធារណៈ Hong Jin Kyung បានលុបការបង្ហោះនេះ ហើយបានផ្ញើសារសុំទោសជាសាធារណៈ។

ដោយឡែក Karina នៃក្រុម aespa ក៏ក្លាយជាគោលដៅនៃការរិះគន់សាធារណៈដោយសារតែអាវដូចគ្នា។ នៅថ្ងៃទី ២៧ ខែឧសភា តារាចម្រៀងវ័យក្មេងបានចែករំលែកនៅលើទំព័រផ្ទាល់ខ្លួននូវរូបថតដែលនាងពាក់អាវពណ៌ខ្មៅនិងពណ៌ក្រហមមានលេខ ២ បោះពុម្ពនៅខាងឆ្វេង។

ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈអាវដែលនាងពាក់បានមធ្វើឲ្យអ្នកលេងអ៊ីនធឺណេប៉ាន់ស្មានថា នាងកំពុងបង្ហាញការគាំទ្រជាសាធារណៈចំពោះបេក្ខជនលោក Kim Moon Soo របស់គណបក្ស PPP ។ មតិភាគច្រើនបង្ហាញពីការខឹងសម្បារ និងការប្រឆាំងចំពោះសមាជិកក្រុម aespa យ៉ាងខ្លាំងក្លា ។

ដូចតារាស្រី Hong Jin Kyung ដែរ Karina បានលុបរូបថតភ្លាមៗ ហើយរូបនាងនិងក្រុមហ៊ុនគ្រប់គ្រង បានសុំទោសជាសាធារណៈដែលនាំឲ្យមានការយល់ច្រឡំ និងរឿងចម្រូងចម្រាសបានផ្ទុះឡើងមក។

ទន្ទឹមនោះដែរ Jeon Somi អតីតសមាជិក I.O.I ក៏ស្ថិតក្នុងស្ថានភាពស្រដៀងគ្នា។ តារាចម្រៀងស្រីរូបនេះបានបង្ហោះរូបថតក្រោយឆាកជាច្រើនសន្លឹកនៃការថតម៉ូតនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង។ មូលហេតុ​ដែល​នាង​ត្រូវ​បាន​គេ​រិះគន់​គឺ​ដោយសារ​អ្នក​លេង​អ៊ីនធឺណិត​បាន​រក​ឃើញ​ថា​ ខោ​ទ្រនាប់​របស់​នាង​មាន​ពណ៌​ក្រហម។

ទោះជាយ៉ាងណា ទស្សនិកជនប្រាកដជាមានចម្ងល់ថា ហេតុអ្វី​បានជាសិល្បករ​កូរ៉េ​មិន​អនុញ្ញាត​ឲ្យបញ្ចេញ​ទស្សនៈ​នយោបាយ?

ក្រឡេកមើលទៅការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤ ការចូលរួមរបស់សិល្បករនៅក្នុងដំណើរការបោះឆ្នោតកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា។ តារាហូលីវូដ ថែមទាំងឈ្លោះប្រកែកនិងមើលមុខគ្នាមិនចំ ដោយសារបក្សមួយគាំទ្រលោកដូណាល់ ត្រាំ ចំណែកមួយផ្សេងទៀតដើរតាមលោកស្រី កាម៉ាឡា ហារីស។

តារាល្បីៗមិនត្រឹមតែផ្សព្វផ្សាយជម្រើសបោះឆ្នោតរបស់ពួកគេជាសាធារណៈនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឲ្យអ្នកគាំទ្រឆ្លើយតបផងដែរ។ ពួកគេ​ក៏​ចូលរួម​ក្នុង​ការ​ជួបជុំ​ឃោសនា​បោះឆ្នោត​របស់​បេក្ខជន​ ដែល​ពួកគេ​ចូលចិត្ត​ថែមទៀត។

ខុសពីសហរដ្ឋអាមេរិក ការបង្ហាញខ្លួនរបស់តារាកូរ៉េមានភាពស្ងប់ស្ងាត់ក្នុងអំឡុងពេលបោះឆ្នោត លើកលែងតែសិល្បករមួយចំនួនដែលបង្ហោះរូបថតនៅការិយាល័យបោះឆ្នោតដូចជា Hongjoong និង Seonghwa (ATEEZ) តារាសម្តែង Yoon Eun Hyeជាដើម។ ថ្វីដ្បិតតែ វាចម្លែកសម្រាប់ទស្សនិកជនអន្តរជាតិ ប៉ុន្តែស្ថានភាពនេះមិនមែនជារឿងថ្មីនៅក្នុងប្រទេសកូរ៉េនោះទេ ប៉ុន្តែបានកើតមានជាច្រើនឆ្នាំ សូម្បីតែរាប់ទសវត្សរ៍ក៏ដោយ។

គ្រប់គ្នាយល់ស្របថា សង្គមកូរ៉េមានភាពរសើបខ្លាំងចំពោះនយោបាយ ដោយមានការបែកខ្ញែកខ្លាំងរវាងបក្សឆ្វេងនិយម និងបក្សស្តាំនិយម។ ការ​បញ្ចេញ​ទស្សនៈ​នយោបាយ​របស់​សិល្បករ​ អាច​ត្រូវ​បាន​បកស្រាយ​តាម​វិធី​ជា​ច្រើន​ដែល​បង្ក​ឲ្យមាន​ការ​យល់​ច្រឡំ ឬ​ញុះញង់ឲ្យមាន​ជម្លោះ។

ក្រុមហ៊ុនគ្រប់គ្រងតែងតែស្នើឲ្យសិល្បករចៀសវាងការថ្លែងការណ៍ ឬសកម្មភាពនយោបាយ ដើម្បីរក្សារូបភាពអព្យាក្រឹត។ ក្រុមហ៊ុនផ្តល់អាទិភាពដល់ផលប្រយោជន៍ពាណិជ្ជកម្ម និងមានគោលបំណងទាក់ទាញទស្សនិកជនយ៉ាងទូលំទូលាយ។ ការ​ថ្លែង​ខុស​តែ​មួយ​អាច​ធ្វើឲ្យសិល្បករ​ទទួល​រង​ផល​វិបាក​យ៉ាង​ធ្ងន់ធ្ងរ​ដូច​ជា​ការ​ធ្វើ​ពហិការ ការ​ស្នើឲ្យ​លុប​ការ​ផ្សាយ​ពាណិជ្ជកម្ម ការ​លុប​ចោល​កិច្ច​សន្យា​ជាដើម។

ក្រៅ​ពី​ក្រុមហ៊ុន​គ្រប់​គ្រង សិល្បករ​ក៏​ស្ថិត​ក្រោម​សម្ពាធ​ពី​ម៉ាក​យីហោ និង​អ្នក​ឧបត្ថម្ភ​ផង​ដែរ។ អាជីវកម្មមិនចង់ឲ្យមុខសាធារណៈរបស់ពួកគេពាក់ព័ន្ធនឹងបញ្ហាចម្រូងចម្រាសណាមួយឡើយ។ តារាល្បីៗត្រូវតែរក្សារូបភាពរបស់ពួកគេឲ្យស្អាត និងអព្យាក្រឹត ដើម្បីកុំឲ្យប្រថុយនឹងម៉ាកយីហោ។

មិនតែប៉ុណ្ណោះ វប្បធម៌ពេញនិយមរបស់កូរ៉េចាត់ទុកសិល្បករជាគំរូសាធារណៈ។ តារាជាច្រើនត្រូវ​បាន​សាង​ឡើង​ជា​មនុស្ស​ដ៏​ឧត្តម​ម្នាក់ ហើយ​មិន​ធ្វើ​បាប​អ្នក​ណា​ឡើយ។ ការ​បញ្ចេញ​ទស្សនៈ​នយោបាយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ធ្វើ​ឲ្យ​ខូច​មុខមាត់ និង​បង្ក​ការ​បែកបាក់​ក្នុង​សហគមន៍​អ្នកគាំទ្រ។

ជាងនេះទៅទៀត ទស្សនិកជនកូរ៉េ ត្រូវបានគេដឹងថា មានភាពជ្រុលនិយម និងមិនអាចទាយទុកជាមុនបាន។ ការបង្ហោះ សម្រង់ ឬរូបថតដែលបកស្រាយខុសក៏អាចនាំទៅរកការធ្វើពហិការយ៉ាងខ្លាំងក្លា ដោយបង្ខំសិល្បករសុំទោស ធ្វើការកែតម្រូវ ហើយអ្នកខ្លះអាចឈានដល់លាក់ខ្លួនមួយរយៈ ឬសូម្បីតែបំផ្លាញអាជីពរបស់ពួកគេ។

មិន​ត្រឹម​តែ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ក្នុង​ស្ថានភាព​ធម្មតា​ក៏​ដោយ ចលនា​នយោបាយ​ណា​មួយ​អាច​ជា​ហេតុផល​សម្រាប់​អ្នក​សិល្បៈ​រង​ទុក្ខដែរ។

ក្នុងឆ្នាំ២០២៣ រាជិនីសម្រស់ Lee Young Ae ឬតួចាំងគីម បានក្លាយជាប្រធានបទដ៏ក្តៅគគុក បន្ទាប់ពីមានព័ត៌មានបែកធ្លាយថា នាងបានឧបត្ថម្ភយុទ្ធនាការរៃអង្គាសប្រាក់ ដើម្បីសាងសង់វិមានអនុស្សាវរីយ៍ដល់ប្រធានាធិបតីទីមួយនៃប្រទេសកូរ៉េខាងត្បូងគឺលោក Syngman Rhee (១៨៧៥-១៩៦៥)។ រូបនាងត្រូវបានវាយប្រហារដោយសារតែលោក Syngman Rhee ជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ជាបន្តបន្ទាប់អំពីការក្លែងបន្លំការបោះឆ្នោត អំពើពុករលួយ និងរបបផ្តាច់ការ ដែលនាំឲ្យលោកត្រូវលាលែងពីតំណែងនៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ១៩៦០។

ក្នុងឆ្នាំដដែលនោះ កេរ្តិ៍ឈ្មោះរបស់តារាស្រីចាំងគីម ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ នៅពេលដែល YouTuber មួយបានផ្សព្វផ្សាយព័ត៌មានថា នាងជិតស្និទ្ធនឹងអតីតជំទាវទីមួយគឺលោកស្រី Kim Keon Hee ។ សំឡេង​នេះ​នាំឲ្យមាន​បណ្ដឹង ​ដែល​មាន​រយៈពេល​ជិត​២​ឆ្នាំ​មក​ហើយ ។

ក្រោយៗមកទៀត នៅចុងឆ្នាំ ២០២៤ IU និងសិល្បករជាបន្តបន្ទាប់ដូចជាក្រុម NewJeans, លោក Lee Dong Wook, Lee Seung Hwan និង Yuri ក៏ត្រូវបានគេអំពាវនាវឲ្យធ្វើពហិការ និងគំរាមរាយការណ៍ទៅកាន់ CIA (ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់សហរដ្ឋអាមេរិក) សម្រាប់ការគាំទ្រអាហារ និងទំនិញសម្រាប់អ្នកគាំទ្រដែលចូលរួមក្នុងការតវ៉ា ដើម្បីចោទប្រកាន់អតីតប្រធានាធិបតីលោក Yoon Suk Yeol ដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្នុងវ័យ៤៦ឆ្នាំ Ha Ji Won ​មិន​ដែលស្គាល់រសជាតិ​ស្នេហានឹងគេឡើយ ​ខណៈទ្រព្យ​កាន់តែច្រើនហួសប្រមាណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី

សន្តិសុខសង្គម១៦ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

សន្តិសុខសង្គម១៩ ម៉ោង មុន

ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍ និងអ្នកបើកបររថយន្ដដែលប៉ះទង្គិចគ្នានៅផ្លូវហាណូយមកសួរនាំ

សន្តិសុខសង្គម១៨ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម