នយោបាយ
លោក ប៉ែន បូណា៖ ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលដោយបដិវត្តន៍ពណ៌ ជាអំពើប្រឆាំងច្បាប់ សន្តិភាព និងឆន្ទៈ
អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកហេតុផល៥ចំណុច ដែលធ្វើឱ្យកម្ពុជាមិនអាចមានចលនាបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាល ដូចប្រទេសបង់ក្លាដេសតាមការបំផុសរបស់ក្រុមមួយចំនួនបានឡើយ ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាដោយធ្វើបដិវត្តន៍ពណ៌ គឺជាអំពើប្រឆាំងនឹងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។ នេះបើតាមការឱ្យដឹងពីតេឡេក្រាមរបស់លោក ប៉ែន បូណា នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។

ការលើកឡើងនេះ ស្របពេលដែលលោក ប៉ែន បូណា ឆ្លើយសំណួរជាមួយអ្នកសារព័ត៌មានជាច្រើនក្នុងរយៈពេលចុងក្រោយនេះ ពាក់ព័ន្ធនឹងការអំពាវនាវរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសដែលយកបញ្ហានៅប្រទេសបង់ក្លាដេសមកបំផុសឱ្យមានចលនាបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជាតាមការស្រមើស្រមៃរបស់ខ្លួន។ ជុំវិញបញ្ហានេះ លោកបញ្ជាក់ច្បាស់ថា ការប៉ុនប៉ងបំផុសចលនាបដិវត្តន៍ពណ៌នៅកម្ពុជាគឺជាអំពើប្រឆាំងនឹងច្បាប់ ប្រឆាំងនឹងសន្តិភាព ប្រឆាំងនឹងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងប្រឆាំងឆន្ទៈក៏ដូចជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ។
លោក ប៉ែន បូណា បញ្ជាក់បែបនេះ ដោយលើកយកហេតុផល៥ចំណុច មកអះអាង។ ទី១ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាកើតចេញពីការបោះឆ្នោត ស្របច្បាប់ដោយប្រជាពលរដ្ឋខ្មែរ។ ដូច្នេះ ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យគឺជាអំពើល្មើសច្បាប់។ នេះសបញ្ជាក់ថា ក្រុមជ្រុលនិយមមួយក្តាប់តូចនេះតែងប្រព្រឹត្តខុសច្បាប់ជារៀងរហូតមក ហើយទោសដែលពួកគេមានជាប់ខ្លួនគឺជាឧទាហរណ៍ស្រាប់។ ទី២ ប្រទេសកម្ពុជាមានសន្តិភាពពេញលេញចាប់ពីឆ្នាំ ១៩៩៨ មកក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន។ សន្តិភាពមានតម្លៃខ្ពស់ណាស់មិនអាចកាត់ថ្លៃបានពីព្រោះវាបានអនុញ្ញាតឱ្យប្រទេសជាតិស្គាល់ការអភិវឌ្ឍមិនធ្លាប់មានពីមុន និងបានផ្តល់ក្តីសុខនិងអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា។ ដូច្នេះ ការប៉ុនប៉ងអូសទាញប្រទេសឱ្យធ្លាក់ក្នុងសភាពវឹកវរ ហិង្សា បង្ហូរឈាម ដែលបើកផ្លូវឱ្យសង្គ្រាមស៊ីវិលកើតឡើងសារជាថ្មីគឺជាអំពើប្រឆាំងសន្តិភាពដែលអាជ្ញាធររាជរដ្ឋាភិបាលមិនអនុញ្ញាតជាដាច់ខាត។

ចំណុចទី៣ កម្ពុជាពីអតីតកាលដែលរងការបំផ្លិចបំផ្លាញខ្ចេចខ្ទាំ រហូតដល់ធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ កាប់សម្លាប់គ្នាស្ទើរផុតរលត់ពីផែនដី ដោយសារអ្នកនយោបាយខ្មែរប្រើវប្បធម៌នយោបាយដណ្តើមអំណាចគ្នាដោយចុងកាណុង។ ប៉ុន្តែ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា វប្បធម៌នយោបាយនេះត្រូវបានផ្លាស់ប្តូរមកជាការជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យវិញ។ ដូច្នេះ ការប៉ុនប៉ងណាមួយចង់ផ្តួលរំលំរាជរដ្ឋាភិបាលតាមមធ្យោបាយបដិវត្តន៍ពណ៌គឺជាអំពើប្រឆាំងនឹងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យដែលមិនអាចទទួលយកបាន។
ចំណែកទី៤ ប្រជាពលរដ្ឋខ្មែរបាននិងកំពុងទទួលផលពីសុខសន្តិភាពនិងការអភិវឌ្ឍហើយពួកគេដឹងច្បាស់ថា សន្តិភាពនិងការអភិវឌ្ឍគឺស្នាដៃដឹកនាំរបស់រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា។ ហេតុនេះហើយបានជាពួកគេបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំប្រទេសរហូតមក។ ជាក់ស្តែង ការបោះឆ្នោតចុងក្រោយនេះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជាង ៨២% នៃចំនួនអ្នកបោះឆ្នោតដែលជាអត្រាគាំទ្រខ្ពស់បំផុត។ ដូច្នេះ អំពើរបស់ជនជ្រុលនិយមមួយក្តាប់តូចដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលគឺផ្ទុយស្រឡះពីឆន្ទៈនិងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរដែលចង់រស់នៅក្នុងសុខសន្តិភាពនិងមិនចង់ភ្លក់រសជាតិនៃភាពវឹកវរ អសន្តិសុខ និងសង្គ្រាមស៊ីវិលម្តងទៀតឡើយ។
ចុងក្រោយគឺ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្នមានគោលជំហរច្បាស់លាស់ ម៉ឺងម៉ាត់ ឥតងាករេ គឺការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ទោះជាក្នុងតម្លៃណាក៏ដោយ។ នេះគឺជាភាពកក់ក្តៅដែលរាជរដ្ឋាភិបាលធានាជូនជាតិនិងប្រជាពលរដ្ឋខ្មែរទាំងក្នុងអតីតកាល បច្ចុប្បន្ន និងតទៅអនាគត៕
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


