Connect with us

ព័ត៌មានជាតិ

លោក ប៉ែន បូណា៖ខ្មែរស្នេហាជាតិមិនឆ្លៀតបំបែកបំបាក់ខ្មែរគ្នាឯង ក្នុងពេលជាតិរងការបំផ្លិចបំផ្លាញឡើយ

បានផុស

នៅ

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានឱ្យពលរដ្ឋខ្មែរកត់ចំណាំថា ក្នុងពេលដែលជាតិខ្មែររងការឈ្លានពាន រងការបំផ្លិចបំផ្លាញពីសំណាក់សត្រូវ អ្នកស្នេហាពិតមិនដើម្បីប្រយោជន៍ គឺចូលរួមជាមួយរដ្ឋាភិបាល និងកងកម្លាំង ដើម្បីការពារជាតិខ្មែរឱ្យគង់វង្សទោះត្រូវលះបង់អ្វីក៏ដោយ ហើយមិនធ្វើសកម្មភាពបំបែកបំបាក់ ដើម្បីកេងចំណេញប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ លោក ប៉ែន បូណា លើកឡើងដូច្នេះ តាមរយៈគណនីហ្វេសប៊ុកផ្លូវការ នាថ្ងៃទី០២ ខែតុលា បន្ទាប់ពីកម្ពុជារងការឈ្លានពានពីសំណាក់កងទ័ពថៃ ហើយបានប្រើយុទ្ធសាស្ត្រផ្សាយព័ត៌មានមិនពិត ដើម្បីបំផ្លាញកម្ពុជា តាមរយៈការបំបែកសាមគ្គីភាពជាតិខ្មែរដែលជាខែលការពារជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពេលថៃផ្សាយព័ត៌មានមិនពិត បំភ្លៃមកលើកម្ពុជា លោក ប៉ែន បូណា ប្រាប់ឱ្យពលរដ្ឋខ្មែរដែលរស់នៅទាំងក្នុង និងក្រៅប្រទេសកត់ចំណាំថា៖«ក្នុងកាលៈទេសៈបែបនេះ អ្នកស្រឡាញ់ជាតិពិតប្រាកដ បាននិងកំពុងស្រាក់ដៃគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាលនិងកងទ័ពដើម្បីការពារផលប្រយោជន៍ជាតិក្នុងនាមជាខ្មែរដែលត្រូវឈរការពារផលប្រយោជន៍ខ្មែរទោះជាក្នុងតម្លៃណាក៏ដោយ។ ខ្មែរស្នេហាជាតិមិនឆ្លៀតបំបែកបំបាក់ខ្មែរគ្នាឯងនៅក្នុងកាលៈទេសៈបែបនេះឡើយ។»។

លោក ប៉ែន បូណា កត់សម្គាល់ឃើញថា បន្ទាប់ពីការប្រយុទ្ធគ្នាដោយអាវុធទ្រង់ទ្រាយធំរយៈពេល៥ថ្ងៃបញ្ចប់ទៅ មួយរយៈពេលចុងក្រោយនេះ មានការផ្សព្វផ្សាយព័ត៌មានមិនពិត ប្រឌិត បំផ្លើសបំភ្លៃជាច្រើនដែលបម្រើឱ្យសង្គ្រាមចិត្តសាស្ត្ររបស់ភាគីអមិត្តដែលចង់បំផ្លាញកម្ពុជាក្នុងគោលដៅបំបែកបំបាក់សាមគ្គីភាពក្នុងចំណោមប្រជាពលរដ្ឋខ្មែរដែលជាខែលដ៏រឹងមាំដើម្បីការពារជាតិ។

តាមលោក ប៉ែន បូណា ព័ត៌មានមិនពិត ដែលមានចរិតញុះញង់និងបំបែកបំបាក់ទាំងនោះធ្វើឡើងក្រោមរូបភាពច្រើនយ៉ាងដូចជា៖ទី១៖ បង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដោយដាក់ឈ្មោះខ្មែរ និងសរសេរភាសាខ្មែរ ប៉ុន្តែ ម្ចាស់គណនីទាំងនោះមិនមែនជាខ្មែរទេ។ ទី២៖ ការប្រើប្រាស់បណ្តាញផ្សាយព័ត៌មានផ្លូវការជាឧបករណ៍បម្រើសង្គ្រាមចិត្តសាស្ត្រដោយចំហតាមរយៈការផ្សាយព័ត៌មានមិនពិត និងញុះញង់ដើម្បីបង្កការឈឺចាប់ បំបាក់ទឹកចិត្ត ក្នុងគោលបំណងបំបែកសាមគ្គីភាពរវាងប្រជាពលរដ្ឋ កងទ័ព និងរាជរដ្ឋាភិបាល។ ទី៣៖ ការប្រើប្រាស់ខ្មែរមួយចំនួនដែលរស់នៅក្រៅប្រទេសនិងដែលគេស្គាល់យ៉ាងច្បាស់ថា ជាអ្នកប្រឆាំងផ្កាប់មុខ ប្រឆាំងមិនស្គាល់កាលៈទេសៈ និងហ៊ានប្រឆាំងទាំងប្រយោជន៍ជាតិខ្លួនឯង ដើម្បីជាឧបករណ៍បំពងសំឡេងសង្គ្រាមចិត្តសាស្ត្ររបស់ពួកគេ។

ប៉ុន្តែទោះបីជាគូជម្លោះរបស់កម្ពុជាធ្វើទង្វើបំបែកបំបាក់បែបនេះក្ដី អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាក៏កត់សម្គាល់ឃើញថា ប្រជាពលរដ្ឋខ្មែរដែលរស់នៅទាំងក្នុង និងក្រៅប្រទេស មិនត្រឹមតែមិនធ្លាក់ក្នុងអន្ទាក់របស់គេប៉ុណ្ណោះទេ តែពលរដ្ឋខ្មែរថែមទាំងបានរួមគ្នាវាយបកវិញយ៉ាងសកម្ម និងយ៉ាងសមស្របនិងទាន់ពេលវេលាដែលធ្វើឱ្យសង្គ្រាមចិត្តសាស្ត្រទាំងនោះសាបរលាបទៅវិញយ៉ាងឆាប់រហ័ស។

ទោះបីជាបច្ចុប្បន្ន អ្នកនាំពាក្យពាក្យរាជរដ្ឋាភិបាលកម្ពុជា កត់សម្គាល់ឃើញថា ពលរដ្ឋកម្ពុជាកំពុងដើរលើផ្លូវត្រូវ គឺការរួមគ្នាការពារជាតិ ក៏លោក នៅតែអំពាវនាវឱ្យជនរួមជាតិខ្មែរបន្តថែរក្សាកម្លាំងមហាសាមគ្គីជាតិនេះឱ្យបានស្ថិរស្ថេរជារៀងរហូត និងបន្តជឿជាក់លើរាជរដ្ឋាភិបាល លើកងទ័ពនិងកងកម្លាំងគ្រប់ប្រភេទ ជាពិសេសលើថ្នាក់ដឹកនាំដែលដឹងយ៉ាងច្បាស់ថា តើកាលៈទេសៈណាត្រូវប្រើវិធីសាស្ត្រអ្វី ដើម្បីការពារសុខសន្តិភាព និងបូរណភាពទឹកដី។

លោក ក៏បានរម្លឹកពលរដ្ឋដែលរស់នៅទាំងក្នុងប្រទេស និងក្រៅប្រទេសថា  គ្មានអ្វីអាចយកឈ្នះលើបញ្ញាញាណ និងកម្លាំងមហាសាមគ្គីជាតិខ្មែរបានឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម